មិនត្រឹមតែប៉ុណ្ណោះ ប្រទេសទាំងពីរបានផ្ដាច់ទំនាក់ទំនងការទូតជាមួយគ្នា ហើយថែមទាំងច្បាំងគ្នានៅតាមព្រំដែន ដោយសាររឿងប្រាសាទព្រះវិហារ ទៀតផង កាលពីឆ្នាំ២០០៨ កន្លងទៅនេះ។
ក៏ប៉ុន្តែ នៅដើមឆ្នាំថ្មីឆ្នាំ២០១៣ នេះ តំណាងការទូតនៃភាគីទាំងពីរបានជួបពិភាក្សាពង្រឹងទំនាក់ទំនងគ្នាឡើងវិញ និងបានសន្យាថានឹងបង្កើនទំហំពាណិជ្ជរវាងប្រទេសទាំងពីរឲ្យបានប្រសើរឡើងវិញដែរ។
ឯកអគ្គរាជទូតថ្មីនៃប្រទេសថៃ លោក ទូចឆៃយុទ្ធ ភក្ដី (Touchayoot Pakdi) បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៣ នៅក្រសួងការបរទេសកម្ពុជា។
ភាគីទាំងពីរបានឯកភាពគ្នាថា កម្ពុជា និងថៃ នឹងធ្វើការតាមដានលើការអនុវត្តជាក់ស្តែងតាមកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ថៃ (JC - Joint Commission) នៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះមានដូចជា ទី១ ការទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋខ្មែរចូលកាប់ឈើក្រញូងខុសច្បាប់នៅក្នុងទឹកដីថៃ និងហាមកុំឲ្យភាគីថៃ បាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ចូលក្នុងទឹកដីថៃ ខុសច្បាប់តទៅទៀត។
ទី២ ជំរុញឲ្យបើកច្រកព្រំដែនកម្ពុជា-ថៃ នៅច្រកស្ទឹងបទ ក្នុងខេត្តបន្ទាយមានជ័យ ឲ្យបានឆាប់ៗ សម្រាប់ការដឹកទំនិញ។ ទី៣ សាងសង់ផ្លូវ និងស្ពានទៅចក្រព្រំដែននៅស្ទឹងបទ នោះ។ ទី៤ ភាគីកម្ពុជា-ថៃ បានឯកភាពគ្នាបង្កើនទំហំពាណិជ្ជកម្មឲ្យកើនឡើងដល់ចំនួន ៣០% ទៀត នៅគ្រាដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនដល់ចំនួនជាង ២.៧០០លានដុល្លារអាមេរិក នៅឆ្នាំ២០១២ កន្លងទៅនេះ។ និងទី៥ ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃ មហាចក្រី សិរិន្ទថន (Maha Chakri Sirindhorn) បានសម្រេចបន្តជំនួយដល់កម្ពុជា ក្នុងវិស័យអប់រំចំពោះវិទ្យាល័យកំពង់ឈើទាល ក្នុងខេត្តកំពង់ធំ ដល់ឆ្នាំ២០១៦ និងផ្តល់ជំនួយដល់កម្មវិធីប្រឆាំងជំងឺគ្រុនចាញ់ នៅខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដល់ឆ្នាំ២០១៦។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ប្រាប់អ្នកកាសែតក្រោយពីជំនួបនោះថា ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំក្នុងវិស័យការទូត និងពាណិជ្ជកម្ម៖ «គឺថាឥឡូវនេះ ក្រោយពីកិច្ចប្រជុំ គឺភាគីទាំងពីរត្រូវតែធ្វើការតាមដាននូវកំណត់ហេតុនៃកិច្ចពិភាក្សាដែលកិច្ចប្រជុំ (IC) នោះ បានសម្រេចកន្លងមកនោះ។ ឯកឧត្តមបានបញ្ជាក់ថា អ្វីដែលយើងត្រូវតែតាមដានធ្វើឲ្យជឿនលឿននូវលទ្ធផលនៃកិច្ចប្រជុំនោះ»។
ចំណែកឯអគ្គរាជទូតថៃថ្មី លោក ទូចឆៃយុទ្ធ ភក្ដី បានមានប្រសាសន៍ប្រាប់អ្នកកាសែតជាភាសាអង់គ្លេសថា ភាគីទាំងពីរបានឯកភាពគ្នាបន្តការតាមដានលើការអនុវត្តជាក់ស្តែងនោះ តាមកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ថៃ ថ្មីៗកន្លងមក៖ «យើងជាប្រទេសជិតខាងគ្នា ហើយត្រូវតែរស់នៅជាមួយគ្នាដោយសន្តិភាពរវាងប្រទេសទាំងពីរ។ នេះហើយគឺជាចេតនារបស់ខ្ញុំ ដើម្បីពង្រឹងទំនាក់ទំនងល្អរវាងកម្ពុជា និងថៃ។ ប្រទេសយើងទាំងពីរមានវប្បធម៌ និងការរស់នៅស្រដៀងគ្នា ហើយយើងរស់នៅជិតខាងគ្នាទៀត»។
អ្នកវិភាគឯករាជ លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា កម្ពុជា គប្បីប្រុងប្រយ័ត្នជាមួយកាយវិការទន់ភ្លន់របស់ថៃ៖ «យើងត្រូវដោះស្រាយអំពីបញ្ហាដែលថៃ មានវត្តមានកងទ័ពនៅលើទឹកដីកម្ពុជា ហើយដោះស្រាយអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ សិន មុននឹងបើកច្រកណាមួយជៀសវាងការប្រើប្រាស់នូវអំណោយ ដើម្បីលុបបំបាត់នូវភាពឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា។ ចំណុចទី២ ចង់ឲ្យប្រទេសថៃ គោរពច្បាប់អន្តរជាតិ»។
ឯកអគ្គរាជទូតថៃថ្មី លោក ទូចឆៃយុទ្ធ ភក្ដី ដែលមកជួបលោក ហោ ណាំងហុង នោះ គឺជាពិធីការទូត ដើម្បីបង្ហាញខ្លួនជាផ្លូវការមកជំនួសឯកអគ្គរាជទូតថៃចាស់ លោក សំពង សាងងួនប៊ុន (Sampong Sangguonbun) ដែលត្រូវចប់អាណត្តិនៅឆ្នាំ២០១២ កន្លងមកទៅនេះនៅប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
