ក្នុងកិច្ចប្រជុំលើកទី១នៃគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រីខ្មែរមានប្រសាសន៍ថា យើងត្រូវតែដឹងពីប្រភពថវិកាដែលផ្តល់ឲ្យក្រុមទាំងនោះធ្វើសកម្មភាព ហើយយើងបារម្ភខ្លាចក្រែងមានថវិកាដែលផ្តល់ឲ្យដោយក្រុមភេរវករ។
លោកថា ក្រុមភេរវករអាចប្រើប្រាស់រូបភាពជាអង្គការក្រៅរដ្ឋាភិបាល ឬក៏ជាសមាគមផ្សេងៗ ជាខែលលាក់បាំងសកម្មភាពរបស់ខ្លួន។
លោកបន្តទៀតថា នឹងត្រូវមានផងដែរនូវការពិគ្រោះសេចក្តីព្រាងច្បាប់នោះ ជាមួយអង្គការដែលពាក់ព័ន្ធ មុននឹងបញ្ជូនទៅរដ្ឋសភាដើម្បីអនុម័ត។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ទើបបានរាយការណ៍កាលពីចុងសប្តាហ៍នេះ ដោយស្រង់ប្រសាសន៍លោក ហ៊ុន សែន ដែលថា ប្រទេសកម្ពុជាគឺជាឋានសួគ៌សម្រាប់អង្គការក្រៅរដ្ឋាភិបាលនិងសមាគមមួយចំនួន៕
