ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ខ្យល់​ព្យុះ​«មេខាឡា»

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បាន​ប្រកាស​ថា ប្រទេស​កម្ពុជា​នឹង​ជួប​ប្រទះ​នូវ​ជំនន់​ទឹក​ភ្លៀង​និង​ទឹក​ជំនន់​តាម​ដង​ទន្លេ​មេគង្គ​ដោយសារ​តែ​ឥទ្ធិពល​ខ្យល់​ព្យុះ មេខាឡា (MEKKHALA) នា​សប្ដាហ៍​នេះ។

0:00 / 0:00

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​នា​ថ្ងៃ​នេះ របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​រដ្ឋមន្រ្តី លឹម គានហោ បាន​បញ្ជាក់​ថា ការតាមដាន​អាកាសធាតុ​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០០៨ មាន​ព្យុះ​ទី​១៦ ឈ្មោះ មេខាឡា (MEKKHALA) បាន​និង​កំពុង​មាន​ឥទ្ធិពល​លើ​តំបន់​អាង​ទន្លេ​មេគង្គ​ភាគ​ខាង​លើ។ លក្ខណៈ​បែប​នេះ​បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា នៅ​ប្រទេស​ថៃ​និង​ប្រទេស​លាវ ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០០៨ ហើយ​ព្យុះ​នេះ ក៏​នឹង​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា​ផង​ដែរ ដែល​បណ្តាល​ឲ្យ​មាន​ភ្លៀង​ផ្គរ​ពី​មធ្យម​ទៅ​ច្រើន​នៅ​ទូទាំង​ប្រទេស ជាពិសេស​នៅ​តំបន់​ខ្ពង់រាប​និង​តំបន់​វាល​ទំនាប​ភាគ​ពាយ័ព្យ។

យោង​តាម​សេចក្តី​ជូនដំណឹង​នោះ​ដែរ ក៏​បាន​ប្រកាស​ដល់​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន ដូចជា​តំបន់​ខ្ពង់​រាប មាន​ខេត្ត​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ និង​ឧត្តរ​មានជ័យ និង​ខេត្ត​នានា​នៅ​តំបន់​ភាគ​ពាយ័ព្យ រួមមាន​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​កំពង់ធំ ចំពោះ​ជំនន់​ទឹក​ភ្លៀង ហើយ ​នៅ​បណ្តា​ខេត្ត​តាម​ដង​ទន្លេ​មេគង្គ មាន​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ផង​ដែរ​ចំពោះ​ទឹក​ជំនន់​ទន្លេ​មេគង្គ។

នៅ​ថ្ងៃ​នេះមិន​អាច​ទាក់​ទង​លោក លឹម គានហោ និង​មន្រ្តី​នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ដើម្បី​បញ្ជាក់​ច្បាស់​លាស់​អំពី​ឧបទ្វវហេតុ​ហេតុនោះ​អាច​នឹង​កើត​ឡើង​នា​ពេល​ណា​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ញឹម វណ្ណដា អនុប្រធាន​ទី​មួយ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​ថា ផ្នែក​របស់​លោក​បាន​ត្រៀម​រួចស្រេច​បាច់​ហើយ​ក្នុង​ការ​ជួយ​សង្គ្រោះ បើ​មាន​បញ្ហា​កើត​ឡើង ៖ «ត្រៀម​រួច​ហើយ​ពី​មធ្យោបាយ សម្ភារៈ ហើយ​និង​ធនធាន​មនុស្ស​ហ្នឹង នៅ​ខាង​កងទ័ព​ក្ដី នៅ​ខាង​នគរបាល​ក្ដី អាជ្ញាធរ​ក្ដី យើង​បាន​ត្រៀម​រួច​ស្រេច​ហើយ។ ហើយ​មាន​ទឹក​ជំនន់​មក យើង​ប្រតិបត្តិការ​ភ្លាម សំខាន់​នៅ​តាម​ខេត្ត​ដង​ទន្លេ​មេគង្គ​និង​ខេត្ត​ជុំវិញ​ទន្លេសាប»

លោក ញឹម វណ្ណដា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា រហូត​មក​ទល់​ពេល​នេះ ប្រទេស​កម្ពុជា​មិនទាន់​បាន​ជួប​បញ្ហា​គ្រោះ​ធម្មជាតិ​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ ទោះ​បី​ជា​មាន​ការជន់​លិច​ផល​ដំណាំ​ខ្លះៗនា​ពេល​ថ្មីៗ​នេះ តាម​បណ្តា​ខេត្ត​ខ្លះ ប៉ុន្តែ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ឡើយ ហើយ​បញ្ហា​នៃ​ភាព​រាំង​ស្ងួត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​ពេល​កន្លង​ទៅ​នេះ បាន​កន្លង​ផុត​ទៅ​ហើយ​ដែរ ហើយ​បាន​ទទួល​ទឹក​ភ្លៀង​គ្រប់គ្រាន់​ជា​ទូទៅ៕