កម្ពុជា​គ្រោង​បញ្ជូន​ទាហាន​ទៅ​ជួយ​កម្លាំង​រក្សា​សន្តិភាព​អ.ស.ប.​នៅ​អាហ្រ្វិក

កម្ពុជា​បាន​សម្រេច​បញ្ជូន​ទ័ព​ទៅ​ជួយ​កង​កម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប.) នៅ​ប្រទេស​អាហ្វ្រិក​ពីរ​ទៀត គឺ​ប្រទេស​ឆាដ​និង​អាហ្វ្រិក​កណ្តាល។

នេះ​បើ​តាម​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកល​វិទ្យាល័យ​អន្តរជាតិ​ដែល​ប្រារព្ធ​ធ្វើ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ព្រឹក​មិញ​នេះ ៖ «ខ្ញុំ​ទើប​បាន​សម្រេច​ចិត្ត​ពី​អាទិត្យ​មុន​នេះ បញ្ជូន​កង​ទ័ព​ទៅ​ប្រទេស​ឆាដ និង​ទៅ​ប្រទេស​អាហ្វ្រិក​កណ្ដាល ទើប​នឹង​សម្រេច​បញ្ជូន​កង​ទ័ព​ទៅ​ពីរ​ប្រទេស​ទៀត។ ឥឡូវ​កង​ទ័ព​យើង​នៅ​ប្រទេស​ស៊ូដង់​ហើយ យើង​បញ្ជូន​ទៅ​ប្រទេស​ឆាដ​និង​អាហ្រ្វិក​កណ្ដាល​ទៀត​តាម​សំណូមពរ​របស់​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​និង​អគ្គលេខាធិការ​ហ្រ្វង់កូ​ហ្វូនី គឺ​អគ្គលេខាធិការ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង»

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ពុំ​បាន​បញ្ជាក់​ផង​ទេ អំពី​ចំនួន​ទ័ព​ដែល​នឹង​បញ្ជូន​ទៅ​នោះ និង​ក៏​ពុំ​បាន​ប្រាប់​ផង​ដែរ ថា​នឹង​បញ្ជូន​ទៅ​ពេល​ណា។

កាល​ពី​ខែ​មេសា ឆ្នាំ​២០០៦ កម្ពុជា​បាន​បញ្ជូន​យោធា​១៣៥​នាក់​ទៅ​ជួយ​កង​កម្លាំង​រក្សា​សន្តិភាព​អ.ស.ប.​ធ្វើការ​ដោះ​មីន​នៅ​ប្រទេស​ស៊ូដង់៕