របាយការណ៍ក្នុងពេលថ្មីៗ នេះ បានឱ្យដឹងថា សន្ទុះនៃការនាំអង្ករចេញទៅបរទេសនៅដើមឆ្នាំ ២០១១ បានកើនឡើងជាងឆ្នាំ ២០១០ គួរឱ្យមានមោទនភាព។
ការអនុគ្រោះពន្ធនាំអង្ករពីប្រទេសកម្ពុជាចូលទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប (Europe) បានធ្វើឲ្យការនាំអង្ករចេញនៃប្រទេសកម្ពុជា បានហក់ឡើងខ្ពស់ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
ប្រធាននាយកដ្ឋានស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មកម្ពុជា លោក គង់ ពុទ្ធារ៉ា មានប្រសាសន៍នៅថ្ងៃទី៣០ ខែឧសភាថា ការមិនយកពន្ធនាំចូលអង្ករពីប្រទេសកម្ពុជា ដោយសហគមន៍អឺរ៉ុប ចូលទៅលក់នៅទីផ្សារអឺរ៉ុប បានធ្វើឲ្យប្រទេសកម្ពុជាមានឱកាសផ្សព្វផ្សាយពាណិជ្ជកម្មអំពីផលិតផលអង្ករខ្មែរ នៅលើទីផ្សារពិភពលោក ដែលជាហេតុធ្វើឲ្យប្រទេសផ្សេងៗ ទៀត ចាប់អារម្មណ៍ទិញអង្ករខ្មែរកាន់តែច្រើនឡើង។ ក្នុងនោះ ក៏មានប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី និងប្រទេសជាសមាជិកសមាគមអាស៊ាន (Asian) ផងដែរ។
លោក គង់ ពុទ្ធារ៉ា ៖ «ជាលក្ខណៈមួយដែលជំរុញឲ្យអង្ករខ្មែរយើងមានការនាំចេញទៅលើទីផ្សារអឺរ៉ុបច្រើន និងមានដៃគូជាច្រើនទៀត ដែលគេចាប់អារម្មណ៍អង្កររបស់យើង ដូចជា ហ្វីលីពីន (Philippines) ម៉ាឡេស៊ី (Malaysia) និងចិន (China) ជាដើម។ ទៅថ្ងៃក្រោយទៅអង្កររបស់យើងរឹតតែល្បីល្បាញ»។
របាយការណ៍របស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ-អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា កាំកុងត្រូល (Cam control) នៃក្រសួងពាណិជ្ជកម្ម ដែលវិទ្យុអាស៊ីសេរីទទួលបាន បង្ហាញតួលេខថា កម្ពុជាបាននាំអង្ករចេញទៅទីផ្សារអឺរ៉ុប និងមួយចំនួនទៀតទៅទីផ្សារអាស៊ីកើនឡើងដល់ទៅជាង ៤ ម៉ឺនតោន (៤២,៦៦៩តោន) ក្នុងរយៈពេលបួនខែដំបូង ដើមឆ្នាំ ២០១១។ ចំនួននេះ គឺបានកើនឡើងខ្ពស់បំផុត បើប្រៀបធៀបនឹងតួលេខនាំអង្ករចេញ កាលពីឆ្នាំទៅមិញ ដែលមានប្រហែល ៥ ម៉ឺនតោន ក្នុងរយៈពេលនាំចេញមួយឆ្នាំពេញក្នុងឆ្នាំ២០១០។ ក្នុងនោះមានក្រុមហ៊ុននាំអង្ករចេញជិត៤០ក្រុមហ៊ុន បាននាំអង្ករចេញទៅលក់ប្រទេសជាង២០ ក្នុងទ្វីបអឺរ៉ុបនិងអាមេរិក និងប្រទេសក្នុងតំបន់អាស៊ីមួយចំនួន ដែលមានតម្លៃទឹកប្រាក់ ថ្លៃដើមចំនួនជាង ២៤ លានដុល្លារ (២៤, ៤៣៧, ៩៥៩ ដុល្លារ)។
ដោយសារតែមិនមានលទ្ធភាពផលិតអង្ករនាំចេញទៅលក់នៅទីផ្សារបរទេស ប្រទេសកម្ពុជាកន្លងមកបានលក់ស្រូវចេញឲ្យប្រទេសជិតខាង ដូចជា ប្រទេសថៃ និងវៀតណាម ដែលជាប្រទេសនាំអង្ករចេញនាំមុខគេនៅក្នុងតំបន់ទៅលក់នៅទីផ្សារពិភពលោក ធ្វើឲ្យប្រទេសកម្ពុជាខាតបង់ប្រាក់ចំណូលយ៉ាងច្រើន។
កាលពីខែវិច្ឆិកាឆ្នាំ ២០០៩ សហគមន៍អឺរ៉ុបបានលុបពន្ធនាំចូលអង្ករពីប្រទេសកម្ពុជាទាំងស្រុង។ ការលើកលែងពន្ធនេះធ្វើឡើងចំពោះប្រទេសក្រីក្រ មានជាអាទិ មានប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសឡាវ ភូមាជាដើម ក្នុងបំណងលើកស្ទួយសេដ្ឋកិច្ចនិងកាត់បន្ថយប្រាក់ចំណាយ បង្កើនប្រាក់ចំណូលដល់ប្រទេសក្រីក្រ ក្នុងទិសដៅជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៃប្រទេសទាំងនោះ ឲ្យមានជីវភាពប្រសើរឡើង។
ការអនុគ្រោះពន្ធនាំអង្ករចូលទៅទីផ្សារអឺរ៉ុបនេះ បានលើកទឹកចិត្តឲ្យសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា បង្កើនសមត្ថភាពផលិតរបស់ខ្លួនកាន់តែខ្លាំងឡើង។
ប្រធានក្រុមហ៊ុន បៃតងកម្ពុជាឧកញ៉ា ភូ ពុយ ដែលជាក្រុមហ៊ុនមួយ បាននាំអង្ករចេញបានប្រហែល១៥០០ តោន នៅឆ្នាំ ២០១១ នេះ ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននាំចេញដទៃទៀត មានប្រសាសន៍ថា ដោយកម្ពុជាមានទីផ្សាររឹងមាំដូច្នេះ សហគ្រាសរោងម៉ាស៊ីនស្រូវតូចធំ បានប្រឹងប្រែងជំរុញការផលិត ដល់កសិករតាមមូលដ្ឋានឲ្យបង្កើនការផលិតច្រើនដងក្នុងមួយឆ្នាំ បង្រៀនកសិករឲ្យចេះរើសពូជល្អត្រូវទីផ្សារ បានទិន្នផលខ្ពស់។ ចំណែកសហគ្រាសរោងម៉ាស៊ីនកិនស្រូវវិញ ក៏ខំអភិវឌ្ឍន៍ខ្លួន បង្កើនការកែច្នៃផលិតផលឲ្យមានគុណភាពល្អ ស្របទៅតាមនិយាមអន្តរជាតិដែលទីផ្សារត្រូវការ។
ឧកញ៉ា ភូ ពុយ ៖ «កន្លងមកក្រុមហ៊ុនវិនិយោគសម្រាប់រៀបចំម៉ាស៊ីនទំនើបនៅក្នុងប្រទេសកម្ពុជានេះ រយៈពេលបីឆ្នាំកន្លងមកនេះ បានន័យថា មានការកើនឡើង។ រីកចម្រើន។ មួយចំនួនទៀតម៉ាស៊ីនចាស់ៗ ដែលគាត់ធ្លាប់កិនបម្រើឲ្យក្នុងស្រុក ដែលភាគច្រើន ៩០%នោះ ឥឡូវនេះគាត់បានបន្ថែមគ្រឿង គ្រឿងឧទាហរណ៍ថា ដូចជាគាត់ខ្វះខាតគ្រឿងរើសពណ៌ គ្រឿងប៉ូលៀ គ្រឿងវេចខ្ចប់ ឥឡូវនេះគាត់បន្ថែមនៅក្នុងម៉ាស៊ីនចាស់របស់គាត់ អញ្ចឹងគាត់ក៏អាចឈានទៅរកការនាំចេញបានដែរ ប៉ុន្តែគ្រាន់តែស្ថិតក្នុងកម្រិតមួយតូចមិនទាន់បានធំ»។
រដ្ឋាភិបាលកម្ពុជាបានកំណត់ផែនការនាំអង្ករចេញឲ្យបាន ១ លានតោន នៅឆ្នាំ ២០១៥។ នៅក្នុងផែនការនាំអង្ករចេញរយៈពេលវែង ៥ ឆ្នាំនេះ រដ្ឋាភិបាលក៏មានផែនការនាំចេញប្រចាំឆ្នាំដែរ។ ជាអាទិនៅឆ្នាំ ២០១១ នេះ បានកំណត់នាំអង្ករចេញឲ្យបាន ២ សែនតោន ហើយនៅ ៤ ខែដើមឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករបាន ៥ ម៉ឺនតោនហើយ។ នៅសល់ ១៥ ម៉ឺនតោនទៀតទើបគ្រប់ផែនការឆ្នាំ២០១១។
ចំពោះផែនការនេះ មានដំណាងក្រុមហ៊ុនមួយចំនួន សម្ដែងការព្រួយបារម្ភខ្លាចរដ្ឋាភិបាលមិនអាចសម្រេចផែនការនេះបាន ដោយបានចង្អុលបង្ហាញអំពីអវិជ្ជមានមួយចំនួន ដូចជា បញ្ហាដឹកជញ្ជូននៅមានកម្រិតទាប បញ្ហាតម្លៃដែលកម្ពុជាលក់ថ្លៃខ្ពស់ជាងប្រទេសជិតខាង ខណៈដែលគុណភាពអង្ករខ្មែរក៏នៅទាប ប្រៀបធៀបទៅនឹងដៃគូប្រកួតប្រជែង។
ក៏ប៉ុន្តែ ចំពោះលោកឧកញ៉ា គិម សាវុធ ប្រធានក្រុមហ៊ុនខ្មែរហ៊្វូដ (Khmer Food) ដែលជាក្រុមហ៊ុននាំចេញអង្ករមួយ ក្នុងចំណោមក្រុមហ៊ុនជិត ៤០ ទៀត មានប្រសាសន៍ថា កម្ពុជាអាចសម្រេចផែនការនេះបានដោយងាយ ព្រោះកម្ពុជាបច្ចុប្បន្ន ផលិតស្រូវសល់ច្រើនពីការប្រើប្រាស់ ហើយកម្ពុជាក៏មានសមត្ថភាពផលិតអង្ករនាំចេញមានគុណភាពល្អដែរ។
ឧកញ៉ា គិម សាវុធ ៖ «ក្នុងនោះក្រុមហ៊ុនខ្មែរហ៊្វូដខ្ញុំ ខ្ញុំថា ខ្ញុំនឹងកំណត់ទិសដៅឲ្យបាន ២ ម៉ឺនតោន យើងយក ១០%។ ត្រឹមត្រីមាសមួយក្រុមហ៊ុនខ្ញុំនាំចេញបាន ៤៧០០ តោន។ ហើយបើគិតដល់ត្រឹមខែទី ៤ បានសម្រេចបាន ៦៦០០ តោន។ ខ្ញុំគិតថា ក្រុមហ៊ុនខ្ញុំអាចសម្រេចបាន ២ ម៉ឺនតោន»។
ទោះជាយ៉ាងណាក្ដី ក្រុមមន្ត្រីរដ្ឋាភិបាល និងតំណាងក្រុមហ៊ុនមួយចំនួន បានរៀបចំផែនការនាំអង្ករចេញបន្ថែមដើម្បីឲ្យគ្រប់ផែនការរយៈពេលនៅសល់ចាប់ពីពេលនេះរហូតដល់ដាច់ឆ្នាំ ២០១១។
កាលខែវិច្ឆិកា ឆ្នាំ ២០១០ កន្លងទៅ តំណាងរោងម៉ាស៊ីនកិនស្រូវ ៩ រូប និងតំណាងក្រុមហ៊ុនឯកជនពីររូប រួមទាំងតំណាងមន្ត្រីរដ្ឋាភិបាលមកពីក្រសួងពាណិជ្ជកម្ម ៤ រូប បានធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់ (Germany) បារាំង (France) ហុល្លង់ (Netherlands) និងប៉ូឡូញ (Poland) ដើម្បីស្វែងរកទីផ្សារលក់អង្ករបន្ថែម។ នៅក្នុងទស្សនកិច្ចរយៈពេលខ្លីនោះ ក្រុមមន្ត្រីនិងអ្នកជំនួញខ្មែរបានជួបចរចាជាមួយមន្ត្រី និងអ្នកជំនួញអឺរ៉ុប ហើយពួកគេបានចាប់អារម្មណ៍លើអង្ករខ្មែរ ដែលក្រុមមន្ត្រីខ្មែររំពឹងថា ឆ្នាំ ២០១១ នេះ កម្ពុជាអាចសម្រេចផែនការណ៍នាំអង្ករចេញបានចំនួន ២ សែនតោន តាមផែនការណ៍ដោយជោគជ័យ៕