កិច្ចប្រជុំទ្វេភាគីរវាងមន្ត្រីប្រឆាំងគ្រឿងញៀនកម្ពុជា និងចិន នៅពេលនេះ គឺដើម្បីពិនិត្យមើលឡើងវិញលើដំណើរប្រឆាំងគ្រឿងញៀនកន្លងមក ក្រោយពីភាគីទាំងពីរបានចុះហត្ថលេខាលើអនុសារណៈទ្វេភាគីមួយ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០៨ កន្លងទៅ ផ្ដោតលើការប្រឆាំងគ្រឿងញៀននៅកម្ពុជា។
អគ្គលេខាធិការអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនកម្ពុជា លោកឧត្តមសេនីយ៍ឯក យូ ស៊ុនឡុង បានមានប្រសាសន៍ក្នុងកិច្ចប្រជុំទ្វេភាគីនោះថា ភាគីអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនកម្ពុជា កំពុងតែពិនិត្យឡើងវិញអំពីការអនុវត្តឲ្យបានពេញលេញ ក្នុងការអនុវត្តតាមអនុសារណៈកន្លងមក៖ «វាយតម្លៃខ្ពស់ចំពោះភាគី ចិន ដែលបានបន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវកិច្ចសហប្រតិបត្តិការ និងការជ្រោមជ្រែងដល់ភាគីកម្ពុជា ដូចជាការលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តន៍ច្បាប់ តាមរយៈការផ្តល់ជាវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់ និងការជួយលើកកម្ពស់ប្រសិទ្ធភាពការងារតាមរយៈការផ្តល់សម្ភារៈ បរិក្ខារ ដែលបានធ្វើឡើងតាមរយៈការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្ម»។
ជាមួយគ្នានេះ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិប្រឆាំងគ្រឿងញៀននៃប្រទេសចិន លោក ឈិន ហ្ស៊ីហ្វូ (Chen Xufu) បានមានប្រសាសន៍ជាភាសាចិន ហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា ក្រៅពីការប្រឆាំងគ្រឿងញៀន កម្ពុជា និងចិន បានសហការគ្នាក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ជាដើម៖ «ភាគីពិនិត្យលទ្ធភាព ហើយនិងគាំទ្រផ្តល់ជំនួយដល់ភាគីអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនកម្ពុជា បន្តទៀត»។
ប្រធានសមាគមសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀនកម្ពុជា លោក មាស សុវណ្ណ បានមានប្រសាសន៍ថា លោករីករាយ និងសាទរចំពោះការបង្ក្រាបគ្រឿងញៀនកន្លងមកនេះ គឺចំគោលដៅសំខាន់ៗច្រើនជាងមុន៖ «គោលដៅប្រើប្រាស់ផង គោលដៅចែកចាយផង។ បាទលើកមុន អត់មានអ្នកណាចាប់ ឥឡូវឃើញចាប់ ដូចជាផ្ទះសំណាក់ អូតែល វីឡាអី មិនដែលមានអ្នកណាហ៊ានធ្វើអី ឥឡូវឃើញធ្វើ»។
របាយការណ៍ជាផ្លូវការរបស់អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែឆ្នាំ២០១២ កន្លងមកនេះ នគរបាលប្រឆាំងគ្រឿងញៀនបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួនជិត ៦០០ករណី និងបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួនជាង ១.៣០០នាក់ ក្នុងនោះមានជនជាតិខ្មែរ វៀតណាម ឡាវ ថៃ ចិនដីគោក ចិនតៃវ៉ាន់ និងជនជាតិផ្សេងៗមួយចំនួនទៀត។
គ្រឿងញៀនដែលនគរបាលបានរឹបអូសបាន មានដូចជា មេតំហ្វេតាមីនប្រភេទWY ចំនួនជាង ៥.៣០០គ្រាប់ និងជាង ៤គីឡូក្រាម។ មេតំហ្វេតាមីនប្រភេទទឹកកក ចំនួនជាង ១៩គីឡូក្រាម អ៊ិចស្តាស៊ីចំនួនជាង ១.៣០០គ្រាប់ កូកាអ៊ីនចំនួនជាង ៤០គីឡូក្រាម និងប្រេងម្រះព្រៅភ្នំចំនួនជាង ៨តោន ព្រមទាំងសារធាតុគីមីផ្សំគ្រឿងញៀនចំនួនជាង ៥៣តោនទៀត។
របាយការណ៍នោះបានបន្តទៀតថា រយៈពេល ១ឆ្នាំកន្លងមកនេះ ជាពិសេសក្នុងរយៈពេលត្រីមាសទី៣ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនអន្តរជាតិ បានដឹកជញ្ជូនគ្រឿងញៀនមេតំហ្វេតាមីនទឹកកក ពីតំបន់អឺរ៉ុប និងដឹកជញ្ជូនគ្រឿងញៀនកូកាអ៊ីន ពីតំបន់អាមេរិកខាងត្បូង ចូលកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាប។
ប្រភេទគ្រឿងញៀនដែលកំពុងតែពេញនិយមនៅកម្ពុជា មានដូចជា មេតំហ្វេតាមីនទឹកកក និងមេតំហ្វេតាមីនWY គឺពេញនិយមក្នុងចំណោមយុវជនអាយុ ១៨ឆ្នាំ ដល់ ២៥ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
