ឆ្នេរ​សមុទ្ទ​កម្ពុជា​ឋិត​ក្នុង​ឆ្នេរ​ល្អ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក

ឆ្នេរ​សមុទ្ទ​កម្ពុជា​ប្រវែង ៤៥០ គីឡូ​ម៉ែត្រ លាត​សន្ធឹង​តាម​ខេត្ត​ចំនួន ៤ គឺ​មាន​កោះកុង ខេត្ត​ព្រះសីហនុ កំពត និង​ខេត្ត​កែប ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ និង​ដាក់​បញ្ចូល​ក្នុង​ក្លឹប​ឆ្នេរ​សមុទ្ទ​ល្អ​ជាង​គេ​បំផុត ក្នុង​ពិភព​លោក ដែល​ក្លឹប​នេះ​បច្ចុប្បន្ន មាន​សមាជិក​ទាំង​អស់​ចំនួន ២៧ ប្រទេស។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ថ្លែង​ថា ការ​ទទួល​ស្គាល់​ឆ្នេរ​សមុទ្ទ​កម្ពុជា ជា​ឆ្នេរ​សមុទ្ទ​ល្អ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​នេះ នឹង​ជំរុញ​ឲ្យ​មាន​ចំនួន​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​ឡើងៗ មក​ទស្សនា​ប្រទេស​កម្ពុជា។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ថោង ខុន មាន​ប្រសាសន៍​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​អង្គារ​ទី ៣១ ឧសភា​នេះ​ថា ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​របស់​ឆ្នេរ​សមុទ្ទ​កម្ពុជា គឺ​អាស្រ័យ​ទៅ​លើ​កត្តា​រួម​ផ្សំ​ជា​ច្រើន ក្នុង​នោះ​មាន​គុណភាព​ខ្សាច់ ធនធាន​មច្ឆា ផ្កា​ថ្ម​នៅ​ក្នុង​ទឹក និង​បរិស្ថាន​នៅ​ជុំវិញ ដែល​មាន​ទេសភាព​ល្អ​ត្រកាល។

លោក ថោង ខុន ៖ «ឆ្នេរ​របស់​យើង​ល្អ អ្នក​ណា​ឃើញ​ក៏​សរសើរ ទឹក​ថ្លា​ល្អ ឆ្នេរ​ខ្សាច់ និង​កោះ​ក៏​ស្អាត និយាយ​រួម គឺ​យើង​មាន​អ្វីៗ ល្អ​ទាំង​អស់។ យើង​បាន​ការពារ​បាន​ល្អ បាន​ហ្មត់​ចត់ យើង​ធ្វើ​ការ​រួម​គ្នា​ជា​មួយ​ក្រសួង​ពាក់ព័ន្ធ​បរិស្ថាន ក្រសួង​កសិកម្ម​អាជ្ញាធរ​ដែន​ដី នៅ​ក្នុង​កម្រិត​មួយ ដែល​គេ​មើល​ឃើញ និង​ទទួល​ស្គាល់​ថា បាន​រួម​គ្នា​ធ្វើ​ការ​បាន​ល្អ»។

កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១០ ក្រសួង​ទេសចរណ៍ ដោយ​មាន​សហការ​រួម​ពី​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន បាន​ធ្វើ​សំណុំ​បែបបទ​សុំ​ដាក់​បញ្ចូល​ឆ្នេរ​សមុទ្ទ​កម្ពុជា ដែល​មាន​ប្រវែង ៤៥០ គីឡូ​ម៉ែត្រ លាត​សន្ធឹង​តាម​ខេត្ត​ចំនួន ៤ មាន​កោះកុង ខេត្ត​ព្រះសីហនុ កំពត និង​ខេត្ត​កែប ដើម្បី​ចូល​ជា​សមាជិក​ក្នុង​ក្លឹប​ឆ្នេរ សមុទ្ទ​ល្អ​ជាង គេ​បំផុត​ក្នុង​ពិភព​លោក «ការ​ពិសោធន៍​ប្រទេស​នីមួយៗ កាល​ណា​គេ​ទទួល​ស្គាល់​ហើយ ក្លឹប​គេ​ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​ថែម​ទៀត។ គេ​មិន​ត្រឹមតែ​ចែក​រំលែក និង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ ដើម្បី​គ្រប់គ្រង រក្សា​ឆ្នេរ​ឲ្យ​បាន​ល្អ ហើយ​ម្យ៉ាង​គេ​មាន​ឡូហ្គោ (រូប​សញ្ញា) របស់​គេ។ កាល​ណា​យើង​ជា​សមាជិក​អញ្ចឹង គេ​អត់​សង្ស័យ​ទេ​ក្នុង​ការ​មក​លេង។ មាន​ប្រយោជន៍​ល្អ​ណាស់ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ»។

ក្លឹប​ឆ្នេរ​សមុទ្ទ​ល្អ​បំផុត​ក្នុង​ពិភព​លោក​នេះ បាន​បង្កើត​ឡើង​ដំបូង កាល​ពី​ខែ​មីនា ឆ្នាំ ១៩៩៧ នៅ​ក្រុង​ប៊ែរឡាំង (Berlin) ប្រទេស​អាល្លឺម៉ង់ ហើយ​បច្ចុប្បន្ន​នេះ បាន​ទទួល​ស្គាល់​ឆ្នេរ​សមុទ្ទ​ចំនួន ៣៣ កន្លែង នៅ​ក្នុង​ប្រទេស ដែល​ជា​សមាជិក​ចំនួន ២៧ ប្រទេស។ នៅ​ចំនួន ២៧ ប្រទេស​នោះ គឺ​រាប់​បញ្ចូល​ទាំង​ប្រទេស​កម្ពុជា ដែល​ទើប​បាន​ចូល​ជា​សមាជិក​ថ្មីៗ នេះ​ផង​ដែរ។

ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​នេះ លោក ហូ វ៉ាន់ឌី សហប្រធាន​ក្រុម​ការងារ​ទេសចរណ៍​វិស័យ​ឯកជន និង​ជា​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សមាគម​ទេសចរណ៍ មាន​ប្រសាសន៍​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​តំបន់​ទេសចរណ៍​ល្អៗ ជា​ច្រើន ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស។

លោក ហូ វ៉ាន់ឌី ៖ «ទី​១ ពាក់ព័ន្ធ​វប្បធម៌ ទី​២ គឺ​ធម្មជាតិ។ ភ្ញៀវ​ទេសចរ​បរទេស ដែល​មក​លេង​កម្ពុជា ចង់​ទៅ​លេង​ខាន​មិន​បាន​នោះ គឺ​ប្រាង្គ​ប្រាសាទ នៅ​ខេត្ត​សៀមរាប ហើយ​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​កម្ពុជា មាន​ទិសដៅ​ផ្សព្វផ្សាយ និង​ទាក់ទាញ ៤ ចំណុច ទី​១ រាជ​ធានី​ភ្នំពេញ ទី​២ តំបន់​អង្គរ ទី​៣ គឺ​តំបន់​ឆ្នេរ និង​ទី​៤ គឺ​នៅ​តំបន់ ឦសាន​ប្រទេស»។

លោក ហូ វ៉ាន់ឌី ថ្លែង​បន្ត​ថា ប្រការ​ដែល​ឆ្នេរ​សមុទ្ទ​កម្ពុជា ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​ឆ្នេរ​សមុទ្ទ​ល្អ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក គឺ​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ជា​ពិសេស គឺ​អាច​ជួយ​លើក​ស្ទួយ​ជីវភាព​រស់ នៅ​របស់​ប្រជា​ពលរដ្ឋ នៅ​តំបន់​ទាំង​នោះ​ផង​ដែរ៖ «កម្ពុជា​នឹង​មាន​ឱកាស​ច្រើន ដូច​ជា​ផ្នែក​អាកាសចរណ៍ ក៏​បាន​កម្រៃ​ច្រើន។ មាន​ការ​កើន​នូវ​អ្នក​វិនិយោគ​ទុន​ផ្នែក​សណ្ឋាគារ ផ្នែក​ដឹក​ជញ្ជូន អាហារដ្ឋាន ភោជនីយដ្ឋាន​ហើយ ប្រជាពលរដ្ឋ នៅ​តំបន់​ឆ្នេរ​សមុទ្ទ​នោះ ក៏​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជួយ​ក្នុង​ជីវភាព​គ្រួសារ ហើយ​រដ្ឋាភិបាល​ក៏​បាន​ប្រយោជន៍​ច្រើន​ណាស់»។

វិស័យ​ទេសចរណ៍ គឺ​ជា​វិស័យ​មួយ​ក្នុង​ចំណោម វិស័យ​ធំៗ បួន ដែល​ទ្រទ្រង់ សេដ្ឋកិច្ច​កម្ពុជា ក្នុង​នោះ​មាន​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ ទេសចរណ៍ កសិកម្ម និង​សំណង់។ ប៉ុន្តែ ក្នុង​អំឡុង​ឆ្នាំ ២០១០ វិស័យ​ឧស្សាហកម្ម​កាត់ដេរ​បាន​ថយ​ចុះ ដោយសារ​តែ​វិបត្តិសេដ្ឋកិច្ច​ពិភព​លោក។ ក៏​ប៉ុន្តែ វិស័យ​ទេសចរណ៍​វិញ គឺ​មាន​អត្រា​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​មុនៗ ដែល​មាន​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ចំនួន ២ លាន ៥ សែន​នាក់ មក​ទស្សនា​កម្ពុជា និង​នាំ​ប្រាក់​ចំណូល បាន​ជិត ២ ពាន់​លាន​ដុល្លារ​អាមេរិក៕