ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បង្ហាញទិន្នន័យ​​កំណើន​ទឹក​ប្រាក់​នាំចេញ​និង​នាំ​ចូល

ក្រសួង​ពាណិជ្ជកម្ម បាន​ធ្វើ​​បច្ចុប្បន្នភាព​ស្ដីពី​ទិន្នន័យ​ទឹកប្រាក់​នាំ​ទំនិញ​ចេញ​ចូល​ក្នុង​និង​ក្រៅ​ប្រទេស ហើយ​បាន​បង្ហាញ​ថា​ ចំនួន​ទឹក​ប្រាក់​នាំចេញ​និង​នាំ​ចូល​ក្នុង​ឆ្នាំ​ថ្មី​នេះ បាន​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​ចាស់។

ការ​នាំ​ចេញ និង​នាំ​ចូល​របស់​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១១ នេះ​មាន​ចំនួន​កើន​ឡើង​ដល់​ទៅ​ជិត ៥០ ភាគរយ ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១០ កន្លង​ទៅ ដែល​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ​ដូច​គ្នា។

របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី​២៨ កក្កដា សរសេរ​ថា ចាប់​តាំង​ពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ​២០១១ កម្ពុជា​បាន​នាំ​ទំនិញ​ចេញ​ទៅ​បរទេស​មាន​ទឹក​ប្រាក់​សរុប​ចំនួន​ជាង ២,២២៧ ពាន់​លាន​ដុល្លារ ប្រៀបធៀប​ទៅ​ឆ្នាំ​២០១០ មាន​ចំនួន​សរុប​ជិត ១,៥០០ ពាន់​លាន​ដុល្លារ។

លោក គង់ ពុទ្ធារ៉ា ប្រធាន​នាយកដ្ឋាន​ស្ថិតិ​និង​ព័ត៌មាន​ក្រសួង​ពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា មុខ​ទំនិញ​នាំ​ចេញ​ច្រើន​ជាង​គេ គឺ​ផ្នែក​វិស័យ​កាត់ដេរ ដូចជា​ សំលៀក​បំពាក់​ ស្បែក​ជើង​ជាដើម។

លោក​អះអាង​ថា ចំនួន​ទំនិញ​នាំចេញ​កើន​ឡើង​ដូច្នេះ គឺ​ផ្អែក​លើ​កត្តា​មួយ​ចំនួន ដូចជា​ប្រទេស​អ្នក​មាន ដែល​មាន​ការ​អនុគ្រោះ​ដល់​កម្ពុជា ហើយ​បាន​បញ្ជាទិញ​ទំនិញ​ពី​កម្ពុជា រួមផ្សំ​នឹង​កម្ពុជា​បាន​កែ​សម្រួល និង​ពង្រឹង​ច្បាប់​ការងារ​ស្រប​ទៅ​តាម​និយាម​ច្បាប់​ការងារ​អន្តរជាតិ គឺ​មិន​រំលោភ​សិទ្ធិ​កម្មករ ឬ​មិន​ជ្រើសរើស​កម្មករ​អាយុ​ក្រោម ១៨ ឆ្នាំ ដែល​ប្រការ​ទាំង​នេះ ជា​បទល្មើស​ប្រឆាំង​ច្បាប់​ពលកម្ម​អន្តរជាតិ។

លោក គង់ ពុទ្ធារ៉ា ៖ «យើង​ក្រឡេក​មើល​ទីផ្សារ​សហគមន៍​អឺរ៉ុប អាមេរិក កាណាដា និង​ទីផ្សារ​ដទៃ​ដែល​គេ​បាន​ផ្ដល់​ភាព​អនុគ្រោះ​ពន្ធ​ដល់​ប្រទេស​ក្រីក្រ ដូចជា ប្រទេស​កម្ពុជា​យើង។ ទី​ពីរ​ទៀត កម្ពុជា​យើង​ឲ្យ​អង្គការ អៃឡូ (ILO) ពិនិត្យ​ការ​ប្រើប្រាស់​កម្លាំង​កម្ម​កុមារ។ អ៊ីចឹង! នៅ​ស្រុក​គេ​ការ​គោរព​សិទ្ធ​អី​ហ្នឹង គេ​ខ្ជាប់ខ្ជួន​ណាស់។ គេ​មាន​អង្គការ​មួយ អៃឡូ ដាក់​នៅ​ញីវយ៉ក (New York) គេ​ស្រែក​ប្រកាស​មួយ​ថា មិន​អាច​បញ្ជា​ទិញ​ទេ គេ​ធ្វើ​ពហិការ​មិន​ទិញ​ភ្លាម។ អ៊ីចឹង! យើង​ត្រឹមត្រូវ គេ​វាយ​តម្លៃ​យើង​ល្អ ត្រង់​ចំណុច​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​មាន​ការ​បញ្ជា​ទិញ​យើង​ច្រើន។ អ៊ីចឹង​នាំ​ឲ្យ​ការ​នាំ​ចេញ​មាន​ការ​កើន​ឡើង»។

បន្ទាប់​ពី​មុខទំនិញ​វាយនភណ្ឌ ​មុខ​ទំនិញ​ជ័រកៅស៊ូ និង​អង្ករ ក៏​ជា​មុខទំនិញ​នាំចេញ​ចម្បង​ដែរ។ របាយការណ៍​សរសេរ​ថា កម្ពុជា​បាន​នាំ​អង្គរ​ចេញ​ក្នុង​ទឹកប្រាក់​ចំនួន ៤៥ លាន​ដុល្លារ​ និង​នាំចេញ​ជ័រកៅស៊ូ​ក្នុង​ទឹកប្រាក់​ប្រហែល ១០២ លាន​ដុល្លារ។

ចំពោះ​ការ​នាំចូល​វិញ កម្ពុជា​បាន​នាំ​ប្រេង​ឥន្ធនៈ​ចូល​ច្រើន​ជាង​ឆ្នាំ ២០១០ គឺ​ក្នុង​ឆ្នាំ​២០១១ បាន​ទិញ​ចូល​ក្នុង​ទឹក​ប្រាក់​ជិត ៧០០ លាន​ដុល្លារ កើន​ឡើង​ជិត ១៣០ ភាគ​រយ និង​នាំ​គ្រឿង​សំណង់​ចូល​ក្នុង​ទឹក​ប្រាក់​ ប្រហែល ៣៥២ លាន​ដុល្លារ គឺ​កើន​ឡើង​ជិតដល់ ៣០០ ភាគរយ ប្រៀបធៀប​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ​ដូចគ្នា។

លោក ចាន់ សុផល ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា មាន​ប្រសាសន៍​ថា ចំនួន​នាំ​ចេញ និង​នាំ​ចូល​របស់​ប្រទេស​កម្ពុជា​កើន​ឡើង​នេះ គឺ​ដោយសារ​តម្រូវការ​ទី​ផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​កើន​ឡើង​ដូចគ្នា គ្រាន់​តែ​ថា តម្រូវ​ការ​ក្នុង​ស្រុក​ច្រើន​អាច​ឲ្យ​កម្ពុជា​ត្រូវ​ចំណាយ​ប្រាក់​ចេញ​ទៅបរទេស​ច្រើន​នាំ​ឲ្យ​ខាត​ប្រាក់​ចំណូល​ថវិកា​ជាតិ។

លោក ចាន់ សុផល ៖ «ការ​នាំចូល​កើន​ឡើង​នេះ គឺ​វា​អាច​ប៉ះពាល់​ដល់​ការ​ហូរចេញ​រូបិយប័ណ្ណ​បរទេស​ច្រើន គឺ​អាច​ធ្វើ​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម។ ប៉ុន្តែ ជា​ទូទៅ ​ការ​យក​ប្រាក់​ទិញ​នេះ ច្រើន​ជា​ប្រាក់​វិនិយោគ គឺ​មាន​ការ​លំហូរ​ចូល​ជា​ទុន​វិនិយោគ ជា​ទុន​ជំនួយ ឬ​ជា​ប្រាក់​កម្ចី។ ប្រទេស​ដែល​កំពុង​អភិវឌ្ឍ គឺ​ច្រើន​តែ​មាន​លំហូរ​សាច់​ប្រាក់​វិនិយោគ សាច់​ប្រាក់​កម្ចី សាច់​ប្រាក់​ជំនួយ​ចូល ហើយ​ធ្វើ​ឲ្យ​លេច​ចេញ​នូវ​ការ​នាំ​ចូល​ជា​សម្ភារៈ​ប្រើប្រាស់​សម្ភារៈ​បរិភោគ បរិក្ខារ​ផ្សេងៗ ហ្នឹង គឺ​នាំ​ចូល​ច្រើន»។

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​សហជីព​ការពារ​កម្មករ​មួយ​ចំនួន​បាន​រិះគន់​ថា ​ទោះបី​ជា​ការ​នាំ​ចេញ​សំលៀក​បំពាក់​កើន​ឡើង​យ៉ាង​ណា​ក្ដី ក៏​ជីវភាព​កម្មករ​នៅ​តែ​ក្រ និង​ត្រូវ​បាន​ថៅកែ​ធ្វើ​បាប​រំលោភ​សិទ្ធិ​ដដែល។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ថៅកែ​រោងចក្រ​បាន​បង្ខំ​ឲ្យ​ពួក​គេ​ធ្វើ​ការ​លើស​ម៉ោង​ច្បាប់​ការងារ​កំណត់ ថែម​ទាំង​មិន​បាន​បើក​ប្រាក់​បន្ថែម​ម៉ោង​ឲ្យ​ក៏​មាន៕