រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបដិសេធយ៉ាងដាច់អហង្ការថា នេះជាការប្រឌិតដោយទុច្ចរិតរបស់អាជ្ញាធរថៃ និងនាយករដ្ឋមន្ត្រីថៃ ដើម្បីបំភ័ន្តមតិសាធារណៈ និងចោទប្រកាន់កម្ពុជាដោយគ្មានការពិត។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ១០ មិថុនាថា តាមរបាយការណ៍របស់ថៃ ក៏បានបញ្ជាក់ថា អ្នកទាំងបីនាក់នោះ ថៃចាប់បាននៅក្បែរប្រាសាទព្រះវិហារខ្មែរ ដែលរួមមានកាន់តាមខ្លួននូវលិខិតឆ្លងដែន និងផែនទីជាអក្សរខ្មែរមួយ និងជាភាសាអង់គ្លេសមួយច្បាប់នឹងគ្រឿងញៀនមួយចំនួនទៀតផង។ អ្នកទាំងបី ជិះនៅលើរថយន្តទេសចរណ៍មួយគ្រឿង។
លោក ផៃ ស៊ីផាន ៖ «ផែនទីនៅក្នុងរថយន្តទេសចរណ៍របស់ថៃ ហើយជនជាតិថៃជាអ្នកបើកឡានហ្នឹង។ ធម្មតាទេ អ្នកទេសចរណ៍ថៃគេមានផែនទី។ អ្នកទេសចរណ៍ ហើយនិងជនជាតិកម្ពុជាគេមានផែនទី។ ក្នុងឡានជាភស្តុតាង ដែលយើងដឹងតាមរបាយការណ៍ គឺមានឈើក្រញូង ដែលព្រះរាជាណាចក្រកម្ពុជាកំពុងហាមឃាត់មិនឱ្យមានការកាប់ ហើយកំពុងតាមចាប់។ ចំណុចទីពីរ គឺមានគ្រឿងញៀន។ បើតាមបច្ចេកទេស កម្ពុជាយើងដែលបញ្ជូនអ្នកឈ្លបយកការណ៍ ឬចារកម្មណាទៅធ្វើការងារដូចអ៊ីចឹងទេ។ គឺថាបើចារកម្មមិនមែនកាន់លិខិតឆ្លងដែនទៅជាមួយ ហើយចារកម្មមិនមែនជិះឡានទេសចរណ៍អ៊ីចឹងទេ។ នេះជារឿងប្រឌិតមួយ ដែលយើងច្រានចោល»។
យោងតាមទីភ្នាក់ងារព័ត៌មាន អេភី ចេញផ្សាយនៅថ្ងៃទី ១០មិថុនា បានឲ្យដឹង ដែរថា ថៃបានចាប់ខ្លួនអ្នកទាំងបី នៅក្នុងខេត្តស៊ីសាកេត ហើយបច្ចុប្បន្នកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារថៃ។
ចំណែកលោក ផៃ ស៊ីផាន ក៏បានអះអាងដែរថា បើទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាបានតាមស៊ើបសូររកពលរដ្ឋខ្មែរតាម ដែលបានចោទប្រកាន់នោះហើយ តែរហូតមកទល់នឹងពេលនេះ ពុំបានទទួលការពិតណាមួយនៅឡើយទេ។
លោក ផៃ ស៊ីផាន ៖ «យើងបានទៅស៊ើបសួរ។ ក៏ប៉ុន្តែ កាលពីម៉ោង ៤ ខាងកម្ពុជានៅមិនទានទៅដល់កន្លែងកើតហេតុ។ ប៉ុន្តែ យើងមានគណៈកម្មការទំនាក់ទំនងព្រំដែន ស៊ើបសួរអត់ ធ្វើរបាយការណ៍។ នៅក្នុងចំណុចនេះ គេបានបង្កើតចំណុចមួយ ប្រឌិតរឿងមួយថា យើងសុំឱ្យបញ្ជូនអ្នកដែលគេចោទប្រកាន់នោះត្រឡប់វិញ»។
រដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ថា ការប្រឌិតរបស់ថៃនេះ គ្រាន់តែជាលេស ដើម្បីបង្កហេតុសម្រាប់ធ្វើការឈ្លានពានកម្ពុជានៅថ្ងៃអនាគតតែប៉ុណ្ណោះ ហើយថា កម្ពុជាមានការសោកស្ដាយណាស់ ដែលនាយករដ្ឋមន្ត្រីថៃប្រើមធ្យោបាយកុហកជានយោបាយការបរទេស៕