គោលដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​អាច​នឹង​បរាជ័យ

កម្ពុជា ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ នៅ​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​២០១២។ ប្រធាន​បទ​សម្រាប់​ឆ្នាំ​នេះ គឺ​ ដែល​ហៅ​ដោយ​ខ្លី​ថា គោល​ដៅ​០៣ ត្រឹម​ឆ្នាំ​២០២០។

0:00 / 0:00

បើ​ទោះ​ជា​យ៉ាង​ណា អង្គការ​មិន​មែន​រដ្ឋាភិបាល និង​អ្នក​ផ្ទុក​មេរោគ​អេដស៍ បារម្ភ​ថា​កង្វះ​ថវិកា​នឹង​ធ្វើ​អោយ​គោល​ដៅ​នេះ​បរាជ័យ។

អង្គការ​មិន​មែន​រដ្ឋាភិបាល និង​អ្នក​រស់​នៅ​ជា​មួយ​មេរោគ​អេដស៍ ស្នើ​រដ្ឋាភិបាល និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ បន្ត​គាំទ្រ​ផ្នែក​ថវិកា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ បើ​ពុំ​នោះ​សោត កម្ពុជា នឹង​ពុំ​អាច​សម្រេច​គោល​ដៅ​ពាក់ព័ន្ធ​នឹង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ នៅ​ត្រឹម​ឆ្នាំ​២០២០ បាន​ឡើយ។

ការ​ព្រមាន​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី១ ខែ​ធ្នូ ដែល​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍។

តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្រប​សម្រួល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ លោក ភោគ ប៊ុនរឿន មាន​ប្រសាសន៍​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ថវិកា​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ ត្រូវ​កាត់​បន្ថយ​បណ្ដើរៗ ដែល​ការ​កាត់​បន្ថយ​នេះ​អាច​នឹង​ប៉ះពាល់​ទៅ​ដល់​ដំណើរ​ឆ្ពោះ​ទៅ​បញ្ចប់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ។

តំណាង​បណ្ដាញ​អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ មក​ពី​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល អ្នកស្រី អ៊ុក ម៉ាច បាន​ស្នើ​ឡើង​ថា ដើម្បី​សម្រេច​គោលដៅ​លែង​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​អេដស៍ ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេវា​ផ្ដល់​កិច្ច​ការពារ​សុខភាព​អ្នក​ផ្ទុក​មេរោគ​អេដស៍ គឺ​ជា​កត្តា​ចម្បង​មួយ។

របាយការណ៍​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល អោយ​ដឹង​ថា ថវិកា​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ភាគ​ច្រើន បាន​មក​ពី​ជំនួយ​ដៃគូ​អភិវឌ្ឍន៍។ ក្នុង​នោះ​ជាង ៩៦% បាន​ពី​ប្រភព​ដៃគូ​អន្តរជាតិ មាន​ដូច​ជា មូលនិធិ​សកល ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​ផ្សេង​ទៀត ចំណែក​ថវិកា​ពី​រដ្ឋាភិបាល គឺ​ជិត ៤%។ របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ និង​កាមរោគ អោយ​ដឹង​ដែរ​ថា ក្នុង​១ឆ្នាំៗ កម្ពុជា ត្រូវ​ការ​ថវិកា​ពី ៦០ ទៅ ៦៥​លាន​ដុល្លារ សម្រាប់​សកម្មភាព​ពាក់ព័ន្ធ​នឹង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍។

ឆ្លើយ​តប​នឹង​ការ​ស្នើ​នេះ ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ អ្នកស្រី ម៉ែន សំអន មាន​ប្រសាសន៍​ថា នឹង​នាំ​កង្វល់​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ពលរដ្ឋ ទៅ​ប្រមុខ​រដ្ឋាភិបាល។

ចំណែក​អ្នក​សម្រប​សម្រួល​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​របស់​អង្គការ​សហប្រជាជាតិ អ្នកស្រី ម៉ារី អូឌីល អេម៉ុង (Marie-Odile Emnond) មាន​ប្រសាសន៍​ថា អង្គការ​សហប្រជាជាតិ​នៅ​តែ​មាន​ឆន្ទៈ​បន្ត​គាំទ្រ​កម្ពុជា។ ប៉ុន្តែ​ក្នុង​ស្ថានភាព​ដែល​ពិភពលោក​កំពុង​ជួប​បញ្ហា​ផ្នែក​ថវិកា កម្ពុជា ក៏​ចាំ​បាច់​ត្រូវ​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់​ថវិកា​ចំ​គោល​ដៅ និង​ពង្រឹង​និរន្តរភាព។

កម្ពុជា ត្រូវ​ចាត់​ទុក​ជា​ប្រទេស​ដែល​ជោគជ័យ​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ឆ្លង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​ពី ២% ក្នុង​ឆ្នាំ​១៩៩៨ មក​ត្រឹម 0,៧% នៅ​ឆ្នាំ​២០១១។ ជំហាន​បន្ទាប់ កម្ពុជា មាន​គ្រោង​ថា​នឹង​បញ្ឈប់​លែង​អោយ​មាន​ករណី​ចម្លង​មេរោគ​អេដស៍​ពី​ម្ដាយ​ទៅ​កូន​នៅ​ត្រឹម​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។