ការបញ្ជូននេះ គឺចេញពីវិទ្យាស្ថានជាតិហ្វឹកហ្វឺនកងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីដឹកសម្ភារៈទាំងនេះតាមនាវាទៅប្រទេសស៊ូដង់ខាងត្បូង។
សម្ភារៈដែលក្រសួងការពារជាតិកម្ពុជាបានបញ្ជូននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២ នឹងទៅដល់ប្រទេសស៊ូដង់ខាងត្បូង ក្នុងរយៈពេល ៤៥ថ្ងៃខាងមុខ ហើយក្រោយមក ក្រសួងការពារជាតិនឹងបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពចំនួនជាង ២០០នាក់ទៀត នាពេលខាងមុខ ដើម្បីរក្សាសន្តិសុខ និងជួយព្យាបាលជំងឺប្រជាជនស៊ូដង់ខាងត្បូងរយៈពេល ១ឆ្នាំ ក្រោមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
នេះជាបេសកកម្ម គឺជាលើកដំបូងហើយរបស់ក្រសួងការពារជាតិកម្ពុជា ក្រោយពីប្រទេសស៊ូដង់ខាងត្បូងនោះ បានទទួលឯករាជ្យពីប្រទេសស៊ូដង់ កាលពីឆ្នាំ២០១០ កន្លងទៅនេះ។ កងកម្លាំងថែរក្សាសន្តិភាពនៅពេលនេះ គឺមិនមែនជាក្រុមដោះមីនទេ។
អគ្គនាយកនៃវិទ្យាស្ថានជាតិគ្រប់គ្រងកងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់ពីសង្គ្រាម លោកឧត្ដមសេនីយ៍ឯក សែម សុវណ្ណី បានមានប្រសាសន៍ថា ការបញ្ជូននេះ គឺធ្វើតាមសំណើរបស់អង្គការសហប្រជាជាតិកន្លងមក ៖ "ជាកងកម្លាំងកងរាជអាវុធហត្ថ និងកងពេទ្យ សម្រាប់ព្យាបាលធ្វើភារកិច្ចព្យាបាលមនុស្សធម៌ជូនប្រជាពលរដ្ឋ (ស៊ូដង់ខាងត្បូង) ក៏ដូចជាជូនគេហៅថា មន្ត្រីរបស់សហប្រជាជាតិ។ ជាមោទនភាពណាស់ ជាលើកដំបូងហើយដែលយើងបញ្ជូនក្រុមពេទ្យដ៏ចំណានរបស់យើងនេះ។ សហប្រជាជាតិផ្ដល់ទំនុកចិត្តដល់តែមែនទែនចំពោះកម្ពុជាយើង"។
កងកម្លាំងថែរក្សាសន្តិភាពចំនួនជាង ២០០នាក់ ដែលក្រសួងការពារជាតិគ្រោងបញ្ជូននាពេលខាងមុខនោះ គឺមកពីកងរាជអាវុធហត្ថ និងក្រុមគ្រូពេទ្យជំនាញមកពីមន្ទីរពេទ្យយោធាព្រះកេតុមាលា នៅរាជធានីភ្នំពេញ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងតែកសាងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិផ្នែកមនុស្សធម៌ ក្រោយពីកម្ពុជារងគ្រោះដោយសារសង្គ្រាមហែកហួររយៈពេលជាង ៣ទសវត្សកន្លងមក ៖ "ទីមួយកម្ពុជាចង់ក្លាយជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដូច្នេះកម្ពុជាត្រូវតែបំពេញកាតព្វកិច្ចជាមនុស្សធម៌នៅលើឆាកអន្តរជាតិ ដើម្បីបង្ហាញឲ្យប្រទេសដទៃជាសមាជិកនៃអង្គការសហប្រជាជាតិគាំទ្រដល់យើង ចំណុចទី១។ ចំណុចទី២ ជាលក្ខណៈសំខាន់កម្ពុជាជាប្រទេសមួយ ដែលរងគ្រោះដោយសារគ្រាប់មីន រងគ្រោះដោយសារសង្គ្រាមស៊ីវិល ហើយកម្ពុជានឹងផ្ដល់បទពិសោធន៍ទាំងអស់នេះ។ នេះគឺជាមេរៀនដ៏ល្អមួយ ដែលកម្ពុជាធ្លាប់បាននូវសោកនាដកម្មទាំងអស់នេះ"។
ក្រសួងការពារជាតិកម្ពុជាចាប់តាំងពីឆ្នាំ២០០៦ កន្លងមក បានបញ្ជូនកងកម្លាំងដោះមីនទៅប្រទេសស៊ូដង់ចំនួន ៥លើករួចមកហើយ គឺមានចំនួនសរុបជាង ៥០០នាក់។ បេសកកម្មថែរក្សាសន្តិភាពនៅស៊ូដង់នោះ ត្រូវចប់អាណត្តិនៅឆ្នាំ២០១១ កន្លងទៅនេះ។
កន្លងមកក្រសួងការពារជាតិបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពកម្ពុជាតាមសំណើរបស់អង្គការសហប្រជាជាតិ ទៅប្រទេសឆាត (Chad) ឬអាហ្វ្រិកកណ្ដាល (Central Africa) ចំនួន៤២នាក់ និងទៅប្រទេសលីបង់ចំនួន ៤៤៣នាក់ ដើម្បីបំពេញបេសកកម្មរយៈពេល ១ឆ្នាំម្ដង៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
