​កម្ពុជា​ផ្ញើ​លិខិត​ផ្លូវការ​ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ស្ដី​ពី​ជម្លោះ​ព្រំដែន

ជម្លោះ​ព្រំ​ដែន​ខ្មែរ ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ខ្មែរ​នៅ​តែ​ស្ថិត​ក្នុង​ភាព​ស្មុគស្មាញ​នៅ​ឡើយ បើ​ទោះ​ជា​ប្រទេស​ថៃ បាន​ផ្លាស់​ប្ដូរ​នាយក​រដ្ឋមន្ត្រី​ថ្មី ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​យ៉ាង​ណា​ក៏​ដោយ។
ដោយ សេក បណ្ឌិត
2012-07-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជន​ភៀស​សឹក ព្រំដែន ៣០៥
ក្រុម​មន្ត្រី​កាកបាទ​ក្រហម​កម្ពុជា ហៅ​ឈ្មោះ​ជន​ភៀស​សឹក ដើម្បី​ចែក​អំណោយ​នៅ​ក្នុង​ជំរំ​ជន​ភៀស​សឹក នា​​ខេត្ត​ព្រះវិហារ រូបថត​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១១។
RFA/Hang Savyouth

ថ្មីៗ​នេះ ទាហាន​ឈុត​ខ្មៅ​ថៃ នៅ​តែ​បង្ក​សកម្មភាព​ដែល​ងាយ​ឲ្យ​មាន​ជម្លោះ​នៅ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ជា​បន្ត​បន្ទាប់។ មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា បាន​ហៅ​សកម្មភាព​របស់​ទាហាន​ឈុត​ខ្មៅ​ថៃ​នៅ​តំបន់​ព្រំដែន​នោះ​ថា ជា​ទង្វើ​ផ្ទុយ​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ (ICJ)។

ក្រសួង​ការ​បរទេស​កម្ពុជា​ផ្ញើ​លិខិត​ជា​ផ្លូវការ​ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ និង​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ពុធ ទី​០៤ កក្កដា ស្តី​ពី​ការ​រំលោភ​បំពាន​របស់​កងទ័ព​ថៃ​ទៅ​លើ​តំបន់​ដែល​កំណត់​ថា គ្មាន​កងទ័ព​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ។

តំបន់​ដែល​គ្មាន​កងទ័ព​នោះ កំណត់​ដោយ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០១១ កន្លង​ទៅ ដោយ​មាន​កិច្ច​ព្រម​ព្រៀង​ពី​ភាគី​ទាំង​ពីរ​ផង។

វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ទាក់​ទង​មន្ត្រី​អ្នក​នាំ​ពាក្យ នៃ​ក្រសួង​ការ​បរទេស លោក កុយ គួង ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​លើ​ខ្លឹមសារ​លិខិត​នេះ​បាន​ទេ នៅ​ថ្ងៃ​ពុធ​ទី​០៤ កក្កដា។

ប៉ុន្តែ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​អ្នក​នាំ​ពាក្យ លោក​មាន​ប្រសាសន៍​ពន្យល់​ថា ការ​ផ្ញើ​លិខិត​ដែល​បង្ហាញ​ពី​ការ​រំលោភ​បំពាន​របស់​ភាគី​ថៃ មក​លើ​តំបន់​ដែល​គ្មាន​កងទ័ព​នោះ ជា​ការ​បង្ហាញ​នូវ​ភាព​អត់ធ្មត់​របស់​កម្ពុជា ដែល​មិន​តប​ត​ជាមួយ​ភាគី​ថៃ ដោយ​ប្រដាប់​អាវុធ ដោយ​គោរព​ទៅ​តាម​ច្បាប់​អន្តជាតិ និង​ដើម្បី​រង់ចាំ​ការ​បកស្រាយ​សាលដីកា​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ លើ​ករណី​ប្រាសាទ​ព្រះវិហារ។

សារ​លិខិត​របស់​ក្រសួង​ការ​បរទេស​កម្ពុជា បាន​បង្ហាញ​សកម្មភាព​រំលោភ​បំពាន​របស់​ទាហាន​ឈុត​ខ្មៅ​ថៃ ចំនួន​៥​ចំណុច។ ទីមួយ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១២ ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ព្យាយាម​ដាក់​ខ្សែ​លួស​បន្លា​បន្ថែម​ទៀត នៅ​តំបន់​ហាម​ឃាត់ នៅ​ត្រង់​ចំណុច​ខ្សែ​បន្ទាត់​កូអរដោនេ (Coordinate) VA៦៥៩-៩១៨ ស្ថិត​នៅ​ខាង​ជើង​ច្រក​ចូល​ប្រាសាទ​ព្រះវិហារ។

លើក​ទី​ពីរ នៅ​ថ្ងៃ​ទី​២៤ មិថុនា ទាហាន​ឈុត​ខ្មៅ​ថៃ​ដដែល បាន​ដឹក​បន្លា​លួស​មួយ​ឡាន​មក​ទៀត មក​ដាក់​នៅ​ចំណុច កូអរដោនេ VA៦៦៤-៩១៧ បន្ត​ទៀត។

ទី​បី នៅ​ថ្ងៃ​ទី​២៥ មិថុនា ទាហាន​ថៃ​បាន​ទម្លាក់​ខ្សែ​លួស​បន្លា​ចំនួន ៤ ទៅ ៥​ដុំ នៅ​ចំណុច​ខ្សែ​កូអរដោនេ VA៦៥៩-៩១៨ ស្ថិត​នៅ​ខាង​ជើង​ច្រក​ចូល​ប្រាសាទ​ព្រះវិហារ​ម្តង​ទៀត។

ទី​បួន នៅ​ថ្ងៃ​ទី​២៦ មិថុនា មាន​ករណី​ផ្ទុះ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់ ចេញ​ពី​បន្ទាយ​ទាហាន​ថៃ នៅ​ម្តុំ​ខ្សែ​បន្ទាត់ កូអរដោនេ VA៦៣៤-៩២៥ ក្រោយ​ការ​ផ្ទុះ​អាវុធ​លើក​ទី​មួយ​បាន​ប្រមាណ​៥​នាទី មាន​ការ​ផ្ទុះ​អាវុធ​ម្តង​ទៀត នៅ​ម្តុំ​ខ្សែ​បន្ទាត់ កូអរដោនេ VA៦៣០-៩២៦ ម្តង​ទៀត។

ទី​ប្រាំ នៅ​ថ្ងៃ​ទី​៣០ មិថុនា ទាហាន​ឈុត​ខ្មៅ​ថៃ​ដដែល នៅ​តែ​បន្ត​រាយ​ខ្សែ​លួស​បន្ថែម​ទៀត នៅ​ត្រង់​ខ្សែ​បន្ទាត់ កូអរដោនេ VA៦៥៩-៩១៨ បន្ត​ទៀត។

លោក បណ្ឌិត សុខទូច អ្នក​វិភាគ​ឯករាជ្យ បាន​គាំទ្រ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ញើ​សារ​បង្ហាញ​ទៅ​ដល់​ពិភពលោក ជា​ពិសេស តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ដើម្បី​ឲ្យ​គេ​បាន​ដឹង​ពី​ពុតត្បុត​របស់​ថៃ ដែល​មិន​គោរព​ច្បាប់ មិន​ទទួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​បាន​ធ្វើ ឬ​បាន​ព្រម​ព្រៀង​កន្លង​មក។

ខ្លឹម​សារ​នៅ​ក្នុង​លិខិត​ដែល​ក្រសួង​ការ​បរទេស​កម្ពុជា​ផ្ញើ​ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ បញ្ជាក់​ដែរ​ថា សកម្មភាព​របស់​ថៃ​ទាំង​នោះ កម្ពុជា​តែង​តែ​មាន​ប្រតិកម្ម​ជំទាស់​រហូត ដោយ​សកម្មភាព​នោះ បាន​ប្រព្រឹត្តិ​ផ្ទុយ​នឹង​ស្មារតី​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ដែល​បាន​ចេញ​បទ​បញ្ជា​កាល​ពី​ថៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ តាម​សំណើ​របស់​ភាគី​កម្ពុជា ដែល​សុំ​ឲ្យ​បញ្ឈប់​សកម្មភាព​ទាំង​ឡាយ​ណា ដែល​នាំ​ឲ្យ​បង្ក​ជម្លោះ​ជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​មាន​ជម្លោះ​តាន​តឹង​ដាក់​គ្នា​បន្ត​ទៀត និង​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិយាកាស​ក្នុង​ការ​អនុវត្ត​តាម​បទ​បញ្ជា​តុលាការ​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ជារឿងលេងសើចឬសើចលេង???

Jul 05, 2012 06:51 PM

អ្នក​អាន​អនាមិក

Cambodia has no ability to solve the problem with thailan who is a rich and a powerful country.

Jul 05, 2012 05:46 AM

អ្នក​អាន​អនាមិក

almost one year since 18 July 2011, ICJ demanded both countries to withdraw their soldiers from Preah Vihear Area. but nothing has been conducted correctly. Cambodi tries to do the best, but Thai just delays from time to time. my question is that "does the ICJ have any power to Thailand who not respect the law? if one of the two countries delays or not respect/follow the ICJ's demand, any pressure to them?

Jul 05, 2012 02:14 AM

sokleng

ពី Takeo

រដ្ឋាភិបាលបរាជ័យលើការដោះស្រាយបញ្ហាជាមួយប្រទេលជិតខាង។ យើងមិនដែលមិនដែលប្រើវិធានការក្តៅ ដោយបិទច្រកព្រំដែនម្តងណាឡើយ។

Jul 05, 2012 12:04 AM

អ្នក​អាន​អនាមិក

Despite Khmer Surin lost their identities, but they are not suffering like Khmer Krom. So,Khmer govt must think twice before doing anything (cool water, fish will gather).

Jul 04, 2012 11:53 AM

មើល​មតិ​ទាំង​អស់.