នៅក្នុងជំនួបរយៈពេលកន្លះម៉ោងនោះ ភាគីកម្ពុជា និងចិន បានសម្ដែងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីពង្រឹងចំណងមិត្តភាព និងស៊ីជម្រៅ រវាងប្រទេសទាំងពីរ។
អនុប្រធានសភាជាតិកម្ពុជា លោក ងួន ញ៉ិល បានសម្ដែងការគាំទ្រគោលនយោបាយចិនតែមួយបន្តទៀត ដោយមិនងាករេឡើយ។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ជំហររបស់កម្ពុជា ថា មិនធ្វើសង្គ្រាមប្រឆាំងប្រទេសណាមួយឡើយ ប៉ុន្តែដោះស្រាយដោយសន្តិវិធី។
ការបញ្ជាក់ជំហរច្បាស់លាស់នេះ គឺនៅគ្រាដែលប្រទេសចិន និងប្រទេសជប៉ុន កំពុងតែមានជម្លោះគ្នាយ៉ាងតានតឹង ដើម្បីដណ្ដើមកាន់កាប់លើកោះមួយឈ្មោះឌីយ៉ាអូយូ (Diaoyu) ហៅជាភាសាចិន ឬឈ្មោះសេនកាគូ (Senkaku) ហៅជាភាសាជប៉ុន។ ប្រទេសជប៉ុន និងប្រទេសចិន គឺជាមិត្តយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា។
អនុប្រធានសភាជាតិកម្ពុជា លោក ងួន ញ៉ិល បានមានប្រសាសន៍នៅក្នុងជំនួបនោះថា ប្រទេសចិន គឺជាមហាមិត្ត និងជាបងប្អូនជាមួយប្រទេសកម្ពុជា។ កម្ពុជារក្សាជំហរអព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធឡើយ៖ «រដ្ឋធម្មនុញ្ញរបស់ប្រទេសយើងខ្ញុំ គឺមាត្រា៥៣ បានចែងថា ប្រកាន់ខ្ជាប់នូវការរស់នៅជាមិត្តភាព សន្តិភាពជាមួយបណ្ដាប្រទេសនៅជិតខាង ហើយដោះស្រាយនូវរាល់បញ្ហាដោយសន្តិសហវិជ្ជមាន។ ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ប្រទេសចិន តែមួយគត់ គឺសាធារណរដ្ឋប្រជាមានិតចិន រីឯបញ្ហាកោះតៃវ៉ាន់ ឬមួយក៏ទីបេ គឺជាផ្នែកមួយគ្រាន់តែជាផ្នែកមួយនៃប្រទេសចិន តែប៉ុណ្ណោះ។ យើងខ្ញុំមិនអាចភ្លេចបានទេ អំពីការអនុគ្រោះរបស់ប្រទេសចិន ក្នុងការគាំទ្រព្រះរាជាណាចក្រកម្ពុជា ក្នុងកម្រិតអង្គការសហប្រជាជាតិ ឬនៅអង្គការយូនីស្គូ (UNESCO)។ យើងខ្ញុំក៏មិនអាចបំភ្លេចបានអំពីអ្វីដែលជាប្រជាពលរដ្ឋចិន បានផ្តល់មកឲ្យកម្ពុជា។ ឧទាហរណ៍ ដូចជា ការអនុគ្រោះវិនិយោគទុន ការអនុគ្រោះដល់ទំនិញមិនយកពន្ធពីកម្ពុជា ចូលទៅចិន និងកម្ចីប្រាក់ឥតយកការប្រាក់ និងការផ្តល់ជំនួយ»។
ជាមួយគ្នានេះ ប្រធានគណៈកម្មការទទួលបន្ទុកបរិស្ថាន នៃសភាប្រជាជនចិន លោក ហង្ស ហ្សៀនចុង (Hang Xianzhong) បានមានប្រសាសន៍ជាភាសាចិន ហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា កម្ពុជាបន្តគាំទ្រចិន ផ្នែកនយោបាយ ប៉ុន្តែចិនបន្តជួយកម្ពុជាវិញ ផ្នែកជំនួយថវិកា៖ «ប្រទេសចិន ជួយឧបត្ថម្ភស្រុកខ្មែរច្រើន។ សង្ឃឹមថាប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមក និងមានទំនាក់ទំនងល្អ។ សង្ឃឹមថា រដ្ឋាភិបាលទាំងពីរ និងប្រជាជនទាំងពីរ ពិសេសសភាទាំងពីរមានទំនាក់ទំនងកាន់តែល្អប្រសើរ»។
ទំនាក់ទំនងរវាងកម្ពុជា និងចិន និងបំណុលចិន កន្លងមកនេះ ត្រូវបានតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានរិះគន់កាលពីថ្ងៃទី៣ ខែកញ្ញា ថា ប្រទេសកម្ពុជា កំពុងតែទទួលរងឥទ្ធិពលពីប្រទេសចិន ជាងប្រទេសមហាអំណាចដទៃទៀត ដោយសារតែបំណុលចិន។
ទាក់ទងនឹងបំណុលនេះដែរ ទីស្ដីការគណៈរដ្ឋមន្ត្រី នៃប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ បានឆ្លងឯកសារយុទ្ធសាស្ត្រ ស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ ឆ្នាំ២០១១ ដល់ឆ្នាំ២០១៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។