រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី៤ ខែធ្នូ បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការរវាងសមាគមអ្នកកាសែតកម្ពុជា និងថៃ ដើម្បីជួយកាត់បន្ថយជម្លោះ និងស្ថានការណ៍តានតឹងរវាងប្រទេសកម្ពុជា និងថៃ ព្រមទាំងប្រជាជនកម្ពុជា និងប្រជាជនថៃ នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។
ការថ្លែងបែបនេះ គឺនៅក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ជាមួយប្រធានសមាគមអ្នកកាសែតថៃ ដឹកនាំដោយលោក ចាវ៉ារ៉ុង លីមប៉ាតតាមម៉ាប៉ានី (Chavarong Limpattamapanee) នៅក្រសួងព័ត៌មាន ដើម្បីកាត់បន្ថយជម្លោះ ប៉ុន្តែពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ដោយទុកបញ្ហាជម្លោះព្រំដែននៃប្រទេសទាំងពីរដោយឡែក។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ប្រាប់អ្នកកាសែតក្រោយពីជំនួបនោះថា កម្ពុជា និងថៃ មិនត្រូវពង្រីកជម្លោះព្រំដែនតាមរយៈសារព័ត៌មាននោះទេ៖ «ជាបញ្ហាព្រំដែនដែលយើងជជែកគ្នាលើផ្លូវច្បាប់ ប៉ុន្តែយើងមិនដុតសភាពការណ៍នេះឲ្យក្តៅទេ។ បើនិយាយរួម យើងអាចនិយាយពាក្យមួយម៉ាត់ទៀថា យើងមិនចាក់ប្រេងទៅលើភ្លើងទេ។ និយាយរួមចេះ បើយើងពិនិត្យកន្លងមកទាំងកាសែតថៃ និងកាសែតខ្មែរ ជាពិសេសកាសែតខ្មែរ ប៉ុន្តែ ខ្ញុំអត់អាចមើលកាសែតថៃ បានអស់ ប៉ុន្តែយើងឃើញនៅពេលមានទំនាស់នៅតាមព្រំដែន យើងឃើញថា យើងបានលើកបញ្ហាទំនាស់ហ្នឹងមែន យើងលើកពីសភាពការណ៍ដែលកើតឡើងមែន ប៉ុន្តែយើងមិនបានប្រែបញ្ហានេះទៅជាទំនាស់រវាងខ្មែរ និងថៃ ហើយនេះបានបង្ហាញអំពីភាពចាស់ទុំនៃនយោបាយរបស់អ្នកសារព័ត៌មានរបស់យើង»។
ជាមួយគ្នានេះ ប្រធានសមាគមអ្នកកាសែតថៃ លោក ចាវ៉ារ៉ុង លីមប៉ាតតាមម៉ាប៉ានី បានមានប្រសាសន៍ជាភាសាថៃ ហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា បញ្ហាមួយចំនួន គឺជាបញ្ហារសើប ដែលអ្នកកាសែតនានាគប្បីប្រុងប្រយ័ត្នក្នុងការសរសេរព័ត៌មាន ឬជៀសវាង៖ «ខ្ញុំសង្ឃឹមថាឯកឧត្តមរដ្ឋមន្ត្រីនឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដើម្បីយើងទាំងពីរអាចសម្រេចកិច្ចការនេះបាន។ ការមកដល់ ពួកយើងនៅក្នុងថ្ងៃនេះ គឺជាការបញ្ជាក់ គឺជានិមិត្តរូបដ៏ល្អបំផុតដែលអាចបង្ហាញឲ្យឃើញថា សមាគមទាំងពីរអាចចាប់ដៃគ្នាដើម្បីមានប្រយោជន៍ដល់ប្រទេសជាតិ»។
លោកក៏បានលើកឡើងដែរថា កន្លងមកអ្នកកាសែតថៃ ស្ត្រីម្នាក់នៃទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ បានធ្វើការសុំព្រះរាជទានទោសចំពោះព្រះបរមសពនៃព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ដែលគាត់បានធ្វើខុសឆ្គងកន្លងមកក្នុងពេលមកយកព័ត៌មាននៅកម្ពុជា អំពីព្រះបរមសព។
ទាក់ទងនឹងការស្វែងរកកិច្ចសហប្រតិបត្តិការរវាងសមាគមអ្នកកាសែតកម្ពុជា និងថៃ ដើម្បីកាត់បន្ថយជម្លោះនោះ អ្នកវិភាគឯករាជ លោក សុខ សំអឿន ប្រធានគម្រោងអ្នកការពារក្តីកម្ពុជា បានមានប្រសាសន៍ថា ព័ត៌មានពិតមិនលំអៀងមិនចោទជាបញ្ហាទេ ប៉ុន្តែលោកព្រួយបារម្ភអំពីការធ្វើអត្ថាធិប្បាយបន្ថែម ឬបន្ថយ ដើម្បីក្លែមពាក្យសម្ដីនោះ៖ «កាសែតហ្នឹងតែងតែមានអ្នកឯករាជ មានអ្នកនិយមរដ្ឋាភិបាល មានអ្នកគាំទ្ររដ្ឋាភិបាល មានអ្នកប្រឆាំងរដ្ឋាភិបាល ហើយជួនកាលមានអ្នកចង់បំផ្លាញរដ្ឋាភិបាលក៏មានអីចឹង សំខាន់បំផុត ទី១ គឺវិជ្ជាជីវៈ ទី២ គឺពាក់ព័ន្ធឯករាជភាព»។
របាយការណ៍របស់ក្រសួងព័ត៌មានកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជា មានសារព័ត៌មានជាតិ និងបរទេស សរុបចំនួនជិត ៦០០អង្គភាព និងមានអ្នកកាសែតសរុបជាង ៤ពាន់នាក់ ប៉ុន្តែកាសែតដែលចេញផ្សាយសកម្មជាងគេ គឺមានចំនួនរវាង ៥០ ទៅ ៦០អង្គភាព។ ក្រៅពីនេះ កម្ពុជា មានស្ថានីយទូរទស្សន៍សរុប ១៣ស្ថានីយ៍ និងស្ថានីយវិទ្យុចំនួន ១០៦ស្ថានីយ និងមានសមាគមអ្នកកាសែតជាច្រើនទៀត។
នៅក្នុងជម្លោះតានតឹង និងការវាយប្រហារដោយអាវុធរវាងកងទ័ពកម្ពុជា និងថៃ តំបន់ប្រាសាទព្រះវិហារ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កន្លងមក ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១១ កន្លងទៅនេះមាន ៦ចំណុច។ ក្នុងនោះមានចំណុចមួយនិយាយថា មិនត្រូវផ្សព្វផ្សាយព័ត៌មានបំផ្លើសធ្វើឲ្យពុលបរិយាកាសទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
