ទាហាន​កម្ពុជា ៣២ រូប​ទៅ​ធ្វើ​លំហាត់​យោធា​នៅ​ប្រទេស​ម៉ុងហ្គោលី

ក្រសួង​ការពារ​ជាតិ​កម្ពុជា មាន​ផែនការ​បញ្ជូន​កងទ័ព​ចំនួន ៣២ នាក់​ទៅ​ចូលរួម​លំហាត់​យោធា​ពហុ​សាសន៍ នៅ​ប្រទេស​ម៉ុងហ្គោលី (Mongolia) នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដា ឆ្នាំ ២០១១។

លំហាត់​យោពហុ​សាសន៍ នៅ​ប្រទេស​ម៉ុងហ្គោលី ដែល​កម្ពុជា​នឹង​ចូលរួម​នេះ មាន​រយៈពេល​ជាង ១០ ថ្ងៃ គឺ​​ចាប់​ថ្ងៃ​ទី ២៩ ខែ​កក្កដា ដល់​ថ្ងៃ​ទី ១៣ ខែ​សីហា ឆ្នាំ ២០១១។

ការ​បញ្ជូន​ទាហាន​កម្ពុជា​នេះ គឺ​​ធ្វើ​តាម​សំណើ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​រក្សា​សន្តិភាព​​​ក្នុង​តំបន់ និង​លើ​​ពិភពលោក។

ទាហាន​កម្ពុជា នឹង​​ចេញ​ដំណើរ​​​នៅ​វេលា​ម៉ោង ៨ ព្រឹក ថ្ងៃ​ទី ២៩ ខែ​កក្កដា ឆ្នាំ ២០១១។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​ឧត្ដមសេនីយ៍ឯក ឈុំ សុជាត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ២៨ ខែ​កក្កដា ឆ្នាំ ២០១១ ថា ការ​ហ្វឹកហាត់​នេះ មាន​សារៈសំខាន់​ដល់​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា ក្នុង​វិស័យ​រក្សា​សន្តិភាព។

លោក​ឧត្ដមសេនីយ៍ឯក ឈុំ សុជាត ៖ «វា​បង្ហាញ​នូវ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​បណ្ដា​ប្រទេស​ក្នុង​តំបន់ ក្រោម​ឆត្រ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​រក្សា​សន្តិភាព»។

ប្រភព​ពី​លោក​ឧត្ដមសេនីយ៍ឯក ឈុំ សុជាតិ មាន​ប្រសាសន៍​ថា ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​បញ្ជូន​កងទ័ព​ទៅ​ចូលរួម​ហ្វឹកហាត់​យោធា​ពហុ​សាសន៍ ដើម្បី​រក្សា​សន្តិភាព​នោះ ចំនួន ៦ លើក​រួច​មក​ហើយ ចាប់​តាំង​ពី​ឆ្នាំ ២០០៧ កន្លង​មក។

ប្រទេស​ដែល​ចូលរួម​មាន​ប្រទេស​កម្ពុជា សហរដ្ឋអាមេរិក កាណាដា ឥណ្ឌា ចិន ជប៉ុន សិង្ហបុរី ថៃ រុស្ស៊ី និង​វៀតណាម៕