លោក ហោ ណាំហុង គ្រោង​ទៅ​ទស្សនកិច្ច​ប្រទេស​កូរ៉េ​ខាង​ជើង

ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១២ បាន​ប្រកាស​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំងហុង និង​ជា​ឧបនាយក​រដ្ឋមន្ត្រី គ្រោង​ដឹក​នាំ​គណប្រតិភូ​ជាន់​ខ្ពស់​មួយ​ក្រុម ទៅ​ទស្សនកិច្ច នៅ​ប្រទេស​កូរ៉េ​ខាង​ជើង ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១២។

ដំណើរ​ទស្សនកិច្ច​នេះ គឺ​តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ជើង លោក ប៉ាក់ អ៊ុយជន (Pak Ui Chun)។ លោក ហោ ណាំហុង និង​លោក ប៉ាក់ អ៊ុយជន គ្រោង​នឹង​ជួប​ចរចា​ទ្វេភាគី​លើ​បញ្ហា​មួយ​ចំនួន ប៉ុន្តែ​សេចក្តី​ប្រកាស​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ជា​ផ្លូវ​ការ​ទេ។

កន្លង​ទៅ​ថ្មីៗ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង ធ្លាប់​បាន​មាន​ប្រសាសន៍​ថា៖ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង គ្រោង​លើក​យក​បញ្ហា​មួយ​ចំនួន រាប់​ទាំង​ការ​សុំ​ឲ្យ​មេ​ដឹក​នាំ នៃ​ប្រទេស​កូរ៉េ​ខាង​ជើង បោះ​បង់​ចោល​កម្មវិធី ផលិត​អាវុធ នុយក្លេអែរ (Nuclear) និង​បោះ​បង់​ចោល ផែន​ការ​សាក​ល្បង​កាំជ្រួច​ឆ្លង​ទ្វីប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។