លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់យុង (Nguyen Tan Dung) គ្រោងនឹងជួបគ្នា ដើម្បីសម្ពោធបង្គោលព្រំដែនចុងក្រោយលេខ ៣១៤ ដែលស្ថិតនៅតាមបណ្ដោយព្រំដែនក្នុងខេត្តកំពត ជាប់នឹងខេត្តហាទៀង (Ha Tien) ប្រទេសវៀតណាម។
លោកទេសរដ្ឋមន្ត្រី វ៉ា គីមហុង ទទួលបន្ទុកកិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា មកដល់ពេលនេះ ការបោះបង្គោលព្រំដែនរួមរវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម មិនទាន់បានបញ្ចប់នៅឡើយ គឺទើបបោះបានចំនួនជាង ២០០បង្គោល។ លោកបញ្ជាក់ថា បង្គោលលេខ ៣១៤ គឺជាបង្គោលព្រំខណ្ឌសីមា ដែនគោកចុងក្រោយបង្អស់ និងជាចំណុចខណ្ឌចែកព្រំដែនទឹក និងព្រំដែនសមុទ្រ។
លោកទេសរដ្ឋមន្ត្រី វ៉ា គីមហុង បានបន្តថា ការបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១២ នេះ ប៉ុន្តែដោយសារបញ្ហាមួយចំនួន ដែលត្រូវភាគីទាំង២ ចរចាអោយភាគីទាំងពីរ អាចទទួលយកបាន ទាំងបញ្ហាទីតាំងបង្គោល និងបញ្ហាបច្ចេកទេស។ លោកថា ការចំណាយពេលវេលាច្រើនសម្រាប់ការបោះបង្គោលនេះ គឺបញ្ជាក់ថា ការបោះពុំមែនងាយស្រួល ឬក៏អាចអោយប្រទេសណាមួយរំលោភយកទឹកដី ដូចការចោទប្រកាន់នាពេលកន្លងមកឡើយ។
ប្រធានសមាគមន៍គ្រូបង្រៀនកម្ពុជា ឯករាជ្យ លោក រ៉ុង ឈុន យល់ថា ការប្រញាប់ប្រញាល់សម្ពោធបង្គោលព្រំដែនចុងក្រោយ នៅខណៈព្រំដែនដទៃទៀតនៅមិនទាន់បោះចប់សព្វគ្រប់នោះ គឺជាការព្យាយាមបិទបាំងការពិត ដែលកម្ពុជា នឹងត្រូវបាត់បង់ទឹកដី ដោយសារតែការបោះបង្គោលព្រំដែនរវាងប្រទេសទាំង២ ដែលលោកហៅថា មានភាពមិនប្រក្រតី។
បន្ទាប់ពីពិធីសម្ពោធបង្គោលព្រំដែនចុងក្រោយរវាងកម្ពុជា និងវៀតណាម រួច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីវៀតណាម នឹងចូលរួមក្នុងសន្និសីទរួមគ្នា នៅខេត្តឆ្នេរសមុទ្ររបស់វៀតណាម ដើម្បីទាក់ទាញអ្នកវិនិយោគរវាងកម្ពុជា និងវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។