ដើម្បីពង្រីក និងពង្រឹងការផលិតសូត្រខ្មែរឲ្យបានទូលាយជាងសព្វថ្ងៃ មន្ត្រីរដ្ឋាភិបាលកម្ពុជា ម្ចាស់ជំនួយ និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ រួមទាំងតំណាងសមាគម បានជួបប្រជុំគ្នាមួយ រៀបចំយុទ្ធសាស្ត្រសម្រាប់ជំរុញវិស័យសូត្រនៅកម្ពុជាឲ្យបានប្រសើរឡើង។
លេខាធិការគណៈកម្មការរៀបចំយុទ្ធសាស្ត្រសម្រាប់ជំរុញវិស័យសូត្រនៅកម្ពុជា អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ភានុរ័ត្ន មានបន្ទូលថា សូត្រក្នុងប្រទេសកម្ពុជា ជាសរសៃពណ៌មាស មានតម្លៃខ្ពស់ជាងគេ ព្រោះជាសូត្រផលិតពីធម្មជាតិពិតៗ។
សូត្រនាំចូលពីបរទេសមិនមែនផលិតពីធម្មជាតិ និងផលិតដោយដៃដូចសូត្រខ្មែរទេ។ ហេតុនេះវាមានបញ្ហាគុណភាពនៅពេលយកផលិតផលសិប្បកម្មសូត្រខ្មែរនោះ ទៅលក់នៅបរទេស។ កម្ពុជា មិនអាចអះអាងថា ជាសូត្រធម្មជាតិបានទេ។ ដូច្នេះហើយ ទើបកិច្ចប្រជុំមួយ ត្រូវបានធ្វើឡើង ដើម្បីស្វែងរកការជួយគាំទ្រ និងជំរុញវិស័យសូត្រខ្មែរ បំណងកាត់បន្ថយការនាំចូលសូត្រ។
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ភានុរ័ត្ន ៖ «ការនាំចូលក្នុងស្រុក នាំចូលពីយៀកណាមភាគច្រើន។ បច្ចុប្បន្ន យើងនាំចូលពីប្រទេសចិនដែរ។ ប៉ុន្តែ នៅតែតិចជាងនាំចូលពីយៀកណាមអ៊ីចឹង។ យើងនាំចូលប្រហែលជា ៤០០ តោនក្នុង ១ ឆ្នាំ ជាតម្រូវការក្នុងស្រុក។ តែតាំងពី ២០០៥ រហូតមក វាមានការប្រែប្រួល ក៏ប្រែប្រួលមិនច្រើនដែរ ដោយសារវាមានវិបត្តិពិភពលោក។ តាមមើលថ្លឹងថ្លែងទៅ វានៅ ៤០០ ឬ ៤០០ តិចតួចនឹងចុះឡើង»។
លោក អាធួរ ឌៃលម៉ាន (Atur Dillmann) មកមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ( Int'l Trade Center) ថ្លែងថា ពលរដ្ឋកម្ពុជាអត់បានគិតពីគុណភាពសូត្រ ឬខិតខំផលិតឲ្យបានសរសៃសូត្រពណ៌មាស ដែលគេឲ្យតម្លៃខ្ពស់នោះ ឲ្យបានច្រើនឡើងនោះទេ។ គេគិតតែពីត្បាញ កែច្នៃតែមួយមុខគត់ ដែលវាមិនអាចធានាការនាំចេញសិប្បកម្មសូត្រ យកទៅលក់នៅបរទេសបានយូរអង្វែង។
លោកថា កម្ពុជាបាននាំចូលសូត្រពីបរទេសដល់ទៅ ៤០០ តោនក្នុងមួយឆ្នាំ។ ឯការផលិតសរសៃសូត្រពណ៌មាសក្នុងស្រុក បានតែ ៤ តោន ស្មើនឹង ១% គត់ នៃការនាំចូលសូត្រមកកម្ពុជា ដើម្បីផលិតសិប្បកម្មសូត្រ។ ហេតុនេះ គម្រោងវិស័យសូត្រកម្ពុជា ត្រូវពង្រឹង និងពង្រីកការផលិតសូត្រពណ៌មាសខ្មែរឲ្យបានច្រើនថែមទៀត។
បទបង្ហាញដោយអ្នកស្រី ហេង សុលា មន្ត្រីមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ពីលទ្ធផលគម្រោងវិស័យសូត្រកម្ពុជា ក្រោមជំនួយពីភ្នាក់ងារជំនួយអភិវឌ្ឍន៍អន្តរជាតិនូវែលហ្សេឡង់ (New Zealand's Int'l Aid & Development Agency) ដើម្បីបណ្ដុះបណ្ដាលក្រុមអ្នកចេះត្បាញ ចំនួន ៣៩ ក្រុម នៅខេត្តតាកែវ កណ្ដាល និងខេត្តកំពង់ចាម ឲ្យចេះត្បាញតាមសេចក្ដីត្រូវការទីផ្សារ។ ក្នុងនោះ អ្នកជំនាញត្បាញ ២៩ ក្រុម បានបង្រៀនឲ្យចេះរចនាម៉ូត ស្របទៅតាមទីផ្សារ និងចងក្រងក្រុមថ្មី ចំនួន ១០ ឲ្យមានជំនាញបច្ចេកទេសបន្ថែម។
ជាមួយគ្នានេះ អ្នកដែលចេះត្បាញស្ទាត់ជំនាញខ្ពស់ ត្រូវបានរើសចេញពីក្រុមតម្បាញខេត្តកណ្ដាល តាកែវ និងខេត្តព្រៃវែង ឲ្យត្បាញពិសេសសម្រាប់នាំចេញទៅបរទេស «ហើយចំណុចមួយទៀតដែរនោះ គឺអ្នកត្បាញទាំងអស់ បានធ្វើការចូលរួមពិព័រណ៍នៅភ្នំពេញ និងពិព័រណ៍ខេត្តមួយ ផលិតផលមួយ និងពិព័រណ៍សិប្បកម្មអង្គរ ដែលនៅខេត្តសៀមរាប ដើម្បីឲ្យគាត់បានដឹងពីតម្រូវការក្នុងស្រុក និងតម្រូវការទីផ្សារនៅបរទេស។ ហើយពួកគាត់ ក៏បានផ្ដល់នូវការបណ្ដុះបណ្ដាលអំពីការនាំចេញការធ្វើការគិតគូរពីថ្លៃដើម ពីមូលដ្ឋានគ្រឹះនៃទីផ្សារ និងការទំនាក់ទំនងនៅក្នុងមុខជំនួញរបស់ពួកគាត់ផងដែរ»។
អគ្គលេខាធិការរងនៃសមាគម ភូមិសូត្រខ្មែរ លោក កែវ មុន្នី បានឲ្យដឹងថា សូត្រខ្មែរ គឺជាសូត្រសរសៃពណ៌មាស។ ចំណែកសូត្រនាំចូលមានសរសៃពណ៌ស។ លោកបន្តថា ក្រុមអ្នកផលិតសរសៃសូត្រធម្មជាតិក្នុងប្រទេសកម្ពុជា មានតែ ៤០០ គ្រួសារប៉ុណ្ណោះ គឺនៅស្រុកភ្នំស្រុកក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ស្រុកស្រីស្នំ។ ពលរដ្ឋ ២ ស្រុកនោះ គេដាំដើមមនជាចំណីដង្កូវនាងជាលក្ខណៈគ្រួសារ លើផ្ទៃដីសរុបប្រមាណ ៥០ ហិកតារ។
លោកបន្តថា ស្លឹកមន ដែលគេដាំបាននោះ គេបេះយកមកចិញ្ចឹមដង្កូវនាង រួចផលិតបានសរសៃសូត្រមាស។ ប៉ុន្តែ ចំនួនផលិតនោះបានតែ ៤ តោនទេ ក្នុង ១ ឆ្នាំ។ បច្ចុប្បន្ន តម្លៃលក់សូត្រធម្មជាតិផលិតក្នុងស្រុក ថ្លៃ ៦៥ ទៅ ៧០ ដុល្លារក្នុង ១ គីឡូក្រាម។ ឯសូត្រនាំចូលតម្លៃ ៥៣ ដុល្លារក្នុង១គីឡូក្រាម។
លោក កែវ មុន្នី ៖ «មកពីគេទទួលស្គាល់ថា ពូជរបស់ខ្មែរយើង អាសូត្រមាសនឹង គឺវាមានគុណភាពខ្ពស់ជាងអាសូត្រនាំចូល។ ទីពីរទៀត អាសូត្រយើងផលិត គឺដោយដៃសុទ្ធ អត់មានរបៀបជាម៉ាស៊ីនរបៀបជាឧស្សាហកម្មទេ»។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានថ្លែងថា វិស័យសូត្រនៅកម្ពុជា ជាគន្លឹះរបស់គោលនយោបាយកម្ពុជា។ នៅសប្ដាហ៍ក្រោយ នឹងមានការប្រជុំសកលនៅទីក្រុងហ្សឺណែវស្តីពីជំនួយ ដើម្បីពិនិត្យមើលជំនួញសកលលោក ហើយប្រទេសកម្ពុជានឹងលើកយកពិសោធន៍ល្អៗ ក្នុងគម្រោងវិស័យសូត្រទៅបង្ហាញនៅក្នុងកិច្ចប្រជុំនោះ។
លោក ប៉ាន សូរស័ក្តិ ៖ «វិស័យសូត្រជាការផ្ដោតនូវការយកចិត្តទុកដាក់នៃគូភាគីមួយចំនួន។ ខ្ញុំយល់ថា យើងត្រូវតែពង្រីក និងពង្រឹង ហើយរកថវិកាបន្ថែមទៀត ដើម្បីឲ្យមានពីពិតភាព (ភាពពិត) នៃគម្រោងយើងនេះ»។
ដើម្បីធានាការពារសូត្រក្នុងប្រទេសកម្ពុជា ដែលបរទេសទទួលស្គាល់ថា ជាសូត្រធម្មជាតិពិតនោះ រដ្ឋាភិបាលកម្ពុជា និងអង្គការអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ បានបង្កើតគម្រោងវិស័យសូត្រកម្ពុជាមួយ ដោយមានការព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ កាលពី ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០០៧ ហើយបានប្រកាសដំណើរការជាផ្លូវការ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០០៧។
គម្រោងវិស័យសូត្រកម្ពុជា មានតួនាទីក្នុងការដឹកនាំសម្របសម្រួល និងប្រឹក្សាលើវិស័យសូត្រនៅកម្ពុជាទាំងមូល តាមរយៈជំនួយបច្ចេកទេស លើផ្នែកបច្ចេកទេសតម្បាញ ផ្នែកបច្ចេកទេសកែច្នៃម៉ូត ផលិតផលសូត្រឲ្យតម្រូវតាមទីផ្សារ និងបច្ចេកទេសទីផ្សារ៕