នាយក​រដ្ឋមន្ត្រី​ខ្មែរ​ប្រតិកម្ម​ទៅ​នឹង​ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​អំពី​ប្រាសាទ​ព្រះ​វិហារ​

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​ដែល​ចង់​ឲ្យ​មាន​ការ​សើ​រើ​ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​ពិភព​លោក​រួម​គ្នា​នោះ គឺ​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​រំខាន​ដល់​បញ្ហា​អធិបតេយ្យ។

0:00 / 0:00

មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​នៅ​ឯ​ទីស្តីការ​ក្រសួង​ការ​បរទេស​ខ្មែរ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ មិថុនា​នេះ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​គិត​ថា នេះ​ជា​ពាក្យ​ពេចន៍​នៃ​ខ្លួន​គាត់​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​មួយ ដែល​រំខាន​ទៅ​ដល់​អធិបតេយ្យ​នៃ​ប្រទេស​មួយ​ទៀត»

នាយក​រដ្ឋមន្ត្រី​ថៃ លោក អាក់ភិស៊ិត វេតឆាឈីវ៉ាក់ បាន​ថ្លែង​ចំពោះ​មុខ​ក្រុម​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ពុធ​នេះ​ថា រដ្ឋាភិបាល​ថៃ​នឹង​ស្នើ​សុំ​ឲ្យ​គណៈកម្មាធិការ​នៃ​អង្គការ​យូណេស្កូ ដើម្បី​ពិនិត្យ​ឡើង​វិញ​ នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៣៣​នៅ​ប្រទេស​អេស្ប៉ាញ ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​៣០ ខែ​មិថុនា​ខាង​មុខ​នេះ ចំពោះ​ការ​សម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិក​ភណ្ឌ​ពិភពលោក។

លោក​នាយក​រដ្ឋមន្ត្រី​ថៃ ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «យូណេស្កូ គឺ​ជា​អង្គការ​មួយ​ដែល​បង្កើត​ឡើង​ដើម្បី​ជំរុញ​ឲ្យ​មាន​សន្តិភាព។ យើង​ឃើញ​ថា មុន​ពេល​ដែល​មាន​គំនិត​ចង់​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិក​ភណ្ឌ​ពិភពលោក បញ្ហា​តូច​តាច​តែង​តែ​កើត​មាន​ឡើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ប៉ុន្តែ​ពុំ​ធ្ងន់​ធ្ងរ​ឡើយ។ ផ្ទុយ​ទៅ​វិញ ឥឡូវ​នេះ​គំនិត​ប្រហាក់​ប្រហែល​គ្នា​នោះ បែរ​ជា​នាំ​មក​ឲ្យ​យើង​នូវ​ការ​បាត់​បង់​និង​ខូច​ខាត។ ដូច្នេះ​ហើយ យើង​ចង់​ស្នើ​សុំ​ឲ្យ​អង្គការ យូណេស្កូ ពិនិត្យ​ឡើង​វិញ​នូវ​គោលការណ៍​ស្ថាបនា​របស់​ខ្លួន ព្រមទាំង​វាយ​តម្លៃ​ថា​តើ​ជម្លោះ​ដែល​កើត​ឡើង​ជុំវិញ​ប្រាសាទ​ព្រះវិហារ​នេះ​វា​ផ្ទុយ​នឹង​គោលការណ៍​នេះ​ដែរ​ឬ​ទេ?»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ថ្ងៃ​ព្រហសត្បិ៍​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ចំពោះ​បញ្ហា​នេះ​ថា ៖ «ប៉ុន្តែ​ខ្ញុំ​គិត​ថា គោល​បំណង​របស់​គាត់​នេះ​មិន​សម្រេច​ជោគ​ជ័យ​ទេ។ បញ្ហា​ដំបូង​ត្រូវ​ចាប់​ផ្ដើម​និយាយ​អំពី​សាល​ក្រម​តុលាការ​ឡាអេ ដែល​បាន​កាត់​ប្រាសាទ​ព្រះ​វិហារ​និង​ដែន​ដី​ជុំវិញ​មក​ឲ្យ​កម្ពុជា។ នេះ​ជា​ចំណុច​ទី​១ ឯ​ចំណុច​ទី​២ អង្គការ​យូណេស្កូ ក្នុង​ក្រប​ខ័ណ្ឌ​បេតិក​ភណ្ឌ​ពិភពលោក បាន​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ទៅ​ជា​បេតិក​ភណ្ឌ​ពិភពលោក​របស់​កម្ពុជា​រួច​ទៅ​ហើយ»

គួរ​បញ្ជាក់​ថា ជម្លោះ​ស្តីពី​ប្រាសាទ​ព្រះវិហារ​នេះ​បាន​រីក​រាល​ដាល​ធំ​ក្រោយ​ពី​អង្គការ​យូណេស្កូ​បាន​ដាក់​ប្រាសាទ​នេះ​ជា​មរតក​ពិភព​លោក​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០០៨​កន្លង​ទៅ។ កង​ទ័ព​ថៃ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​ចូល​លុក​លុយ​ក្នុង​តំបន់​នោះ ទោះ​បី​ជា​មាន​ការ​សម្រេច​ពី​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​កាល​ពី​ខែ​មិថុនា ឆ្នាំ​១៩៦២ និង​សន្ធិសញ្ញា​ផ្សេងៗ​ទៀត បាន​កំណត់​ថា ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​របស់​ខ្មែរ​ក៏​ដោយ។

ប្រទេស​កម្ពុជា​និង​ថៃ​នៅ​តែ​មាន​ជម្លោះ​លើ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ដែល​មិន​ទាន់​មាន​ការ​បោះ​បង្គោល​ព្រំ​សីមា​ច្បាស់​លាស់​នោះ៕