សេចក្ដីប្រកាសព័ត៌មានរួម រវាងក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១១ បានឱ្យដឹងថា កុមារីរូបនោះចាប់ផ្ដើមឈឺនៅថ្ងៃទី ១០ ខែកក្កដា ហើយស្លាប់នៅថ្ងៃទី ២០ ខែកក្កដា គឺរយៈពេល ២ ថ្ងៃ បន្ទាប់ពីបានចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័ន ទី ៧ ខេត្តសៀមរាប កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១១។
ភស្តុតាងបង្ហាញថាកុមារីដែលស្លាប់នេះ បានបរិភោគសាច់មាន់ ដែលងាប់នៅក្នុងភូមិ មុនថ្ងៃចាប់ផ្ដើមឈឺ។ វត្ថុវិភាគ ដែលបានយកទៅពិនិត្យនៅវិទ្យាស្ថាន ប៉ាស្ទ័រ រកឃើញថា មានមេរោគវ៉ៃរ៉ឹសផ្ដាសាយបក្សី H5N1។
ការស្លាប់របស់កុមារីអាយុ ៤ ឆ្នាំនេះ គឺជាករណីទី ១៥ ដែលស្លាប់ដោយសារជំងឺនេះ ក្នុងចំណោមករណីទាំងអស់ ១៧ ករណីនៅប្រទេសកម្ពុជា។ កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១១ កុមារីអាយុ ៧ ឆ្នាំម្នាក់ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលបានស្លាប់ដោយសារស្ថានភាពជំងឺដូចគ្នានេះ គឺជាករណីទី ១៤។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ប្រសាសន៍ថា ជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាជនកម្ពុជា ដោយប្រៀបធៀបទៅនឹងឆ្នាំមុន ឆ្នាំ ២០១១ នេះ មានជំងឺផ្ដាសាយបក្សីកើតច្រើន ហើយកុមារងាយរងគ្រោះជាងគេ។ លោករំលឹកដល់ឪពុកម្ដាយ និងអ្នកថែទាំកុមារ ឱ្យដាក់កុមារនៅឆ្ងាយពីសត្វបក្សីឈឺ ឬស្លាប់ ហើយកុំប៉ះពាល់សត្វទាំងនោះ។
ក្រសួងសុខាភិបាលបានចេញសារអប់រំដល់សាធារណជនឱ្យលាងដៃឱ្យបានញឹកញាប់ ដាក់កុមារនៅឆ្ងាយពីសត្វបក្សី ដាក់សត្វបក្សីឱ្យឆាយពីកន្លែងរស់នៅ និងកុំបរិភោគសត្វបក្សីឈឺ ឬងាប់។ រាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគ ត្រូវចម្អិនឱ្យបានឆ្អិនល្អ។
ក្នុងចំណោមជំងឺផ្ដាសាយបក្សីទាំង ១៧ ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ គឺចំនួន ១១ ករណីកើតមានលើមនុស្សស្រី។
ស្ថានភាពជំងឺនេះនៅជុំវិញពិភពលោក ចាប់តាំងពីឆ្នាំ ២០០៣ មក មានករណីឆ្លងសរុបទាំងអស់ចំនួន ៥៦៣ ករណី ហើយស្លាប់ចំនួន ៣៣០ ករណី។
សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺផ្ដាសាយបក្សីនេះ សូមទាក់ទងទូរស័ព្ទទាន់ហេតុការណ៍ ១១៥ (ឥតគិតថ្លៃ) ០១២ ៤៨៨ ៩៨១ និង ០៨៩ ៦៦៩ ៥៦៧៕
