ការ​ចំណាយ​ថវិកា​របស់​បក្ស​នយោបាយ​មួយ​ចំនួន​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត

ការ​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​របស់​គណបក្ស​ដែល​ចូល​រួម​ទាំង​អស់​មាន​ការ​ចំណាយ​ខុស​គ្នា និង​សមាមាត្រ​ទៅ​តាម​ចំនួន​ឃុំ​សង្កាត់​ដែល​គណបក្ស​ទាំង​នោះ​ឈ​ឈ្មោះ។

0:00 / 0:00

ក្នុង​ចំណោម​​គណបក្ស ៥ មាន​គណបក្ស "ខ្មែរ​ឈប់​ក្រ" គណបក្ស "ចលនា​ប្រជាធិបតេយ្យ" គណបក្ស "សញ្ជាតិ​កម្ពុជា" គណបក្ស "សម្ព័ន្ធ​​ប្រជាធិបតេយ្យ" និង​គណបក្ស "សាធារណរដ្ឋ​ប្រជាធិបតេយ្យ" បាន​ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោត​ដោយ​​ថវិកា​ភាគ​ច្រើន​បាន​មក​ពី​ការ​ចូល​រួម​ពី​សមាជិក​គណបក្ស​​របស់​ខ្លួន​នៅ​តាម​ឃុំ​នីមួយៗ។

តាម​ការ​ប៉ាន់​ស្មាន​នៃ​ការ​ចំណាយ​លើ​ការ​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ​នៃ​គណបក្ស​ទាំង ៥ នេះ មាន​ចន្លោះ​ប្រមាណ​ពី ៧​ពាន់​ដុល្លារ ទៅ ៣​ម៉ឺន​ដុល្លារ​​អាមេរិក។

គណបក្ស​នយោបាយ​ទាំង​អស់​​កំពុង​ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោត​​រក​សំឡេង​គាំ​ទ្រ​រៀង​​ខ្លួន ដោយ​ប្រើ​មធ្យោបាយ​ជា​ច្រើន ដូច​ជា​ការ​ផ្សព្វ​ផ្សាយ​តាម​មូលដ្ឋាន​ផ្ទាល់ ការ​ចែក​ខិត្តប័ណ្ណ​ និង​ការ​ឃោសនា​តាម​ប្រព័ន្ធ​ឧគ្ឃោសនស័ព្ទ តាម​ឡាន ម៉ូតូ ជា​ដើម។ ការ​ឃោសនា​របស់​គណបក្ស​នីមួយៗ​​បាន​ត្រៀម​​​ថវិកា​​ចំណាយ​ជា​ច្រើន​ ដើម្បី​ទទួល​បាន​សំឡេង​​ពី​អ្នក​គាំទ្រ​តាម​មូលដ្ឋាន​ទាំង​នោះ។

អនុប្រធាន​គណបក្ស​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ លោក ចាន់ យ៉េត មាន​ប្រសាសន៍​ថា គណបក្ស​បាន​ត្រៀម​ចំណាយ​លុយ​ប្រមាណ ៣​ម៉ឺន​ដុល្លារ​សម្រាប់​ការ​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​ចំនួន ៩​ឃុំ​ នៅ​ទូទាំង​ប្រទេស។ លោក​បន្ត​ថា សមាជិក​ដែល​ចូល​រួម​ធ្វើ​ការ​ឃោសនា​នោះ គណបក្ស​លោក​មិន​មែន​ឲ្យ​​​ថវិកា​អ្វី​ទេ​ ប៉ុន្តែ​គណបក្ស​ចំណាយ​លើ​ខិត្តប័ណ្ណ​ដើម្បី​ផ្សព្វផ្សាយ​ពី​គោលការណ៍​របស់​គណបក្ស។ ​លោក​បញ្ជាក់​ថា ក្នុង​មួយ​ឃុំ​នឹង​ធ្វើ​ការ​ឃោសនា​ឲ្យ​បាន​​យ៉ាង​ហោច​ណាស់​បី​ដង។

លោក ចាន់ យ៉េត​មាន​ប្រសាសន៍​បន្ថែម​ថា គណបក្ស​បាន​បង្កើត​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១១ ហើយ​ការ​ចំណាយ​ទាំង​អស់ គឺ​បាន​មក​ពី​ការ​ចូល​រួម​ពី​សមាជិក ប្រធាន​គណបក្ស និង​ប្រភព​ពី​ក្រៅ​ប្រទេស​ជា​ដើម ដែល​មាន​បំណង​ជួយ​លើក​កម្ពស់​ស្ត្រី និង​កុមារ​កំព្រា។

​អគ្គលេខាធិការ​នៃ​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ស៊ិន វណ្ណារិទ្ធ បាន​ឲ្យ​ដឹង​ថា គណបក្ស​បាន​ត្រៀម​ចំណាយ​លើ​ការ​ឃោសនា​បោះ​ឆ្នោត​ឃុំ​​សង្កាត់​​ថវិកា​ប្រមាណ ៧​ពាន់​ដុល្លារ​អាមេរិក លើ ២៤​​ឃុំ​សង្កាត់ នៅ​ចំនួន ១០​ខេត្ត​ក្រុង​ទូទាំង​ប្រទេស ដែល​បាន​មក​ពី​អ្នក​ទ្រទ្រង់​គណបក្ស​ផ្ទាល់។

លោក វណ្ណារិទ្ធ បន្ត​ថា ថវិកា​នេះ​គឺ​សម្រាប់​ចំណាយ​លើ​​ដំណើរ​ការ​ឃោសនា​ទាំង​ស្រុង ទាក់​ទង​នឹង​ឧបករណ៍ និង​សម្ភារ​ផ្សេងៗ។

លោក ស៊ិន វណ្ណារិទ្ធ មាន​ប្រសាសន៍​បន្ថែម​ថា គណបក្ស​ខ្មែរ​ឈប់​ក្រ មាន​យុទ្ធសាស្ត្រ​បី​សម្រាប់​ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់ គឺ​ទី​មួយ​ការ​ហែ​ជា​ក្រុម​តូច​ដែល​មាន​ការ​ចូល​​រួម​ពី​សមាជិក​ទាំង​អស់​ប្រមាណ ៣០​នាក់ ទៅ ៥០​នាក់ ទី​ពីរ​គឺ​ចុះ​ចែក​ខិត្តប័ណ្ណ​តាម​ផ្ទះ​ និង​យុទ្ធសាស្ត្រ​ទី​បី គឺ​ផ្សព្វផ្សាយ​តាម​មីក្រូ​នៅ​តាម​ស្នាក់​ការ​ឃុំ​របស់​គណបក្ស​ផ្ទាល់​តែ​ម្ដង។

អគ្គលេខាធិការ​នៃ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ លោក អោក វ៉េត បាន​ឲ្យ​ដឹង​ថា ការ​ចំណាយ​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​​នីមួយៗ​ មិន​ទាន់​បាន​ស្មាន​ថា ចំណាយ​អស់​ប៉ុន្មាន​នៅ​ឡើយ​ទេ ដោយ​លោក​ពន្យល់​ថា គណបក្ស​នេះ​គឺ​ជា​ការ​ចូល​រួម​របស់​​ប្រជាពលរដ្ឋ​ទូទៅ​ទាក់​ទង​នឹង​ដំណើរ​ការ​ឃោសនា​​​នៅ​តាម​ឃុំ​​ទាំង​នោះ។

លោក​បញ្ជាក់​ថា គណបក្ស​សម្ពន្ធ​ប្រជាធិបតេយ្យ មាន​បេក្ខជន​ឈ​ឈ្មោះ​ចំនួន ១៦៤​ឃុំ​សង្កាត់​នៅ ១៧​ខេត្ត​ក្រុង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក អោក វ៉េត មាន​ប្រសាសន៍​បន្ត​ថា ការ​ចំណាយ​លើ​ទី​ស្នាក់​ការ​កណ្ដាល​​​របស់​គណបក្ស​គឺ​មាន​ចំនួន​ប្រមាណ ៧​ពាន់ ទៅ ៨​ពាន់​ដុល្លារ​អាមេរិក​លើក​ការ​ឃោសនា​​បោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ។

ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា លោក សេង សុខេង បាន​ឲ្យ​ដឹង​ថា ការ​ចំណាយ​លើ​ការ​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ​​ គឺ​ថវិកា​ទាំង​អស់​ត្រូវ​បាន​ចំណាយ​ដោយ​ផ្ទាល់​​របស់​សមាជិក ឬ​សកម្មជន​របស់​គណបក្ស។ លោក​បន្ត​ថា គណបក្ស​​មាន​ចំនួន​​បេក្ខភាព​ឈរ​ឈ្មោះ​​នៅ​ឃុំ​សង្កាត់​ចំនួន ២២៥​ឃុំ​សង្កាត់ នៅ ១១​ខេត្ត​ក្រុង​ទូទាំង​ប្រទេស។

លោក សុ ខេង មាន​ប្រសាសន៍​បន្ថែម​ថា ទី​ស្នាក់​ការ​កណ្ដាល​របស់​គណបក្ស​គ្រាន់​តែ​ជា​អ្នក​សម្រប​សម្រួល​ទាក់​ទង​នឹង​ការ​​ធ្វើ​ខិត្តប័ណ្ណ រួម​ទាំង​សម្ភារ​ផ្សេងៗ​ជា​ដើម និង​​ការ​ឃោសនា គឺ​អាស្រ័យ​ទៅ​តាម​​ចំនួន​អ្នក​ចូល​រួម​​នៅ​តាម​តំបន់​ទាំង​នោះ។ លោក​បន្ត​ថា គណបក្ស​​បាន​បង្កើត​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១១ និង​ចូល​រួម​ការ​បោះ​ឆ្នោត​​ឃុំ​សង្កាត់​ដំបូង​ក្នុង​ឆ្នាំ​២០១២។

អគ្គលេខាធិការ​នៃ​គណបក្ស​ចលនា​ប្រជាធិបតេយ្យ លោក ដួង ចន្ទសុរិយា មាន​ប្រសាសន៍​ថា ការ​ឃោសនា​បោះ​ឆ្នោត​នេះ គឺ​មាន​ការ​ចូល​រួម​ពី​អ្នក​សមាជិក​របស់​គណបក្ស​ទាំង​អស់​ដែល​ត្រូវ​បង្ហាញ​ពី​ឆន្ទៈ​ស្នេហា​ជាតិ​ពិត​ប្រាកដ ដោយ​លោក​បញ្ជាក់​​ថា បើ​ទោះ​ជា​មិន​មាន​ថវិកា​ច្រើន តែ​គណបក្ស​លោក​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ដោយ​ស្មារតី​ស្មោះ​ត្រង់​នឹង​ជាតិ។

ទោះ​ជា​យ៉ាង​ណា ក៏​ដោយ​គណបក្ស​ទាំង​ប្រាំ​នេះ​មិន​មាន​អាសនៈ​នៅ​ឃុំ​សង្កាត់​នៅ​ឡើយ​ទេ ដែល​​​ធនធាន​ថវិកា​​ដែល​បាន​ចំណាយ​​លើ​ការ​ឃោសនា​បោះ​ឆ្នោត គឺ​បាន​មក​ពី​​មូលធន​ក្នុង​របស់​ប្រធាន​បក្ស​ផ្ទាល់ ការ​ចូល​រួម​វិភាគ​ទាន​ពី​សមាជិក​ និង​អ្នក​គាំ​ទ្រ​ជា​ដើម រួម​ទាំង​គណបក្ស​មួយ​ចំនួន​ទទួល​បាន​ជំនួយ​ពី​ក្រៅ​ប្រទេស​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​បើ​ទោះ​ជា​​គណបក្ស​ខ្លះ​មាន​លុយ​​តិច​​សម្រាប់​ការ​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ​ ក៏​គណបក្ស​នោះ​មាន​ជំនឿ​ចិត្ត​រៀង​ខ្លួន​ក្នុង​ការ​ទទួល​បាន​ជ័យជំនះ​លើ​ឃុំ​សង្កាត់​ដែល​គណបក្ស​ខ្លួន​​​បាន​ឈ​ឈ្មោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។