កម្ពុជា​បក​ស្រាយ​រឿង​ចាប់​ខ្លួន​និង​ហាម​​ថៃ​មិន​ឲ្យ​បញ្ជា​ចរាចរណ៍​ជើង​អាកាស

មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​នៅ​ថៃ្ង​២០ វិច្ឆិកា បាន​បក​ស្រាយ​រួម​គ្នា​ជុំវិញ​សំណុំ​រឿង​ចារកម្ម​ថៃ​និង​បុគ្គលិក​ថៃ​៩​នាក់ ដែល​សមត្ថកិច្ច​បាន​ចាត់​វិធានការ​ចាប់​ខ្លួន​និង​ដក​សិទ្ធិ​មិន​ឲ្យ​បញ្ជា​ចរាចរណ៍​ជើង​អាកាស​នោះ​ថា ជា​ការ​បង្ការ​មិន​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ។

0:00 / 0:00

លោក តឹក រ៉េតសំរេច ជា​រដ្ឋ​លេខាធិការ​នៃ​ទី​ស្តីការ​គណៈរដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​បំភ្លឺ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បណ្តេញ​បុគ្គលិក​ជនជាតិ​ថៃ​៩​នាក់​ពី​ក្រុមហ៊ុន CATS ឬ​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​នោះ​ទេ។

លោក​បាន​បញ្ជាក់​ថា បុគ្គលិក​ថៃ​ទាំង​នោះ​អាច​បន្ត​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន CATS នោះ​ដដែល ប៉ុន្តែ​មិន​ឲ្យ​មាន​សិទ្ធិ​បញ្ជា​ប្រព័ន្ធ​បញ្ជា​ចរាចរណ៍​ជើង​អាកាស​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ ដោយសារ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ចេតនា​មិន​ល្អ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។

លោក តឹក រ៉េតសំរេច មាន​ប្រសាសន៍​ដូច្នេះ ៖ «រដ្ឋាភិបាល​កំពុង​រៀបចំ​ក្រុម​អ្នក​ច្បាប់​និង​អ្នក​បច្ចេកទេស ធ្វើការ​សិក្សា​លម្អិត​ទៅ​លើ​ប្រព័ន្ធ​ទាំង​អស់ ទៅ​លើការ​ដំណើរការ​ក្រុមហ៊ុន ហើយ​នៅ​ពេល​ដែល​យើង​ធ្វើការ​នេះ​ចប់​សព្វគ្រប់ យើង​នឹង​សម្រេច​ថា តើ​បន្ត​ការងារ​នេះ​តាម​របៀប​ណា​ទៀត នេះ​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល»

លោក ឆាយ ស៊ីណារិទ្ធ ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​​សន្តិសុខ​នៃ​ក្រសួង​មហាផៃ្ទ បាន​មាន​ប្រសាសន៍​ថា បុគ្គលិក​ថៃ​ម្នាក់​នៃ​ក្រុមហ៊ុន CATS ដែល​សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ខ្លួន​កាល​ពី​ថៃ្ង​ទី​១២ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ក្រោម​បទ​ចារកម្ម ដោយសារ​តែ​សត្ថកិច្ច​មាន​ភស្តុតាង​សាក្សី ព្រមទាំង​ចម្លើយ​សារភាព។

លោក ឆាយ ស៊ីណារិទ្ធ បាន​ឲ្យ​ដឹង​ដូច្នេះ​ថា ៖ «គឺ​បាន​សារភាព​ទាំង​អស់​ពី​បញ្ហា​ដែល​ទាក់ទិន​នឹង​ការ​ទទួល​បញ្ជា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចង់​បាន​ព័ត៌មាន​ស្ដីពី​ផែនការ​ហោះ​ហើរ​នេះ​ឯង»

ចំណែក​ឯ​លោក កុយ គួង ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​ក្រសួង​ការ​បរទេស​កម្ពុជា បាន​បណ្តេញ​លេខា​ទី​១​នៃ​ស្ថានទូត​ថៃ ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ថៃ្ង​ទី​១២ ខែ​វិច្ឆិកា​ថ្មីៗ​នេះ ដោយសារ​តែ​មាន​ភស្តុតាង​ថា លេខា​ទី​១​រូប​នោះ​មាន​ការ​ពាក់ព័ន្ធ​នឹង​អំពើ​ចារកម្ម។ ចំណែក​ឯ​ប្រទេស​ថៃ​ដែល​បាន​បណ្តេញ​លេខា​ទី​មួយ​នៃ​សា្ថន​ទូត​កម្ពុជា​ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ មក​កម្ពុជា​វិញ​នោះ គឺ​គ្មាន​ភស្តុតាង​ទេ ហើយ​ជា​អំពើ​សង​សឹក​តែ​ប៉ុណ្ណោះ។

លោក កុយ គួង មាន​ប្រសាសន៍​ដូច្នេះ ៖ «តម្រូវ​ឲ្យ​លេខា​ទី​១​(ថៃ)​ចាក​ចេញ​ពី​កម្ពុជា ក្នុង​រយៈ​ពេល​៤៨​ម៉ោង គឺ​ចាប់​ពី​ម៉ោង​៥ នៅ​ថ្ងៃ​ទី​១២ (វិច្ឆិកា)។ ពេល​នោះ​គឺ​ថា ភាគី​ថៃ​បាន​ធ្វើ​បដិការ​មក​វិញ ដោយ​តម្រូវ​រយៈ​ពេល​៤៨​ម៉ោង​ដូចគ្នា ឲ្យ​ចាក​ចេញ​ចាប់​ពី​ម៉ោង​៥ ថ្ងៃ​ទី​១២​ដដែល»

នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​នៅ​ឡើយ​ទេ​ពី​ស្ថានទូត​ថៃ នៅ​ក្នុង​ប្រទេស​កម្ពុជា ជុំវិញ​រឿង​នេះ។

ប្រតិកម្ម​របស់​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ខាង​លើ​នេះ បាន​ធ្វើ​ទ្បើង​ក្រោយ​ពី​មាន​សេចក្តី​រាយការណ៍​នានា​របស់​កាសែត​ថៃ និង​កាសែត​នៅ​ក្នុង​ប្រទេស​កម្ពុជា អំពី​ជម្លោះ​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​តឹងតែង​ឡើង បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ថា មាន​ការ​បណ្តេញ​បុគ្គលិក​ថៃ​ចំនួន​៩​នាក់ ចេញ​ពី​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​បញ្ជា​ចរាចរណ៍​ជើង​អាកាស​នៅ​ក្នុង​ប្រទេស​កម្ពុជា ហៅ​កាត់​ថា CATS។

បុគ្គលិក​ថៃ​ម្នាក់​ឈ្មោះ ស៊ីវ៉ារ៉ាក់ ជុធិពង់ (Siwarak Chuthipong) រង​ការ​ចាប់​ខ្លួន​ក្រោម​បទ​ចារកម្ម លួច​ព័ត៌មាន​អំពី​តារាង​ជើង​ហោះ​ហើរ​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) អតីត​នាយក​រដ្ឋមន្រ្តី​ថៃ​មក​ប្រទេស​កម្ពុជា កាល​ពី​សប្តាហ៍​ថ្មីៗ​នេះ ក្នុង​តំណែង​ជា​ទីប្រឹក្សា​របស់​លោក​នាយរដ្ឋមន្រ្តី ហ៊ុន សែន និង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ៕