ប្រភពពីប្រជាពលរដ្ឋនៅសង្កាត់អូរស្មាច់ នៃក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា បច្ចុប្បន្ននេះ មានការលួចនាំចូលរថយន្តចង្កូតស្ដាំខុសច្បាប់ពីប្រទេសថៃ ជាញឹកញាប់តាមច្រកទ្វារព្រំដែនអូរស្មាច់ ចូលមកក្នុងប្រទេសកម្ពុជា ហើយសមត្ថកិច្ចកម្ពុជា ហាក់បានធ្វើការបង្ក្រាបករណីនេះ តិចតួច។
បុរសម្នាក់សុំមិនបញ្ចេញឈ្មោះ គឺជាអ្នកដឹងរឿងការនាំចូលរថយន្តចង្កូតស្ដាំ។ គាត់បានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី២១ ខែឧសភា ថា ក្នុងរយៈពេល ១ខែមកនេះ សកម្មភាពរត់ពន្ធ ឡានចង្កូតស្តាំខុសច្បាប់ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអូរស្មាច់ បានកើតមានជាច្រើនលើក។
ពលរដ្ឋសុំមិនបញ្ចេញឈ្មោះ៖ «ប៉ុន្មានថ្ងៃនេះញាប់ដែរ ចេញតាមច្រកអូរស្មាច់ ផ្លូវធំ។ មានឡានម៉ាក VIGO, IZUZU។ ថៃគេនាំមកចូលក្នុងកាស៊ីណូ ហើយខាងណេះគេទាក់ទងមកចាំយកក្នុងកាស៊ីណូ ទូទាត់គ្នាហើយ គេបើកចេញមកតែម្ដង។ ឡានសេរីឆ្នាំ២០០៧-២០០៨ មួយទឹកៗ។ ខ្ញុំជួប បាន ៣គ្រឿងហើយ ខ្ញុំស្ទាក់មុនបាន ១គ្រឿង វាចេញអត់រួច វាយកចូលទៅវិញ។ មកក្រោយទៀត ២គ្រឿង ចេញប្រូច តាមអត់ទាន់ ពណ៌ខ្មៅ»។
ប្រភពដដែលបានឱ្យដឹងថា ច្រកព្រំដែនអូរស្មាច់បច្ចុប្បន្ន ក្រៅពីការនាំចូលរថយន្តចង្កូតស្ដាំដោយលួចលាក់ ក៏មានការនាំចូលម៉ូតូគេចពន្ធពីប្រទេសថៃ ផងដែរ។ គេអះអាងថា មានម៉ូតូម៉ាក ស្គូបភី (Scoopy) ជាច្រើនគ្រឿង ត្រូវបានគេលួចនាំចូលខុសច្បាប់ពីប្រទេសថៃ តាមច្រកនោះដែរ។ ក៏ប៉ុន្តែ សមត្ថកិច្ចកម្ពុជា ប្រចាំនៅច្រកទ្វារព្រំដែនអូរស្មាច់ បានបដិសេធថា ពុំមានការលួចនាំចូលរថយន្តចង្កូតស្ដាំ និងម៉ូតូគេចពន្ធតាមច្រកទ្វារនោះទេ។
លោក ហង្ស វណ្ណ ជាអនុប្រធានសាខាគយរដ្ឋាករ ប្រចាំច្រកទ្វារព្រំដែនអូរស្មាច់។ លោកបានមានប្រសាសន៍ថា ពុំមានសកម្មភាពនាំចូលរថយន្តចង្កូតស្ដាំពីប្រទេសថៃ ដូចការអះអាងនោះឡើយ។
លោក ហង្ស វណ្ណ បានមានប្រសាសន៍ថា មន្ត្រីជំនាញរបស់លោកពុំធ្លាប់បានទទួលព័ត៌មានអំពីករណីនោះទេ ប៉ុន្តែអង្គភាពរបស់លោកកំពុងតែធ្វើការស្រាវជ្រាវ និងតាមដាន។
ទោះយ៉ាងណា មន្ត្រីគយដដែលបានអះអាងថា ក្រុមរបស់លោកធ្លាប់ចាប់បានរថយន្តចង្កូតស្ដាំ ម៉ាក នីសាន់ ណាវ៉ារ៉ា (NISSAN NAVARA)១គ្រឿង ដែលគេលួចនាំចូលពីប្រទេសថៃ មកកម្ពុជា ដោយខុសច្បាប់៖ «បានចាប់ ១គ្រឿង ហើយរថយន្តហ្នឹងយើងបានបញ្ជូនទៅតុលាការ ហើយតុលាការបានធ្វើការសំរេចវិនិច្ឆ័យស្ថាពរហើយ។ តាមបណ្តាញឱ្យដឹងមកថា វាលួចពីប្រទេសថៃមក»។
បើទោះបីជារដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យប្រើប្រាស់រថយន្តចង្កូតស្ដាំយ៉ាងណាក្ដី ក៏រដ្ឋាភិបាល បានចាត់ទុករថយន្តចង្កូតស្តាំជាប្រភេទយានយន្តខុសច្បាប់ ដែលមិនអនុញ្ញាតឱ្យនាំចូលមកប្រើប្រាស់បន្ថែមនៅក្នុងប្រទេសទៀតឡើយ។ កាលពី ៥-៦ឆ្នាំមុន រដ្ឋាភិបាលកម្ពុជា បានធ្វើការរឹតបន្តឹងយ៉ាងខ្លាំងក្លានៅតំបន់ព្រំដែនច្រកបឹងត្រកួន នៃខេត្តបន្ទាយមានជ័យ ដែលគេដឹងថា ជាច្រកតែងលួចនាំចូលរថយន្តចង្កូតស្ដាំជាច្រើនគ្រឿងដែលខុសច្បាប់នោះ ដើម្បីស្វែងរកការបញ្ឈប់កុំឱ្យមានរថយន្តចង្កូតស្ដាំជាថ្មីទៀត ត្រូវបានគេយកមកលក់ឱ្យអ្នកប្រើប្រាស់ក្នុងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
