លោកស្រី ជួម ស្រីណែត ប្រពន្ធជនរងគ្រោះនៅភូមិសំបូរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បានថ្លែងនៅថ្ងៃសុក្រថា លោកស្រីនិងប្តីបានសុខចិត្តទទួលយកប្រាក់១លានរៀលពីមន្ត្រីប៉េអឹម ឈ្មោះ ចាប នី ដែលបានវាយប្តីរបស់ខ្លួនឲ្យរបួសធ្ងន់ជាំពេញមុខមាត់ បន្ទាប់ពីមានការសម្របសម្រួលគ្នាមួយនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងកាលពីថ្ងៃព្រហស្បតិ៍។
លោកស្រី ជួម ស្រីណែត បានឲ្យដឹងថា ៖ «ទទួលខ្ញុំនឹកឃើញថា ខ្ញុំអាណិតគាត់ គាត់អត់ដូចខ្ញុំដែរ ព្យាយាមយោគយល់គ្នា ថ្ងៃក្រោយយើងអាចពឹងពាក់គាត់ក៏បាន ពឹងពាក់ខ្ញុំក៏បាន»។
ជនរងគ្រោះឈ្មោះ ឈឿម ផល្លា កាលពីយប់ថ្ងៃទី២៣ ខែមិថុនា លោកបានជិះម៉ូតូជាមួយបងប្អូនក្នុងគោលបំណងទៅហៅបងរបស់ខ្លួនម្នាក់ទៀតនៅកន្លែងលេងល្បែងចាក់អាប៉ោង ក្រោយមកក៏កើតទំនាស់ពាក្យសម្ដីគ្នាបន្តិចបន្តួចក្នុងរឿងដាក់ម៉ូតូនៅខាងមុខផ្ទះ ស្រាប់តែឈ្មោះ ចាប នី ជាមន្ត្រីប៉េអឹមមានកំហឹងងើបឡើងវាយលោកមួយដៃអុកគូថ។
ឈឿម ផល្លា បន្តថា ក្រោយពីបានវាយនៅកន្លែងវង់ល្បែងរួច ស្រាប់តែនៅថ្ងៃទី២៤ ខែមិថុនា វេលាម៉ោងជាង៨យប់ខណៈដែលលោកកំពុងអង្គុយមើលទូរទស្សន៍នៅក្នុងផ្ទះ ស្រាប់តែឈ្មោះ ចាប នី និងគ្នីគ្នាច្រើននាក់ទៀត មានឯកសណ្ឋានកងរាជអាវុធហត្ថនិងអាវុធគ្រប់ដៃបានចូលចាប់រូបលោកដាក់ខ្នោះដៃ រួចធ្វើការវាយទាត់ឲ្យរបួសជាទម្ងន់ ហើយយកទៅឃុំខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកបាណន់មួយយប់។
ជនរងគ្រោះបានបន្តទៀតថា លុះព្រឹកឡើង ឈ្មោះ ចាប នី មកជួប ហើយនិយាយថា ឲ្យលោកឈប់ទៅអុកឡុកកន្លែងប្រចាំការរបស់គេ ហើយបង្ខំឲ្យលោកធ្វើកិច្ចសន្យាផ្តិតមេដៃទើបដោះលែងមកវិញ។
មន្ត្រីកងរាជអាវុធហត្ថ ឈ្មោះ ចាប នី មានតួនាទីជាជំនួយការមេបញ្ជាការកងរាជអាវុធហត្ថស្រុកបាណន់បានថ្លែងទទួលកំហុសខាងលើ ហើយបញ្ជាក់ដូច្នេះថា ៖ «យើងធ្វើសេចក្ដីប្ដេជ្ញាចិត្ត គេហៅថាកិច្ចសន្យា ថ្ងៃក្រោយយើងធ្វើអ្វីក៏ដោយគឺទៅតាមច្បាប់ មិនឆេវឆាវ»។
ទាក់ទងនឹងបញ្ហាខាងលើនេះមន្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី បានថ្លែងថា យោងតាមផ្លូវច្បាប់ករណីព្រហ្មទណ្ឌខាងលើនេះមិនអាចធ្វើសម្របសម្រួលបានទេ។ លោកបន្តថា ថ្វីត្បិតតែជនរងគ្រោះទទួលយកប្រាក់ជាសំណង ប៉ុន្តែការដោះស្រាយរបៀបនេះវាធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តច្បាប់ ៖ «បញ្ហានេះវាមិនទាន់បានល្អនៅឡើយទេ ដំណើរការនីតិរដ្ឋ»។
គួរបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឈឿម ផល្លា កាលពីថ្ងៃទី២៦កន្លងទៅថ្មីៗនេះ ក៏បានដាក់ពាក្យប្តឹងទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដែរដើម្បីទាមទាររកយុត្តិធម៌និងស្នើឲ្យដាក់ទណ្ឌកម្មឬអប់រំ មន្ត្រីកងរាជអាវុធហត្ថរូបនោះ ហើយទារឲ្យសងជំងឺចិត្តជាប្រាក់ចំនួន៣លានរៀល៕
