វិនិយោគិន​​ខ្មែរ-​ថៃ​បោះ​ទុន​២១​លាន​ដុល្លារ​សង់​រោងចក្រ​ម្សៅ​មី​នៅ​បាត់ដំបង

អ្នក​វិនិយោគ​ខ្មែរ-​ថៃ បាន​បោះ​ទុន ២១​លាន​ដុល្លារ សាងសង់​រោងចក្រ​ម្សៅ​មី​ដ៏​ធំ​មួយ​នៅ​ខេត្ត​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា ជាប់​ព្រំដែន​ប្រទេស​ថៃ។

0:00 / 0:00

រោងចក្រ​ម្សៅ​មី​នេះ​នឹង​ក្លាយ​ជា​ទី​កន្លែង​ប្រមូល​ទិញ​ដំឡូង​មី​មួយ​ដ៏​ធំ ជួយ​សម្រួល​មិន​ឲ្យ​កសិករ​ដាំ​ដំឡូង​មី​នៅ​ខេត្ត​បាត់ដំបង មាន​ការ​លំបាក​ក្នុង​ការ​ដឹក​ដំឡូងមី​ឆ្លង​ដែន​ទៅ​លក់​នៅ​ប្រទេស​ថៃ​ទៀត និង​អាច​ផ្តល់​ការងារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់​នៅ​ក្នុង​ខេត្ត​ទៀត​ផង។

លោក សួន មាន តំណាង​ក្រុមហ៊ុន សួន មានសម្បត្តិ បាន​ថ្លែង​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា រោង​ចក្រ​នេះ​នឹង​ចាប់​ដំណើរ​ការ​សាងសង់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ រោងចក្រ​​នឹង​ត្រូវ​បោះ​ទី​តាំង​​នៅ​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។

លោក សួន មាន៖ «យើង​មាន​អស់​ហើយ ខាង​ខ្ញុំ​នឹង​បង្កើត​រោងចក្រ​ម្សៅ​មី​មួយ។ ក្នុង​រោងចក្រ​នេះ ​ផលិត​ធ្វើ​ម្សៅ​មី​គ្រប់​មុខ​ច្រើន​ណាស់។ ទី​១ ក្រុមហ៊ុន​ត្រូវ​មាន​ដី​ខ្លួន​ឯង។ ហេតុ​អី​បាន​ក្រុមហ៊ុន​ត្រូវ​មាន​ដី​ខ្លួន​ឯង? យើង​ទិញ​ពី​ប្រ​ជាពលរដ្ឋ​បាន​ក៏​ដោយ មិន​បាន​ក៏ដោយ ប៉ុន្តែ​ផលិតផល​នេះ​ទ្រទ្រង់​រោងចក្រ​យើង​បាន​ផ្គត់ផ្គង់​ហ្នឹង បើ​តាម​រោងចក្រ​មួយ​ត្រូវ​កា​រដី ១​ម៉ឺន​ហិកតារ ប៉ុន្តែ​ក្រុមហ៊ុន​អាច​មាន ៤​ពាន់​ហិកតារ​អី​អ៊ីចឹង​ទៅ យើង​ខ្វះ​បន្តិច​បន្តួច យើង​ទិញ​ពី​ប្រជាពលរដ្ឋ»

លោក​បន្ត​ថា ខេត្ត​បាត់ដំបង មាន​ស្រុក​ជា​ច្រើន​ដែល​មាន​សក្ដានុពល​លើ​វិស័យ​កសិកម្ម។ ក្នុង​នោះ​មាន​ស្រុក​សំពៅលូន ស្រុក​ភ្នំព្រឹក ស្រុក​សំឡូត ស្រុក​បាណន់ និង​ស្រុក​រតនៈមណ្ឌល ជា​ដើម។

ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ទាំង​នោះ​បាន​នាំ​គ្នា​ដាំ​ដំឡូង​មី និង​ពោត​ច្រើន​ជា​រៀង​​រាល់​ឆ្នាំ៖ «ផែនការ​ដែល​យើង​ប្រ​ជុំ​នៅ​ក្នុង​ក្រុមហ៊ុន​ដំ​ណាក់កាល​ទី​១ យើង​អត់​ទាន់​ដក​ផល​ដំឡូង​យើង​ទេ។ យើង​ទិញ​តែ​ប្រជាជន​ទេ បន្ទាប់​ផុត​ពី​ប្រជាជន​បាន​យើង​ប្រើប្រាស់​របស់​យើង រោងចក្រ​យើង​ដំណើរ​រហូត។ ទី​១ ប្រជាជន​ដែល​នៅ​ក្នុង​ហ្នឹង គាត់​ខ្វះ​ដី​បង្កបង្កើន​ផល គាត់​អាច​មក​ទំនាក់​ទំនង​ជាមួយ​​ក្រុមហ៊ុន​ក្នុង​លក្ខណៈ ទី​១ គាត់​ជួល​ក្រុមហ៊ុន លក្ខណៈ​គាត់​សហការ​ចែក​ផល​គ្នា ហើយ​ក្នុង​ករណី​​ទី​៣ បើ​សិន​ជា​ដី​របស់​គាត់​​អត់​មាន​លទ្ធភាព​ធ្វើ ក្រុមហ៊ុន​ជួយ​ថវិកា ក្រុមហ៊ុន​អត់​យក​ការ​ទេ ផល​ដំណាំ​អាច​លក់​ឲ្យ​ក្រុមហ៊ុន​ទៅ​តាម​ទីផ្សារ​សេរី»

នៅ​ពេល​រោងចក្រ​នេះ​ចាប់​ផ្តើម​ដំណើរការ ប្រជា​កសិករ​ខ្មែរ​អាច​នាំ​កសិផល​របស់​ខ្លួន​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ផ្ទាល់ ដោយ​ពុំ​ចាំបាច់​ដឹក​យក​ទៅ​លក់​នៅ​ស្រុក​ថៃ និង​ប្រទេស​វៀតណាម​ទេ ព្រោះ​រោងចក្រ​ម្សៅ​មី​នេះ​ត្រូវ​ការ​ដំឡូង​មី​រាប់​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ។

ក្រុមហ៊ុន សួន មានសម្បត្តិ នេះ បាន​ទទួ​ល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​ទំហំ​ជាង ៤​ពាន់​ហិកតារ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​រនាម​ដូន​សំ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​សំពៅលូន ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង។

កសិផល​ដំឡូង​មី​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ត្រូវ​បាន​កសិករ និង​ឈ្មួញ​កណ្តាល​នាំ​គ្នា​ទិញ ​និង​ដឹក​យក​ទៅ​លក់​​ឲ្យ​ឈ្មួញ​នៅ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម។ឈ្មួញ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ទម្លាក់​តំលៃ​ដំឡូង​មី​កសិករ​ខ្មែរ​រាល់​រដូវ​ប្រមូល​ផល ដោយសា​រតែ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ពុំ​ទាន់​មាន​រោងចក្រ​កែឆ្នៃ។

ក្រុម​អាជ្ញាធរ​ខេត្ត​បាន​អះ​អាង​ថា នា​ពេល​ខាង​មុខ ការ​នាំ​ចេញ​ដំឡូង​មី​ទៅ​ប្រទេស​ថៃ និង​វៀតណាម នឹង​ចុះ​ថយ នៅ​ពេល​ដែល​រោងចក្រ​ម្សៅមី ត្រូ​វបាន​សាងសង់​រួច​នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​រោងចក្រ​ផលិត​ប្រេង​អេតាណុល​មួយ​ទៀត ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ៕