លោកស្រី យ៉ាង សុភ័ណ្ឌ ជាប្រធានសម្ព័ន្ធសហជីពកម្ពុជា។ លោកស្រីបានថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី២១ ខែមីនា ថា នឹងដឹកនាំក្រុមកម្មករធ្វើកូដកម្មនាពេលខាងមុខ បើក្រសួងការងារ និងរដ្ឋាភិបាល មិនបានឆ្លើយតបចំពោះសំណើដំឡើងប្រាក់បៀវត្សជូនកម្មករឲ្យបានសមរម្យនោះទេ។
លោកស្រីបន្តថា មានលក្ខខណ្ឌ ៥ចំណុច ដែលមេដឹកនាំសហជីពរូបនេះកំពុងជំរុញឲ្យស្ថាប័នពាក់ព័ន្ធជួយដល់កម្មករ មានដូចជា ទាមទារប្រាក់ធ្វើដំណើរ ឬថ្លៃជួលផ្ទះចំនួន ១៥ដុល្លារក្នុង១ខែ។ ដំឡើងប្រាក់រង្វាន់ទៀងទាត់ចំនួន ១២ដុល្លារក្នុង១ខែ។ ប្រាក់អាហារថ្ងៃត្រង់ចំនួន ៤ពាន់រៀលក្នុង១ពេល។ ដំឡើងប្រាក់ឈ្នួលឲ្យបានពី ៦១ដុល្លារ ទៅ ១២០ដុល្លារ ក្នុង១ខែ និងជំរុញឲ្យថៅកែក្រុមហ៊ុន រោងចក្រ ឬសហគ្រាស ត្រូវគោរពច្បាប់ និងសិទ្ធិកម្មករ។
លោកស្រីបានស្នើឲ្យកម្មករចូលរួមជាមួយសម្ព័ន្ធឲ្យបានច្រើន ទើបយុទ្ធនាការទាមទារប្រាក់ឈ្នួល ឬប្រាក់អត្ថប្រយោជន៍ផ្សេងទទួលបានជោគជ័យ។ យុទ្ធនាការនេះទទួលបានការគាំទ្រពីក្រុមកម្មករកំពុងបម្រើការងារតាមរោងចក្រមួយចំនួន ដោយពួកគេបានសន្យាថា នឹងចូលរួមជំរុញសម្ព័ន្ធឲ្យបានទាំងអស់គ្នា។
លោកស្រី រ័ត្ន ចាន់ឌី ជាកម្មការិនីបម្រើការនៅរោងចក្រ ហែនសាំ ៣ (Handsome III) បានឲ្យដឹងថា សព្វថ្ងៃនេះក្រុមកម្មករកំពុងប្រឈមការខ្វះខាតធ្ងន់ធ្ងរ ដោយសារតម្លៃទំនិញកើនខ្ពស់ ប៉ុន្តែប្រាក់បៀវត្សរបស់ពួកគេមិនទាន់អាចឆ្លើយតបចំពោះតម្លៃទំនិញនោះទេ។
លោក រ៉ុង ឈុន ជាប្រធានសហភាពសហជីពកម្ពុជា។ លោកបានចាត់ទុកយុទ្ធនាការរបស់សម្ព័ន្ធសហជីពកម្ពុជា ថាជាការឆ្លើយតបបានទាន់ពេលក្នុងគ្រាតម្លៃទំនិញនៅលើទីផ្សារមានតម្លៃខ្ពស់។
លោកថ្លែងបន្តថា លោកនឹងចូលរួមដឹកនាំក្រុមកម្មករធ្វើកូដកម្ម បើរដ្ឋាភិបាលមិនបានឆ្លើយតបចំពោះការទាមទារប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករឲ្យបានសមរម្យទេ។
លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនបានធ្វើអត្ថាធិប្បាយច្រើនទេជុំវិញបញ្ហានេះ ប៉ុន្តែលោកថ្លែងថា រដ្ឋាភិបាល ឬក្រសួងការងារ តែងបានឆ្លើយតបរាល់កង្វល់របស់កម្មករជាប់ជានិច្ច។
ទោះយ៉ាងណា មេដឹកនាំសម្ព័ន្ធសហជីពកម្ពុជា បានអំពាវនាវទៅក្រុម-កម្មការិនី កំពុងបម្រើការងារនៅតាមបណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាសទូទាំងប្រទេសកម្ពុជា ត្រូវចូលរួមធ្វើយុទ្ធនាការជាមួយសម្ព័ន្ធសហជីពឲ្យបានទាំងអស់គ្នា ទើបការទាមទារទទួលជោគជ័យ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
