ការដកលោក ប៉ែន ប៊ុណ្ណារ៍ ពីខេត្តរតនគិរី ធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបអង្កេត ថោ សារ៉ន បានធ្វើសំណើក្រៅច្បាប់និងហួសអំណាចរបស់ខ្លួន សុំឲ្យអង្គការអាដហុក ដកលោក ប៉ែន ប៊ុណ្ណារ៍ ចេញពីខេត្ត ដោយអះអាងថា ដើម្បីឲ្យនៅក្រៅដែនសមត្ថកិច្ចរបស់សាលាដំបូងខេត្តរតនគិរី ស្រួលក្នុងការបញ្ចប់ការចោទប្រកាន់ទៅលើរូបលោកពីបទញុះញង់អំពើភេរវកម្មឲ្យអ្នកស្រុកបះបោរក្នុងបញ្ហាជម្លោះដីធ្លី ដែលបានអូសបន្លាយរយៈពេល៤ឆ្នាំមកហើយ រវាងជនជាតិដើមភាគតិចនៅស្រុកលំផាត់និងក្រុមហ៊ុន ឌី.អឹម.ហ្រ្គុប។
សូមជម្រាបថា ឥឡូវនេះ លោក ប៉ែន ប៊ុណ្ណារ៍ បានត្រូវដកពីរតនគិរី យកទៅដាក់នៅខេត្តស្វាយរៀងវិញហើយ។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៩ សីហា មជ្ឈមណ្ឌលសិទ្ធិមនុស្សបានកត់សម្គាល់ថា ករណីលោក ប៉ែន ប៊ុណ្ណារ៍ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ទៅលើការងាររបស់សង្គមស៊ីវិលនៅកម្ពុជា ហើយមជ្ឈមណ្ឌលទាមទារឲ្យបញ្ចប់ការប្រើការចោទប្រកាន់ពីបទព្រហ្មទណ្ឌយកទៅបំបិទសេរីភាពនៃការបញ្ចេញមតិនិងកាត់បន្ថយសកម្មភាពស្របច្បាប់របស់សង្គមស៊ីវិល។
ស្តីពីបញ្ហានេះ លោកប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ៊ូ វីរៈ មានប្រសាសន៍ថា មជ្ឈមណ្ឌលនឹងបន្តស៊ើបអង្កេតដោយមានព័ត៌មានថា មានការពាក់ព័ន្ធនឹងអំពើពុករលួយនិងការកាប់ព្រៃឈើនាំចេញទៅយៀកណាម។
លោក អ៊ូ វីរៈ ថ្លែងយ៉ាងដូច្នេះ ៖ «ក្នុងករណីនេះ យើងឃើញថា លោកចៅក្រម ថោ សារ៉ន បានលូកដៃយ៉ាងជ្រៅទៅលើបញ្ហានៃអង្គការសិទ្ធិមនុស្ស ហើយអ្វីដែលលោកចៅក្រមបានលើកឡើង គឺផ្ទុយពីគោលការណ៍ច្បាប់ទាំងស្រុង។ ដូច្នេះយើងយល់ថា គួរតែមានការស៊ើបអង្កេតទៅលើករណីចៅក្រម ថោ សារ៉ន លើរឿងក្រមសីលធម៌នៃចៅក្រម ទាក់ទងរឿងការងាររបស់លោក និងទាក់ទងសេរីភាពរបស់លោកហ្នឹង។ ក្នុងករណីនេះ យើងមានព័ត៌មានច្រើន ដែលមជ្ឈមណ្ឌលមានការព្រួយបារម្ភ ហើយមជ្ឈមណ្ឌលនឹងបន្តធ្វើការស៊ើបអង្កេត ដោយសារយើងយល់ថា មានរឿងទាក់ទងអំពើពុករលួយនិងផលប្រយោជន៍ ទាក់ទងនឹងការកាប់ព្រៃឈើហ្នឹង ដឹកឈើទៅប្រទេសវៀតណាមហ្នឹងមានការកើនឡើងច្រើន បណ្ដាលជំរុញឲ្យមានការដកលោក ប៉ែន ប៊ុណ្ណារ៍ ចេញពីតួនាទីរបស់គាត់ ដោយសារលោក ប៉ែន ប៊ុណ្ណារ៍ បានខិតខំបំពេញការងាររបស់គាត់»៕
