ក្រុម​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​ស៊ើប​អង្កេត​អំពើ​មិន​ត្រឹម​ត្រូវ​នៃ​អនុប្រធាន​តុលាការ​រតនគិរី

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ស្នើ​សុំ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ធ្វើការ​ស៊ើប​អង្កេត​ករណី​ការ​ចោទ​ប្រកាន់ លោក ថោ សារ៉ន ចៅក្រម​តុលាការ​ខេត្ត​រតនគិរី ពី​បទ​ថា បាន​ប្រព្រឹត្ត​អំពើ​មិន​ត្រឹម​ត្រូវ​ក្នុង​រឿង​ដោះសា្រយ​ទំនាស់​ដី​ធ្លី​រវាង​ប្រជា​ពលរដ្ឋ​ជន​ជាតិ​ភាគ​តិច​និង​ក្រុមហ៊ុន ឌី.អឹម.​ហ្គ្រុប។

ក្នុង​លិខិត​ចុះ​ថ្ងៃ​១០ ខែ​កញ្ញា ម្សិល​មិញ​នេះ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​បញ្ជាក់​ថា តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក និង​តាម​ការ​ស៊ើប​អង្កេត​ផ្ទាល់​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​បង្ហាញ​ថា លោក ថោ សារ៉ន ចៅក្រម​តុលាការ​ខេត្ត​រតនគិរី​បាន​រំលោភ​នីតិ​វិធី​ច្បាប់ ខុស​ក្រម​វិន័យ​តួនាទី​របស់​ខ្លួន​ជា​ចៅក្រម ដែល​បាន​ចែង​ច្បាស់​លាស់​ក្នុង​ក្រឹត្យ​ក្រម​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម។

លិខិត​ដដែល​នោះ​បន្ត​ថា បញ្ហា​ដែល​លោក​ចៅក្រម ថោ សារ៉ន បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នោះ​មាន ទី​មួយ​៖ លោក​ថោ សារ៉ន បាន​ដោះលែង​ប្រជា​ពលរដ្ឋ​ជន​ជាតិ​ភាគតិច​ក្នុង​ស្រុក​លំផាត់ ដែល​បាន​ជាប់​ក្នុង​ពន្ធនាគារ ដោយសារ​ការ​តវ៉ា​ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​ប្រឆាំង​នឹង​ក្រុមហ៊ុន ឌី.អឹម.​ហ្គ្រុប ជា​ថ្នូរ​នឹង​ការ​បាន​ទទួល​ដី ១០០​ហិកតារ។

ទី​ពីរ ៖ លោក​ចៅក្រម ថោ សារ៉ន លោក​នឹង​លើកលែង​ការ​ចោទ​ប្រកាន់​ដល់​មន្ត្រី​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ពី​បទ​ថា បាន​ញុះញង់​ឲ្យ​មាន​អំពើ​ភេរវកម្ម ប្រសិន​បើ​លោក ប៉ែន ប៊ុណ្ណា ធ្វើការ​សុំ​ទោស​និង​ផ្លាស់​ការងារ​ចេញ​ពី​ខេត្ត​រតនគិរី។

វិទ្យុ​អាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​លោក​ចៅក្រម ថោ សារ៉ន នៃ​ខេត្ត​រតនគិរី​ពី​សេចក្តីការណ៍​ខាង​លើ​នេះ​បាន​នៅ​ឡើយ​ទេ។

សូម​ជម្រាប​ផង​ដែរ​ថា កន្លង​មក​ថ្មីៗ​នេះ លោក​ចៅក្រម ថោ សារ៉ន ក៏​ត្រូវ​បាន​សារ​ព័ត៌មាន​រាយការណ៍​ថា មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ក្នុង​ការ​បង្ខំ​ឲ្យ​គ្រូសារ​របស់​ជន​ជាប់​ឃុំ​បង់​ប្រាក់​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ពី​ពន្ធនាគារ​ផង​ដែរ៕