មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បារម្ភ​ពី​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​កាត់ដេរ

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចេញ​របាយការណ៍​ស្ដីពី​ការ​ព្រួយ​បារម្ភ​ពី​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​កាត់​ដេរ ដោយ​បញ្ជាក់​ថា ការ​ដួល​សន្លប់​របស់​កម្មករ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា។

0:00 / 0:00

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា យល់​ឃើញ​ថា លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ពុំ​ទាន់​មាន​សុវត្ថិភាព និង​ផាសុកភាព​សម្រាប់​កម្មករ​នៅ​ឡើយ​ទេ។ កត្តា​ទាំង​នេះ​ស​បញ្ជាក់​ពី​ការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ការងារ​ជា​មូលដ្ឋាន​របស់​កម្មករ។

ការ​ព្រួយ​បារម្ភ​នេះ គឺ​បន្ទាប់​ពី​នាយកដ្ឋាន​អធិការកិច្ច និង​កិច្ចការ​ច្បាប់​នៃ​ក្រសួង​ការងារ​បង្ហាញ​ថា មាន​កម្មករ​រោងចក្រ​ចំនួន ១.៦៨៦​នាក់ នៅ​រោងចក្រ​ចំនួន ២៤ បាន​ដួល​សន្លប់​ក្នុង​ឆ្នាំ​២០១២។ ក៏​ប៉ុន្តែ​ស្ថិតិ​នេះ​នៅ​តិច​ជាង​តួលេខ​ដែល​ខាង​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រក​ឃើញ​មាន​កម្មករ​រោងចក្រ​ចំនួន ២.១០៧​នាក់ មក​ពី​រោងចក្រ ២៩ បាន​ដួល​សន្លប់​ក្នុង​ឆ្នាំ​២០១២។

បើ​ទោះ​បី​ជា​តួលេខ​របស់​ក្រសួង​ការងារ និង​ខាង​សហជីព មាន​ការ​ខុស​គ្នា​ក៏​ពិត​មែន ប៉ុន្តែ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា យល់​ឃើញ​ថា តួលេខ​រោងចក្រ​ដែល​មាន​កម្មករ​ដួល​សន្លប់​មាន​កាន់​តែ​ច្រើន។

លោក សុខ លាង អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ថ្លែង​ថា លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​រោងចក្រ​មិន​បាន​កែប្រែ​ឲ្យ​ល្អ​ប្រសើរ​ទេ ហើយ​មាន​សភាព​កាន់​តែ​អាក្រក់​ទៅៗ ដែល​ករណី​កម្មករ​ដួល​សន្លប់​នៅ​តែ​មាន។

លោក សុខ លាង៖ «ខាង​ខ្ញុំ​ចង់​ឲ្យ​គាត់​ទទួល​ស្គាល់​នូវ​ការ​ពិត​មួយ​ថា ប្រសិន​បើ​កម្មករ​មាន​ការ​សន្លប់​អ៊ីចឹង ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ទោះ​បី​ចំនួន​វា​ថយ​ចុះ​បន្តិចបន្តួច​ក៏ដោយ ក៏​មាន​ន័យ​ថា វា​មាន​បញ្ហា​កើត​ឡើង​ដែរ។ ត្រូវ​តែ​សហការ​ខាង​អាជីវកម្ម​ខាង​រោងចក្រ ដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា​ទាំង​អស់ និង​ដើម្បី​ឲ្យ​ប្រាកដ​ថា នៅ​ក្នុង​ឆ្នាំ​២០១៣ គឺ​នឹង​មិន​មាន​កម្មករ​ណា​ដួល​សន្លប់​ទៀត​ទេ»

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ផ្ដោត​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​អាហារូបត្ថម្ភ​សុវត្ថិភាព ចំណី​អាហារ និង​ប្រព័ន្ធ​ខ្យល់​ចេញចូល​នៅ​កន្លែង​ធ្វើការ និង​ការ​បញ្ឈប់​ការ​បង្ខំ​ឲ្យ​ថែម​ម៉ោង ហើយ​ថា កត្តា​ទាំង​នេះ ត្រូវ​មាន​ការ​ត្រួត​ពិនិត្យ​ពី​ក្រុម​ការងារ​អធិការកិច្ច​របស់​ក្រសួង​ការងារ ដើម្បី​លើក​កម្ពស់​ចំពោះ​លក្ខខណ្ឌ​ការងារ ដែល​មាន​ភាព​យុត្តិធម៌ និង​គួរ​ឲ្យ​ចូល​ចិត្ត។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៣ ពី​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​កម្មករ​ពុល​សន្លប់ គឺ​មក​ពី​កត្តា​រួម​ផ្សំ​ជា​ច្រើន រួម​មាន​បញ្ហា​សុខភាព​របស់​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង​ច្រើន ការ​ហូប​ចុក​មិន​គ្រប់គ្រាន់ បរិយាកាស​ក្នុង​រោងចក្រ​គ្មាន​ស្តង់ដារ និង​ដោយសារ​កម្មករ​ពុល​ក្លិន​ថ្នាំ​បាញ់​ការពារ​រក្សា​ទំនិញ។

លោក ជា មុនី ជំរុញ​ឲ្យ​ក្រសួង​សុខាភិបាល ក្រសួង​បរិស្ថាន ក្រសួង​ឧស្សាហកម្ម រ៉ែ និង ថាមពល ក្រសួង​ការងារ និង​ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​គិតគូរ​បញ្ហា​នេះ៖ «សំខាន់​គឺ​ក្រសួង​ទាំង​អស់​ហ្នឹង ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​កម្មករ កម្មការិនី នៅ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់​ដេរ»

ទាក់ទង​បញ្ហា​នេះ អនុ​ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ប៉ុក វណ្ណថាត ថ្លែង​ថា ពេទ្យ​ការងារ​បាន​ធ្វើ​ផែនការ​មេ​ប្រចាំ​ឆ្នាំ​២០១៣ សម្រាប់​បញ្ជៀស​បញ្ហា​ដួល​សន្លប់​កម្មករ​នៅ​ក្នុង​រោងចក្រ។

លោក​បន្ត​ថា ក្រសួង​ការងារ​ក៏​នឹង​ពង្រឹង​សមត្ថភាព​មន្ត្រី​អធិការកិច្ច ពង្រឹង​ការ​អនុវត្ត​ច្បាប់ គណៈកម្មការ​ទប់ស្កាត់​ករណី​ដួល​សន្លប់ កំពុង​លើក​គម្រោង​ធ្វើ​ការ​អប់រំ​តាម​រោងចក្រ​ជា​បណ្តើរៗ។

នាយកដ្ឋាន​អធិការកិច្ច និង​កិច្ចការ​ច្បាប់​នៃ​ក្រសួង​ការងារ រក​ឃើញ​ថា មាន​កម្មករ​ដួល​សន្លប់​ចំនួន ១.៩៧៣​នាក់ នៅ​ក្នុង​រោងចក្រ​ចំនួន ១២ កាល​ពី​ឆ្នាំ​២០១១។ រី​ឯ​ឆ្នាំ​២០១២ មាន​កម្មករ​ដួល​សន្លប់​ថយ​ចុះ​នៅ​ត្រឹម ១.៦៨៦​នាក់ ប៉ុន្តែ​កើត​ឡើង​នៅ​រោងចក្រ​ចំនួន ២៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។