ទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃទី១៥ វិច្ឆិកា មជ្ឈមណ្ឌលសិទ្ធិមនុស្ស បានចេញសេចក្ដីថ្លែងការណ៍មួយ សរសេរលំអិតអំពីករណីលោក សម រង្ស៊ី ថា រដ្ឋាភិបាលមានចេតនារារាំងមិនឲ្យលោក សម រង្ស៊ី វិលចូលស្រុកដើម្បីធ្វើនយោបាយវិញបានទេ ទោះបីជាព្រះមហាក្សត្រព្រះប្រទានការលើកលែងទោសដល់លោក សម រង្ស៊ី ក៏ដោយ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានឲ្យដឹងនៅថ្ងៃទី១៥ វិច្ឆិកា ថា ជីវិតនយោបាយរបស់លោក សម រង្ស៊ី ត្រូវបញ្ចប់នៅក្រោយពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលុបឈ្មោះលោកចេញពីបញ្ជីឈ្មោះបោះឆ្នោត។
លោក អ៊ូ វីរៈ បានលើកហេតុផលថា រដ្ឋាភិបាលបានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីអនុវត្តច្បាប់ជាយុទ្ធសាស្ត្រនយោបាយ ដើម្បីចាត់ការប្រឆាំងលោក សម រង្ស៊ី ពិសេសករណី គ.ជ.ប បានលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោតនោះជាការរាំងលោក សម រង្ស៊ី មិនឲ្យធ្វើនយោបាយ ទោះបីជាព្រះមហាក្សត្រប្រទានការលើកលែងទោសដល់លោក សម រង្ស៊ី ក៏ដោយ៖ «ជាការដំណើរការមួយផ្ទុយពីប្រជាធិបតេយ្យទាំងស្រុង អីចឹងការដកបញ្ជីឈ្មោះនេះ ជារឿធ្វើឲ្យរឹងមាំនៃការប្រឆាំងនឹងលោក សម រង្ស៊ី។ បញ្ហានេះ ជារឿងមួយបរាជ័យប្រជាធិបតេយ្យមែនទែន»។
សេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចេញផ្សាយនៅថ្ងៃទី១៥ វិច្ឆិកា បានសរសេរវិភាគអំពីករណីលោក សម រង្ស៊ី ថា ថ្វីត្បិតតែមានភាពអយុត្តិធម៌ និងមានចរិតលក្ខណៈនយោបាយចំពោះការផ្ដន្ទាទោសលោក សម រង្ស៊ី ក៏ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់កាលពីថ្ងៃទី១២ តុលា ឆ្នាំ២០១២ ថា ឈ្មោះលោក សម រង្ស៊ី មិនត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ ទេ ដោយផ្អែកលើមូលដ្ឋានថា លោក សម រង្ស៊ី ជាជនដែលត្រូវបានតុលាការផ្ដន្ទាទោសជាប់ពន្ធនាគារ។
ឆ្លើយតបទៅនឹងករណីនេះ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានបំភ្លឺថា គ.ជ.ប បានអនុវត្តលុបឈ្មោះ លោក សម រង្ស៊ី នេះ ផ្អែកលើលិខិតបញ្ជាក់ពីទោសរបស់លោក សម រង្ស៊ី និងលិខិតលុបឈ្មោះលោក សម រង្ស៊ី ពីសង្កាត់បឹងរាំង៖ «យើងអនុវត្តតាំងពីដើមមក មិនដែលមានអ្នកតវ៉ាទេ ទើបតែឆ្នាំនេះ មានការលុបឈ្មោះឯកឧត្តម សម រង្ស៊ី ពីចៅសង្កាត់បឹងរាំង ទើបឆ្នាំនេះ ទើបមានការឆោឡោអំពីការលុបឈ្មោះឯកឧត្តម សម រង្ស៊ី និងមានការឆោឡោថា គ.ជ.ប នៅក្រោមការគ្រប់គ្រងគណបក្សកាន់អំណាច»។
ទាក់ទងទៅនឹងការលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោតនេះ មេធាវីលោក សម រង្ស៊ី លោក ជូង ជូងី បានប្ដឹងទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញអំពីបញ្ហានេះ។
កាលពីថ្ងៃទី១៤ វិច្ឆិកា ក្រុមប្រឹក្សាធម្មនុញ្ញបានកោះហៅលោក ជូង ជូងី ជាមេធាវីរបស់លោក សម រង្ស៊ី ទាក់ទងនឹងករណីលោកបានប្ដឹងតវ៉ាអំពីការលុបឈ្មោះលោក សម រង្ស៊ី នេះ។ លោក ជូង ជូងី មានប្រសាសន៍ថា ការលុបឈ្មោះលោក សម រង្ស៊ី នេះ មិនត្រឹមត្រូវទេ៖ «អីចឹង ខ្ញុំប្ដឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធការលុបឈ្មោះនោះចោល ហើយរក្សាឈ្មោះ សម រង្ស៊ី នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅសង្កាត់បឹងរាំង ដដែល»។
លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ១២ឆ្នាំ ក្រោមបទចោទចំនួន៤។ ទី១ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋដោយខុសច្បាប់ ទី២ ញុះញង់ឲ្យមានការរើសអើង ទី៣ ក្លែងឯកសារសាធារណៈ និងទី៤ ផ្ដល់ព័ត៌មានមិនពិតទាក់ទិននឹងការដកបង្គោលតម្រុយព្រំដែនកម្ពុជា-វៀតណាម និងការផ្សព្វផ្សាយផែនទីតាមអ៊ីនធឺណិត (Internet) ដើម្បីបង្ហាញពីការចោទប្រកាន់របស់គាត់ថា វៀតណាម បានទន្ទ្រានយកដីកម្ពុជា។
ភ្ជាប់ទៅនឹងបញ្ហានេះ ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិកចំនួន ១២រូប បានសរសេរលិខិតមួយច្បាប់ផ្ញើជូនប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) នៅមុនពេលលោកមកប្រទេសកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។
លិខិតនោះបានចោទប្រកាន់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានរំលោភសិទ្ធិប្រជាពលរដ្ឋជាច្រើនករណី ដោយប្រើប្រាស់ស្ថាប័នរដ្ឋត្រួតត្រាតុលាការ និងបំភិតបំភ័យសកម្មជនធ្វើការងារការពារសិទ្ធិមនុស្ស។
លិខិតនោះបានសុំឲ្យលោកប្រធានាធិបតីសហរដ្ឋអាមេរិក ធ្វើការអំពាវនាវឲ្យមានការលើកលែងទោសលោក សម រង្ស៊ី ជាអ្នកដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា ដើម្បីបានមកចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
