ក៏ប៉ុន្តែ សកម្មភាពរំខាននោះ មិនបានសម្រេចទេ ដោយសារប្រជាពលរដ្ឋ និងអ្នកតំណាងរាស្ត្រនៅតែអញ្ជើញទៅចូលរួមវេទិកានោះរហូតដល់ទីបញ្ចប់។
អ្នកសម្របសម្រួលកម្មវិធីពង្រឹងអំណាចសហគមន៍ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ នៅថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១២ ឲ្យដឹងថា ក្រុមមន្ត្រីមូលដ្ឋាននៃអាជ្ញាធរស្រុកលំផាត់ ខេត្តរតនគិរី នៅតែមានចេតនាធ្វើឲ្យរាំងស្ទះការងាររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស បើទោះបីអង្គការនេះ បានធ្វើលិខិតជូនដំណឹងដល់អាជ្ញាធរខេត្តរួចហើយស្ដីពីការប្រារព្ធវេទិកាសាធារណៈ ស្ដីពីសិទ្ធិមនុស្ស និងការអភិវឌ្ឍយ៉ាងណាក្តី។
លោកបន្តថា មេឃុំ និងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំ បានគំរាមមិនឲ្យសហគមន៍ចូលរួមក្នុងវេទិកា និងគំរាមរុះរោងប្រារព្ធវេទិកាចេញ ប្រសិនអង្គការនេះនៅតែព្យាយាមរៀបចំកម្មវិធីប្រជុំ៖ «តាំងពីល្ងាចមិញមក សហគមន៍ដែលមកជួយរៀបចំកម្មវិធី និងទំនាក់ទំនងជាមួយប្រជាពលរដ្ឋត្រូវបានគេកោះហៅទៅជួបនៅប៉ុស្តិ៍ រហូតគេគំរាមមិនឲ្យដើរប្រាប់ទៅប្រជាពលរដ្ឋ គឺអត់ឲ្យទៅចូលរួមវេទិកាហ្នឹង។ ហើយព្រឹកមិញនេះទៀត ម្ចាស់រោងគាត់បានទទួលទូរស័ព្ទមួយ ដែលគាត់អះអាងថា ជាទូរស័ព្ទរបស់ប៉ូលិសស្រុកលំផាត់ ឲ្យគាត់រុះរោងចេញពីកន្លែងនេះទៅ បើសិនមិនរុះរោងចេញទេ គេមករុះយក ហើយគេអត់ទទួលខុសត្រូវទេ គេមិនអនុញ្ញាតិឲ្យបើកវេទិកានេះទេ»។
ឆ្លើយតបចំពោះការចោទប្រកាន់នេះ មេឃុំសេដា លោក ធំ ផាន់ បានបញ្ជាក់ថា លោកមិនមានចេតនារារាំង ឬរំខានការប្រារព្ធវេទិកានេះទេ ក៏ប៉ុន្តែ លោកចង់ឲ្យមជ្ឈមណ្ឌលសិទ្ធិមនុស្សពន្យារពេលប្រារព្ធពិធីនេះមួយរយៈ ដោយសារប្រជាពលរដ្ឋក្នុងភូមិរវល់ធ្វើស្រែចម្ការ ហើយក្រុមអាជ្ញាធរមានភារកិច្ចចូលរួមវាស់វែងដីជូនប្រជាពលរដ្ឋ ទាក់ទិនគោលនយោបាយធ្វើប្រទានកម្មដីធ្លីជូនប្រជាពលរដ្ឋ។
លោកបន្តថា មិនមានបទបញ្ជាណាមួយឲ្យអាជ្ញាធរឃុំរារាំងវេទិការបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សនោះទេ ប៉ុន្តែអាជ្ញាធរខេត្ត-ស្រុក មិនអនុញ្ញាតិឲ្យអង្គការក្រៅរដ្ឋាភិបាលធ្វើអ្វីដោយមិនបានសុំច្បាប់ពីអាជ្ញាធរខេត្ត-ស្រុក នោះឡើយ៖ «តាំងពីខេត្តរហូតដល់ស្រុក គេប្រកាសឲ្យខ្ញុំ ហើយគេមានឯកសារទៀត គេថាអង្គការណាមួយ បើអត់មានបេសកកម្មមកពីស្រុក ពីខេត្ត គឺលោកឯងកុំអនុវត្ត គេជូនដំណឹង គឺជូនដំណឹងហើយ ប៉ុន្តែត្រូវមានបេសកកម្ម»។
កាលពីថ្ងៃសុក្រ ទី២៧ ខែកក្កដា កន្លងទៅ ក្រុមប៉ូលិសឃុំប៉ាតាង និងប៉ូលិសស្រុកលំផាត់ ប្រដាប់ដោយអាវុធប្រមាណ៨នាក់ និងមេឃុំប៉ាតាង បានរារាំងមិនឲ្យក្រុមការងារមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បើកសិក្ខាសាលាអប់រំផ្សព្វផ្សាយស្ដីពីច្បាប់ និងសិទ្ធិមនុស្ស នៅភូមិប៉ាតាង បានឡើយ ដោយសម្អាងថា អង្គការនេះមិនបានសុំច្បាប់អនុញ្ញាតិពីអាជ្ញាធរខេត្ត។
អភិបាលខេត្តរតនគិរី លោក ប៉ាវ ហមផាន បានអះអាងប្រាប់វិទ្យុអាស៊ីសេរី ទាក់ទិនបញ្ហានេះដែរថា បញ្ហាដែលបានកើតឡើងនៅឃុំប៉ាតាង គឺមិនមែនដោយសារមិនបានសុំច្បាប់នោះទេ គឺដោយសារអង្គការនេះជួបប្រជុំជាមួយសហគមន៍ ដោយមិនបានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន ទើបមានការរារាំងមិនឲ្យអង្គការនេះឲ្យធ្វើសកម្មភាពបាន។
យ៉ាងនេះក្តី នៅក្នុងការប្រារព្ធវេទិកាសាធារណៈរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅភូមិសមុទ្រក្រោម នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកក្កដា នេះ គេសង្កេតឃើញប្រជាពលរដ្ឋមកពីភូមិនានាក្នុងឃុំសេដា និងតំណាងប្រជាពលរដ្ឋមកពីឃុំប៉ាតាង ឃុំកាឡែង ក្នុងស្រុកលំផាត់ ប្រមាណជិត៣០០នាក់ បានចូលរួមវេទិកា ក្នុងនោះក៏មានអ្នកតំណាងរាស្ត្រមកពីគណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្ស សិទ្ធិមនុស្ស និងមេឃុំសេដា ចូលរួមជាវាគ្មិនកិត្តិយស។
អ្នកតំណាងរាស្ត្រមកពីគណបក្ស សិទ្ធិមនុស្ស លោក អ៊ូ ច័ន្ទឫទ្ធិ បានចាប់អារម្មណ៍ថា ការប៉ុនប៉ងណាមួយមិនឲ្យប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកតំណាងរាស្ត្រ ជួបប្រាស្រ័យគ្នាដើម្បីរកមធ្យោបាយដោះស្រាយទុក្ខកង្វល់ និងផលលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន គឺជាចេតនាបិទបាំងអំពើខុសឆ្គងរបស់មន្ត្រីនៅមូលដ្ឋាននោះ។
លោកអំពាវនាវថា ប្រជាពលរដ្ឋត្រូវប្រើប្រាស់សិទ្ធិរបស់ខ្លួនដោយស្របច្បាប់ ដើម្បីតស៊ូមតិប្រឆាំងទៅនឹងអំពើរំលោភសិទ្ធិប្រជាពលរដ្ឋ៖ «ប្រសិនអាជ្ញាធរ មេឃុំ មេភូមិ ប៉ូលិស ប្រាប់ថាកុំឲ្យមកចូលរួម អាហ្នឹងគឺមេឃុំ មេភូមិ កុម្មុយនីស្តបងប្អូន មេឃុំ មេភូមិ ផ្តាច់ការ អត់យល់ពីប្រជាធិបតេយ្យ សូម្បីតែបន្តិច»។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៨ បានចេញលិខិតណែនាំស្ដីពីពិធីជួបប្រជុំរបស់ប្រជាពលរដ្ឋ ក្នុងកម្មវិធីអប់រំផ្សព្វផ្សាយ សិក្ខាសាលា ឬការប្រារព្ធវេទិកាសាធារណៈ គឺមិនតម្រូវឲ្យសុំច្បាប់អនុញ្ញាតិនោះទេ គ្រាន់តែអ្នករៀបចំកម្មវិធីជូនដំណឹងមកអាជ្ញាធរមូលដ្ឋានមុន៧ថ្ងៃ នៃការប្រារព្ធ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែ ប៉ុណ្ណោះ។
