CCHR ចេញ​របាយការណ៍​វិភាគ​ជុំវិញ​ការ​ដក​អភ័យ​ឯកសិទ្ធិ​អ្នកស្រី មូរ សុខហួរ

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បរិយាយ​លំអិត​ពី​អង្គហេតុ​ពាក់ព័ន្ធ​នឹង​បញ្ញត្តិច្បាប់ ព្រម​ទាំង​វិភាគ​លំអិត​ពី​ដំណើរ​ការ​ដក​អភ័យ​ឯកសិទ្ធិ​សភា​របស់​ស្ត្រី​អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៉ី អ្នកស្រី មូរ សុខហួរ។

0:00 / 0:00

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចាត់​ទុក​ការ​ដក​អភ័យ​ឯកសិទ្ធិ​របស់​សមាជិក​សភា​គណបក្ស​ប្រឆាំង​នា​ពេល​កន្លង​ទៅ ថា​ធ្វើ​ឡើង​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​បង្ហាញ​ពី​ឆន្ទៈ​បំភិតបំភ័យ​សំឡេង​ប្រឆាំង។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា អភ័យ​ឯកសិទ្ធិ​សភា​មិន​មាន​សារសំខាន់​សោះ បើ​សិន​ជា​អភ័យ​ឯកសិទ្ធិ​សភា​ត្រូវ​បាន​ដក​ហូត​តាម​ទំនើង​ចិត្ត​របស់​គណបក្ស​កាន់​អំណាច​នោះ។ លោក​បន្ត​ថា ច្បាប់​ស្ដីពី​អភ័យ​ឯកសិទ្ធិ​សភា​ត្រូវ​បាន​គេ​រៀប​ចំ​ឡើង​ដោយ​មាន​ភាព​ខ្វះ​ចន្លោះ ហើយ​ជា​និច្ចកាល​បក្ស​កាន់​អំណាច​តែង​ឆ្លៀត​ប្រើប្រាស់​ចំណុច​ទាំង​នោះ ដើម្បី​បំបាក់​សំឡេង​បក្ស​ប្រឆាំង។

លោក អ៊ូ វីរៈ បញ្ជាក់​ថា បើ​សិន​ណា​តំណាងរាស្ត្រ​មិន​ពិភាក្សា​គ្នា​បន្ថែម​ដែល​ទាក់ទង​នឹង​នីតិវិធី​ប្រគល់ និង​ដក​ហូត​អភ័យ​ឯកសិទ្ធិ​ឲ្យ​បាន​ច្បាស់​ទេ​នោះ នឹង​នាំ​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​ជា​ការ​គំរាម​កំហែង​លទ្ធិប្រជាធិបតេយ្យ៖ «ជា​ចាំបាច់​គណបក្ស​ប្រឆាំង​មាន​ការ​ប្រឈម​ខ្លាំង​មែន​ទែន មិន​មែន​តែ​លោកស្រី មូរ សុខហួរ មួយ​ទេ ដូច​នេះ​កុំ​ឲ្យ​មាន​បញ្ហា​មិន​ច្បាស់លាស់​ទេ ទាល់​តែ​មាន​ការ​ចែង​ឲ្យ​មាន​ការ​ច្បាស់លាស់​តែម្ដង ឥឡូវ​សន្លឹក​បៀរ​ក្នុង​ដៃ​អ្នក​កាន់​អំណាច​ត្រូវ​ឲ្យ​គាត់​សម្រេច បើ​មិន​ការពារ​បក្ស​ប្រឆាំង​ទេ បាន​ន័យ​ថា មិន​គាំទ្រ​ប្រជាធិបតេយ្យ​នោះ​ឡើយ»

លោក អ៊ូ វីរៈ បន្ត​ថា បើ​សិន​ជា​គណបក្ស​ប្រជាជន​មិន​មាន​ឆន្ទៈ​ក្នុង​ការ​កែប្រែ​ច្បាប់​លក្ខន្តិកៈ​តំណាងរាស្ត្រ បាន​ន័យ​ថា គណបក្ស​កាន់​អំណាច​មិន​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ។

ទន្ទឹម​នឹង​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា កន្លង​ទៅ​តុលាការ​នៅ​កម្ពុជា តែងតែ​ស្វែង​រក​ចន្លោះ​ប្រហោង​នៃ​ច្បាប់​ដើម្បី​ដាក់ទោស​មន្ត្រី​បក្ស​ប្រឆាំង។

លោក​បន្ត​ថា ការ​ដក​អភ័យ​ឯកសិទ្ធិ​មន្ត្រី​បក្ស​ប្រឆាំង​នា​ពេល​កន្លង​ទៅ ដើម្បី​ដាក់​ទោស​ទៅ​កាន់​តុលាការ គឺ​ធ្វើ​ឡើង​ក្នុង​ចេតនា​នយោបាយ​ច្រើន​ជាង​អនុវត្ត​ច្បាប់។ លោក យឹម សុវណ្ណ បញ្ជាក់​ថា ករណី​អ្នកស្រី មូរ សុខហួរ ទោះ​បី​ជា​សង​ប្រាក់​គ្រប់​ចំនួន​ទៅ​លោក ហ៊ុន សែន តាម​ការ​បង្គាប់​របស់​តុលាការ​ក្ដី ក៏​តុលាការ​នៅ​អូស​បន្លាយ​ពេល​វេលា​ក្នុង​ការ​ផ្តល់​អភ័យ​ឯកសិទ្ធិ​សភា​វិញ​រហូត​ជាង ៣​ឆ្នាំ។

លោក យឹម សុវណ្ណ៖ «គេ​ចេះ​តែ​លើក​ឡើង​ពន្យារ​ពេល អា​ពេល​ដក​ហ្នឹង​វា​មាន​ហើយ ដល់​ពេល​ប្រគល់​ឯកសិទ្ធិ​ត្រូវ​ពន្យារ​អស់ ៣​ឆ្នាំ ហ្នឹង​ជា​សង្គម​ផ្ដាច់ការ​នៅ​ឡើយ​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​០៥ ធ្នូ ឆ្នាំ​២០១២។ ប៉ុន្តែ​កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា លោក​មិន​អាច​លូកដៃ​ចូល​ក្នុង​កិច្ចការ​តុលាការ និង​សភា​បាន​ទេ។

សេចក្ដី​ថ្លែងការណ៍​កម្រាស់ ១៤​ទំព័រ របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លើក​ឡើង​ពី​ករណី​សិក្សា​របស់​អ្នកស្រី មូរ សុខហួរ ស្ត្រី​តំណាងរាស្ត្រ​ដែល​ត្រូវ​តុលាការ​កាត់​ក្តី​ឲ្យ​ចាញ់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់​ពី​សភា​ដក​អភ័យ​ឯកសិទ្ធិ​របស់​អ្នកស្រី​រួច​មក។

មាត្រា ១៤​ច្បាប់​លក្ខន្តិកៈ​តំណាងរាស្ត្រ​ចែង​ថា តំណាងរាស្ត្រ​ដែល​មាន​សាលក្រម ឬ​សាលដីកា​ស្ថាពរ សម្រេច​ថា​ជា​ទណ្ឌិត ជាប់​ពន្ធនាគារ ត្រូវ​បាត់បង់​ទាំង​ស្រុង​នូវ​សិទ្ធិ បុព្វសិទ្ធិ និង​សមាជិកភាព​សភា។ ផ្ទុយ​ទៅ​វិញ អ្នកស្រី មូរ សុខហួរ មាន​ទោស ប៉ុន្តែ​មិន​ត្រូវ​ជាប់​ពន្ធនាគារ​ទេ សង្គម​ស៊ីវិល​សន្និដ្ឋាន​ថា បើ​ច្បាប់​មិន​មាន​ចែង​មិន​គួរ​ណា​សភា​ដក​អភ័យ​ឯកសិទ្ធិ​អ្នកស្រី មូរ សុខហួរ នោះ​ឡើយ។

ច្បាប់​លក្ខន្តិកៈ​តំណាងរាស្ត្រ​ក៏​មិន​បាន​ចែង​ពី​ការ​ប្រគល់​អភ័យ​ឯកសិទ្ធិ​ជូន​អ្នក​តំណាងរាស្ត្រ​វិញ​ដែរ ជា​ហេតុ​នាំ​ឲ្យ​ក្រសួង​យុត្តិធម៌ និង​តុលាការ ពន្យារ​ពេល​អស់​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​ផ្ដល់​អភ័យ​ឯកសិទ្ធិ​សភា​ជូន​អ្នកស្រី មូរ សុខហួរ វិញ នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា តុលាការ​ធ្វើ​ការ​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។