លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា ការចេញផ្សាយរបាយការណ៍អាជីវកម្ម និងសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីបង្ហាញថា មានក្រុមហ៊ុនធ្វើអាជីវកម្មមួយចំនួននៅកម្ពុជា មិនរកស៊ីមានលក្ខណៈត្រឹមត្រូវទេ គឺមានការរកស៊ីដោយមានសកម្មភាពខ្លះមានទាក់ទងការរំលោភសិទ្ធិមនុស្ស។
របាយការណ៍ទាក់ទងការធ្វើអាជីវកម្ម និងសិទ្ធិមនុស្ស បានផ្តោតការពិនិត្យយកចិត្តទុកដាក់ទៅលើតួនាទីរបស់រដ្ឋក្នុងការការពារប្រជាពលរដ្ឋ ការគោរពរបស់ក្រុមហ៊ុនអាជីវកម្មទៅលើសិទ្ធិប្រជាពលរដ្ឋ និងយន្តការដោះស្រាយ និងសងសំណងផ្សេងៗ។
របាយការណ៍បានសរសេរបង្ហាញថា នៅប្រទេសកម្ពុជា មានការរំលោភដីធ្លីបានកើតមានជាច្រើនដោយក្រុមហ៊ុន ហើយជនរងគ្រោះមិនបានដឹងអំពីគម្រោងបណ្ដេញចេញ និងរងការបំភិតបំភ័យ មិនអាចតវ៉ាបាន។ ចំពោះអ្នកធ្វើការនៅតាមរោងចក្រនានាវិញ មានការរើសអើងយេនឌ័រ ការបង្ខំឲ្យធ្វើការលើសម៉ោង ការគាបសង្កត់ដោយប្រើកុងត្រាការងាររយៈពេលខ្លី និងការមានប្រាក់ឈ្នួលទាបមិនអាចទ្រទ្រង់ជីវភាពប្រចាំថ្ងៃជាដើម។ ចំពោះយន្តការដោះស្រាយ និងសងសំណងផ្សេងៗវិញ មានការលំបាក ដោយតុលាការមិនឯករាជ្យ ការដោះស្រាយតាមប្រព័ន្ធក្រៅតុលាការមិនមានតម្លាភាព ពុករលួយ ។ល។
លោក អ៊ូ វីរៈ បានមានប្រសាសន៍ឲ្យដឹងថា ការប្រើសិទ្ធិក្នុងការទិញទំនិញរបស់ប្រជាពលរដ្ឋ អាចធ្វើឲ្យក្រុមហ៊ុននានា មានការដូរទិសងាកមកគោរពសិទ្ធិមនុស្សផងដែរ។
សេចក្តីសន្និដ្ឋានរបស់របាយការណ៍បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា មិនបានទទួលជោគជ័យឡើយក្នុងការការពារប្រជាពលរដ្ឋទល់នឹងការរំលោភបំពាននានាពីសំណាក់ក្រុមអាជីវកម្ម។ ក្រុមអាជីវកម្មមួយចំនួនរំលោភសិទ្ធិមនុស្សដោយចំហ ហើយយន្តការដោះស្រាយសំណងខ្លះបង្កើតឡើងដោយមិនអាចដោះស្រាយឲ្យមានប្រសិទ្ធភាព។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានោះ ជាការយល់ឃើញរបស់អង្គការមួយ ឬរបស់មនុស្សម្នាក់តែប៉ុណ្ណោះ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលមួយក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាលជាច្រើន ដែលធ្វើសកម្មភាពខាងការពារការរំលោភសិទ្ធិមនុស្សនៅកម្ពុជា៕