មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញរបាយការណ៍សង្កេតការណ៍លើសវនាការចំនួន ៣៩៨លើក ក្នុងនោះមានជនជាប់ចោទចំនួនជិត ៦៨៨នាក់ ដែលត្រូវបានតុលាការក្រុងភ្នំពេញ និងតុលាការខែត្រកណ្ដាល យកមកជំនុំជម្រះកាលពីដើមឆ្នាំ២០១១ នោះ គេសង្កេតឃើញថា មានភាពមិនលំអៀង និងបានគោរពវិជ្ជាជីវៈល្អប្រសើរជាងមុន។ ប៉ុន្តែភាពមិនប្រក្រតីនៅក្នុងសវនាការ ពិសេសការឃុំខ្លួនជនចាប់ចោទបណ្ដោះអាសន្ន មានចំនួនកើនឡើងជាងពេលមុនទៅវិញ។
មន្ត្រីសង្កេតការណ៍សវនាការនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ណុប វិរៈ បានលើកឡើងថា ក្នុងរយៈពេល ៦ខែ ការសង្កេតការណ៍សវនាការចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១១ មានភាពមិនលំអៀង និងករណីមិនគោរពវិជ្ជាជីវៈរបស់តុលាការបានថយចុះមកនៅ ៥% លើសវនាការចំនួនជាង ៣៩៨លើក ក្នុងនោះមានជនជាប់ចោទ ៦៨៨នាក់។ បើប្រៀបធៀបរយៈពេល ៦ខែដូចគ្នាក្នុងឆ្នាំ២០១០ មានភាពមិនលំអៀង និងការគោរពវិជ្ជាជីវៈតុលាការមានជាង ៧% លើសវនាការជាង ៥៨០ ក្នុងនោះមានជនជាប់ចោទ ១.២០០នាក់។
លោក ណុប វិរៈ មានប្រសាសន៍ថា ចៅក្រមមិនគោរពវិជ្ជាជីវៈរបស់ខ្លួននៅពេលបើកសវនាការនោះ មានដូចជាពេលកំពុងបើកសវនាការ ចៅក្រមបានដើរចេញពីបន្ទប់សវនាការទៅជួបអ្នកផ្សេង និងករណីនិយាយទូរស័ព្ទនៅពេលបើកសវនាការជាដើម។
ទាក់ទងទៅនឹងបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ជីវ កេង ដើម្បីសុំបំភ្លឺអំពីករណីនេះបានទេ។
បន្ថែមពីលើនេះទៀត មន្ត្រីឃ្លាំមើលតុលាការ លោក ណុប វិរៈ បានអះអាងថា លោកនៅមានការព្រួយបារម្ភនៅឡើយ ចំពោះការឃុំខ្លួនជនជាប់ចោទពីបទព្រហ្មទណ្ឌនៅតែមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ ដែលតុលាការមិនអនុញ្ញាតឲ្យជនជាប់ចោទទាំងនោះដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការនៅក្រៅឃុំនោះ។
របាយការណ៍ប្រចាំឆមាសទី៤ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្ដីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅក្នុងតុលាការកម្ពុជា បានសរសេរថា អត្រានៃការឃុំខ្លួនបណ្ដោះអាសន្នបានកើនឡើងដល់ ៨៣% នៅក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១១ ដោយឡែករបាយការណ៍ប្រចាំឆមាសលើកទី៣ រយៈពេល ៦ខែ ចុងឆ្នាំ២០១០ ការឃុំខ្លួនបណ្ដោះអាសន្នមានចំនួន ៨០%។
របាយការណ៍ដដែលបានសរសេរអំពីការព្រួយបារម្ភខ្លាំងនោះ គឺអត្រាឃុំខ្លួនបណ្ដោះអាសន្នពាក់ព័ន្ធទៅនឹងអនីតិជននៅមានកម្រិតខ្ពស់។ ជនជាប់ចោទនៅតែបន្តបង្ហាញខ្លួននៅចំពោះមុខតុលាការក្នុងសំលៀកបំពាក់ជាអ្នកទោស។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានពន្យល់ថា ខណៈដែលការឃុំខ្លួនបណ្ដោះអាសន្ននៅតែមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភនោះ របត់ទូទៅមើលទៅហាក់ដូចជាមានការរីកចំរើនគួរឲ្យកត់សម្គាល់។
លោកបញ្ជាក់ថា វាមានសារសំខាន់ខ្លាំងណាស់ក្នុងការបន្តការសង្កេតការណ៍ទៅលើដំណើរការរបស់តុលាការ និងកិច្ចពិភាក្សាជាមួយស្ថាប័នយុត្តិធម៌ ដើម្បីបន្តធ្វើឲ្យមានការរីកចំរើន និងដើម្បីធានាថា ដំណើរការយុត្តិធម៌នៅកម្ពុជា ស្របទៅនឹងបទដ្ឋានជាតិ និងអន្តរជាតិ ស្ដីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
