អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ

ក្រុម​គ្រួសារ​របស់​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ នៅ​មាន​សង្ឃឹម​ចំពោះ​ឱកាស​ប្ដឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល។

0:00 / 0:00

លោក ម៉ម សូណង់ដូ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ពី​បទ​ធ្វើ​អបគមន៍ និង​ញុះញង់ ហើយ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល។

អង្គការ​សិទ្ធិ​មនុស្ស និង​ក្រុម​គ្រួសារ​លោក ម៉ម សូណង់ដូ បាន​ជំរុញ​ឲ្យ​ប្រធាន​សាលា​ឧទ្ធរណ៍ ពន្លឿន​សំណុំ​រឿង​របស់​លោក ម៉ម សូណង់ដូ ដើម្បី​ជំទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ថា​ការ​ពន្យារ​ពេល​បើក​សវនាការ​នេះ គឺ​ជា​រឿង​នយោបាយ។

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) កាល​ពី​ថ្ងៃ​ទី១៦ វិច្ឆិកា បាន​ដាក់​លិខិត​ចំហ​មួយ​ទៅ​ប្រធាន​សាលា​ឧទ្ធរណ៍ លោក យ៊ូ ប៊ុនឡេង ដោយ​ស្នើសុំ​ឲ្យ​ពន្លឿន​សំណុំ​រឿង​ឧទ្ធរណ៍​របស់​លោក ម៉ម សូណង់ដូ។

ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៧ វិច្ឆិកា ថា ការ​ពន្យារ​ពេល​មិន​យក​សំណុំ​រឿង​លោក ម៉ម សូណង់ដូ មក​កាត់​សេចក្ដី​នោះ ហាក់​ជា​ចេតនា​មួយ៖ «យើង​យល់​ថា ការ​ពន្យារ​ពេល​នេះ គឺ​ជា​រឿង​នយោបាយ​ដែរ ដោយ​សារ​ខ្ញុំ​មើល​ទៅ​ហាក់​ដូច​ជា​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​តុលាការ​ដែល​មិន​ឲ្យ​សំណុំ​រឿង​នេះ​ទៅ​ដល់​សាលា​ឧទ្ធរណ៍ មិន​ឲ្យ​សំណុំ​រឿង​នេះ​ទៅ​ដល់​មេធាវី។ ខ្ញុំ​មើល​ទៅ​ទាក់​ទង​រឿង​នយោបាយ បើ​សិន​ជា​មាន​ឆន្ទៈ​ពន្យារ​ដោយ​ឆន្ទៈ​នយោបាយ​រដ្ឋាភិបាល​ហ្នឹង គឺ​ជា​ការ​លូក​ដៃ​មួយ​ដែល​មិន​ត្រឹមត្រូវ​ទាល់​តែ​សោះ»

លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ពី​បទ​ធ្វើ​អបគមន៍ និង​ញុះញង់។

ភរិយា​របស់​លោក ម៉ម សូណង់ដូ គឺ​អ្នកស្រី ឌិន ផាណារ៉ា បាន​ថ្លែង​ថា អ្នកស្រី​មាន​សង្ឃឹម​ចំពោះ​សាលា​ឧទ្ធរណ៍​ថា​នឹង​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ចំពោះ​រឿង​ក្ដី​របស់​ស្វាមី​គាត់​ដែល​ពុំ​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «ចង់​ឲ្យ​ដំណើរ​ការ​ឲ្យ​ឆាប់​ណាស់ ពីព្រោះ​ឥឡូវ​ហ្នឹង​រយៈពេល ១​ខែ​ជាង​ហើយ មិន​ទាន់​បាន​ទៅ​ដល់​ឧទ្ធរណ៍ អត់​ទាន់​បាន​អី»

ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើសុំ​នេះ ប្រធាន​សាលា​ឧទ្ធរណ៍ លោក យ៊ូ ប៊ុនឡេង បាន​បដិសេធ​ថា លោក​នៅ​មិន​ទាន់​បាន​ទទួល​សំណុំ​រឿង​របស់​លោក ម៉ម សូណង់ដូ ពី​សាលា​ដំបូង​នៅ​ឡើយ​ទេ៖ «រឿង​ឲ្យ​តែ​មក​ដល់​ខ្ញុំ​ហើយ ខ្ញុំ​មិន​ដែល​ទុក ពីព្រោះ​គោលការណ៍​របស់​ខ្ញុំ គោលការណ៍​ឆាប់​រហ័ស ហើយ​មាន​រឿង​ច្រើន​យ៉ាង​ដូច្នេះ វា​ត្រូវ​តាម​យើង​ខំ​ប្រឹង​ធ្វើ​ម៉េច​ឲ្យ​តែ​បាន​លឿន ព្រោះ​គោលការណ៍​ឆាប់​រហ័ស ខ្ញុំ​មិន​ដែល​យក​ទុក​រឿង​ទេ តែ​យើង​ត្រូវ​គិត​ថា រឿង​មិន​មែន​មាន​តែ​មួយ​ទេ​វា​មាន​ច្រើន»

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ម៉ម សូណង់ដូ គឺ​មេធាវី លោក ស សូវាន បាន​បន្ទោស​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​យឺត​យ៉ាវ​មិន​ទាន់​ផ្ញើ​សំណុំ​រឿង​ទៅ​សាលា​ឧទ្ធរណ៍៖ «ហើយ​ទៅ​កាត់​ម៉េច​កាត់​លើក​ខ្យល់ បើ​សាលា​ឧទ្ធរណ៍​មិន​ទាន់​បាន​ទទួល​សំណុំ​រឿង​ផង។ ខ្ញុំ​មេធាវី​គាត់ ខ្ញុំ​សុំ​ថត​ចម្លង​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ រហូត​មក​ដល់​ថ្ងៃ​នេះ​អត់​ទាន់​បាន​សំណុំ​រឿង​អី​ទេ។ សាលា​ឧទ្ធរណ៍​កាត់​យ៉ាង​ម៉េច បើ​គាត់​ជាប់​គុក ២០​ឆ្នាំ​ហើយ វា​ទាល់​តែ​សាលា​ឧទ្ធរណ៍​កាត់ បាន​គាត់​រួច​ខ្លួន។ បើ​មិន​ទាន់​បាន​កាត់​ផង តាម​ខ្ញុំ​មើល​ទៅ ២​ខែ​ទៀត​នោះ ទាល់​តែ​សាលា​ឧទ្ធរណ៍​គេ​ទទួល​បាន​ជា​គេ​ចាប់​ចៅក្រម​ឲ្យ​ពិនិត្យ វា​អត់​បាន​សំណុំ​រឿង​គេ​ម៉េច​ខុស​សាលា​ឧទ្ធរណ៍​មាន​ខុស​អី​ទេ បើ​សាលា​ដំបូង​អត់​ផ្ញើ​ឲ្យ​គេ»

កាល​ពី​ថ្ងៃ​ទី១ តុលា ឆ្នាំ​២០១២ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ឲ្យ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ និង​ពិន័យ​ប្រាក់ ១០​លាន​រៀល ក្រោម​បទ​ចោទ​ប្រកាន់​ចំនួន​៤ គឺ បទ​ផ្ដួចផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ បទ​ធ្វើ​កុបកម្ម​ជ្រៀតជ្រែក​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ បទ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​កាប់​អាវុធ​ខុស​ច្បាប់ និង​ទី៤ បទ​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់​ដែល​មាន​ចែង​ក្នុង​មាត្រា​មួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ។

ការ​សម្រេច​ក្ដី​លើ​លោក ម៉ម សូណង់ដូ និង​អ្នក​ភូមិ​មួយ​ចំនួន​នេះ ត្រូវ​បាន​អង្គការ​ជាតិ អន្តរជាតិ រិះគន់ និង​ចេញ​សេចក្ដី​ថ្លែងការណ៍​ជំទាស់​ភ្លាមៗ ដោយ​សារ​តែ​ពួក​គេ​យល់​ថា ការ​ផ្ដន្ទាទោស​នេះ គឺ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។