គម្រោង​បេសកកម្ម​សង្គម​នឹង​ផ្តល់​ចំណេះដឹង​ដល់​យុវជន​ជាង​២ម៉ឺន​នាក់

មជ្ឈ​មណ្ឌល​សិក្សា​ដើម្បី​ជោគជ័យ (LSC) និង​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា (WMC) សង្ឃឹម​ថា​នឹង​មាន​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​ទើប​បញ្ចប់​ការ​សិក្សា ប្រមាណ​ជាង ២ម៉ឺន​នាក់ នឹង​ទទួល​បាន​ចំណេះ​ដឹង និង​ភាព​ជោគជ័យ​ក្នុង​ជីវិត តាម​រយៈ​គម្រោង​បេសកកម្ម​សង្គម ដែល​មាន​រយៈ​ពេល ១៨​ខែ របស់​ខ្លួន។

0:00 / 0:00

គម្រោង​បេសកកម្ម​សង្គម​របស់​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា និង​មជ្ឈមណ្ឌល​សិក្សា​ដើម្បី​ជោគជ័យ ដែល​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១២ មាន​គោល​បំណង​សំខាន់​ចំនួន ៥ គឺ​មាន​ដូច​ជា លើក​កម្ពស់​សេចក្ដី​សុខ សុភមង្គល​គ្រួសារ តាម​រយៈ​ការ​កាត់​បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ និង​លើក​ទឹក​ចិត្ត​យុវវ័យ ដោយ​តម្រង់​ទិស​ដៅ​ជីវិត កសាង​សមត្ថភាព និង​បទ​ពិសោធន៍​ជា​ដើម។

នាយក​ប្រតិបត្តិ និង​អ្នក​ឯកទេស​ផ្នែក​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស នៃ​គ្រឹះស្ថាន​សិក្សា​ដើម្បី​ជោគជ័យ លោក ឃីម សុខហេង មាន​ប្រសាសន៍​ថា គ្រឹះស្ថាន​របស់​លោក​ធ្លាប់​បាន​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ជាង ១​ម៉ឺន​នាក់ នៅ​កម្ពុជា ហើយ​ភាគ​រយ​នៃ​ការ​ទទួល​បាន​ជោគជ័យ គឺ​ឈាន​ដល់ ៩០%។

លោក​បន្ត​ថា ភាព​ជោគជ័យ​នេះ គឺ​ដោយ​សារ​ក្រុម​ការងារ​របស់​លោក​មាន​ជំនាញ​ច្បាស់​លាស់ ទាក់​ទង​នឹង​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស៖ «យើង​ផ្ដោត​ទៅ​លើ​ទី​១ ប្រជាពលរដ្ឋ​ដែល​ជា​គ្រួសារ។ ទី២ ផ្ដោត​ទៅ​លើ​យុវជន។ ហើយ​ទី៣ ផ្ដោត​ទៅ​លើ​អស់​លោក លោក​ស្រី ដែល​គាត់​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​ក្រុមហ៊ុន​ឯក​ជន ដែល​គាត់​ជា​បុគ្គលិក ហើយ​គាត់​ចង់​អភិវឌ្ឍ​នូវ​សមត្ថភាព ការ​គិត ជំនាញ និង​ចំណេះ​ដឹង​របស់​គាត់ ដើម្បី​ក្លាយ​ជា​បុគ្គល​ឆ្នើម ជា​បុគ្គលិក​ល្អ ដែល​មាន​ឋានៈ​ខ្ពស់ ហើយ​មាន​ប្រាក់​បៀវត្សរ៍​ខ្ពស់។ ហើយ​អ្នក​ដែល​ចូលរួម គឺ​យើង​គ្រោង​ចំនួន​ពី ៨០០ ទៅ​១.៥០០​នាក់ ក្នុង​មួយ​វគ្គ»

លោក​បញ្ជាក់​ថា មូលនិធិ​ដែល​ទទួល​បាន​ពី​វគ្គ​បណ្ដុះ​បណ្ដាល​ចំនួន ៥​ដុល្លារ ក្នុង​សិក្ខាកាម​ម្នាក់ នឹង​ត្រូវ​ប្រគល់​ឲ្យ​វិទ្យុ​ស្ត្រី FM 102 ចំនួន ៦០% ដើម្បី​ផលិត​ស្ពត​អប់រំ និង​ផ្ដល់​ចំណេះ​ដឹង​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា តាម​រយៈ​វិទ្យុ និង​ទូរទស្សន៍​មួយ​ចំនួន ក្នុង​រយៈពេល ១៨​ខែ។

នាយិកា​ប្រតិបត្តិ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា អ្នកស្រី ជា ស៊ុនដាណែត មាន​ប្រសាសន៍​ថា គម្រោង​បេសកកម្ម​សង្គម​ដែល​ចុះហត្ថលេខា​នៅ​ពេល​នេះ នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យល់​ដឹង​កាន់​តែ​ច្បាស់ អំពី​សេចក្ដី​ថ្លៃថ្នូរ ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ហើយ​កម្មវិធី​នេះ​នឹង​មាន​ផ្សាយ​តាម​វិទ្យុ​ស្ត្រី FM 102 ក្នុង​ពេល​ឆាប់​ខាង​មុខ៖ «ទោះ​បី​ជា​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា គឺ​ជា​អង្គការ​មួយ​ដែល​កំពុង​ធ្វើ​ការងារ​ផ្សព្វផ្សាយ​អប់រំ និង​ផ្ដល់​ចំណេះ​ដឹង​ជួយ​ដល់​សង្គម​ហើយ​ក្ដី ក៏​ថវិកា​ដែល​បាន​មក​នេះ​រួម​គ្នា​បង្កើត​ជា​កម្មវិធី​វិទ្យុ ដែល​យើង​ឲ្យ​ឈ្មោះ​ថា បេសកកម្ម​សង្គម»

អ្នកស្រី​បន្ត​ថា នេះ​គឺ​ជា​លើក​ទី១ ដែល​ខាង​វិស័យ​ឯក​ជន បាន​ជួយ​ដល់​ការ​ផ្សាយ​ដើម្បី​បម្រើ​សង្គម​ជាតិ នៅ​គ្រា​ដែល​ជំនួយ​បរទេស​បាន​កាត់​បន្ថយ​មួយ​ចំនួន​ពី​វិទ្យុ​របស់​អ្នកស្រី។

ចំណែក​ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា មាន​ប្រសាសន៍​ថា លោក​មិន​បាន​ជ្រាប​ច្បាស់​អំពី​គម្រោង​បេសកកម្ម​សង្គម​របស់​ស្ថាប័ន​ទាំង​ពី​នេះ​ទេ ប៉ុន្តែ​លោក​ថា គេ​គួរ​តែ​សិក្សា និង​គិត​ឲ្យ​បាន​ស៊ី​ជម្រៅ ទៅ​លើ​ឫស​គល់ នៃ​ការ​អភិវឌ្ឍន៍​សង្គម និង​ភាព​អត់​ការងារ​របស់​យុវជន​កម្ពុជា នា​ពេល​បច្ចុប្បន្ន។

លោក ជាង សុខា៖ «ការ​បណ្ដុះ​បណ្ដាល​ជំរុញ​សម្រាប់​តែ​ឲ្យ​យុវជន​មាន​ការងារ​ធ្វើ​ប៉ុណ្ណឹង​ទេ។ ប៉ុន្តែ តើ​ការងារ​ដែល​យុវជន​ទទួល​បាន​ហ្នឹង វា​អាច​ជំរុញ​ទៅ​ដល់​លក្ខណៈ​មួយ​ដែល​ធ្វើ​ឲ្យ​យុវជន​នោះ ក្លាយ​ទៅ​ជា​ពលរដ្ឋ​មួយ​ដែល​មាន​លក្ខណៈ​សកម្ម ហើយ​ជួយ​លើក​កម្ពស់​នូវ​បរិយាកាស​ប្រជាធិបតេយ្យ ហើយ​ដើរ​តួ​ជា​ពលរដ្ឋ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​ទៅ​លើ​សង្គម ឬ​សហគមន៍​ទាំង​មូល​យ៉ាង​ដូច​ម្ដេច?»

មជ្ឈ​មណ្ឌល​សិក្សា​ដើម្បី​ជោគជ័យ និង​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា បាន​បង្ហាញ​នូវ​ក្ដី​សង្ឃឹម​ថា ក្រោយ​ពី​ចុះ​អនុស្សរណៈ​បង្កើត​គម្រោង​បេសកកម្ម​សង្គម នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពីរ ក្នុង​ពេល​តែ​មួយ គឺ​មាន​ន័យ​ថា ថវិកា​ដែល​បាន​រំលែក​ពី​ប្រាក់​ដែល​សិស្ស​បង់​ថ្លៃ​សិក្សា​នៅ​មជ្ឈ​មណ្ឌល​របស់​លោក ឃីម សុខហេង យក​ទៅ​ផលិត​កម្មវិធី​អប់រំ​សង្គម​ផ្សេងៗ និង​ទី២ អាច​ផ្ដល់​ចំណេះ​ដឹង​ដល់​សិក្ខាកាម​ប្រមាណ​ជាង ២ម៉ឺន​នាក់ ដោយ​សារ​ថ្លៃ​សិក្សា​ទាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។