ជន​ជាតិ​ចាម​ស្វាគមន៍​សាលា​ក្ដី​ខ្មែរ​ក្រហម

អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​កន្លង​មក​ហើយ ដែល​ជន​រង​គ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ពី​សាលា ​ក្ដី​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរក្រហម ដែល​កំពុង​តែ​ដំណើរ​ការ​ស៊ើប​អង្កេត ហើយ​និង​ធ្វើ​ការ​ជំនុំ​ជម្រះ​មេ​ដឹក​នាំ​កំពូល​ៗ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ជន​ជាតិ​ចាម​នៅ​កម្ពុជា ដែល​ជា​អតីត​ជន​រង​គ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ថ្លែង​ឲ្យ​ដឹង​ថា ពួក​គេ​បាន​អបអរសាទរ​ចំពោះ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដោយ​ជំរុញ​ឲ្យ​តុលាការ​នេះ​រក​យុត្តិធម៌​ជួន​ពួក​គេ​ឲ្យ​បាន​ឆាប់ៗ។

ការ​លើក​ឡើង​ដូច្នេះ​នៅ​បន្ទាប់​ពី​សាលា​ក្តី​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ប្រកាស​ចោទ​ប្រកាន់​មេ​ដឹក​នាំ​កំពូល​ៗ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទាំង​៤​រួប ពី​បទ​ប្រល័យ​ពូជ​សាសន៍​ជន​ជាតិ​ចាម និង​វៀតណាម​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា រួម​មាន នួន ជា អតីត​ប្រធាន​សភា​តំណាង​​ប្រជា​ជន, អៀង សារី អតីត​ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស, អៀង ធីរិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច និង ខៀវ សំផន ប្រធាន​គណៈ​ប្រធាន​រដ្ឋ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

អតីត​ជន​រងគ្រោះ​មួយ​រួប ឈ្មោះ ស៊េត ម៉ាលី ហៅ អាម៉ីណះ បាន​សម្ដែង​សុទិដ្ឋិនិយម​ថា នេះ​ជា​រឿង​ល្អ​មួយ ដែល​សាលា​ក្តី​ខ្មែរ​ក្រហម បាន​ធ្វើ​ការ​ចោទ​ប្រកាន់​បន្ថែម​ជា​ផ្លូវ​ការ​ទៅ​លើ​អតីត​មេ​ដឹក​នាំ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​នេះ​ជា​ការ​បង្ហាញ​អំពី​ភាព​យុត្តិធម៌ និង​កើត​មាន​ចំពោះ​ជន​ជាតិ​ភាគ​តិច​វៀតណាម និង​ចាម។

ហាកឹម ឬ​អ្នក​ដឹក​នាំ​ភូមិ​សាច់​សូ នៅ​ឃុំ​ពាម​ជី​កង ស្រុក​កង​មាស ខែត្រ​កំពង់ចាម លោក យូ​សុះ មហាំ​ម៉ាត់ បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​សាច់​សូ និង​បង​ប្អូន​របស់​លោក ត្រូវ​បាន​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់​នៅ​អូរ​ត្រកួន ស្ថិត​នៅ​ក្នុង​ឃុំ​ពាម​ជីង​កង ដែល​ជា​ទី​កន្លែង​វាល​ពិឃាដ​របស់​ខ្មែរ​ក្រហម។

លោក មហាំ​ម៉ាត់ បញ្ជាក់​ថា អ្នក​ភូមិ​របស់​លោក​ប្រមាណ ៣០០​គ្រួសារ ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់​ទាំង​អស់ ហើយ​សាលា​ក្ដី​បាន​ចោទ​ប្រកាន់​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ទាំង​៤​រួប​នេះ ពី​បទ​ប្រល័យ​ពួជ​សាសន៍​ចាម និង​វៀតណាម​ជា​រឿង​ត្រឹម​ត្រូវ​ជា​ទីបំផុត។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​ចេញ​ផ្សាយ​កាល​ថ្ងៃ​ទី​១៦ កញ្ញា បាន​ឲ្យ​ដឹង​ថា សហ​ចៅក្រម​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា លោក​ចៅក្រម យួ ប៊ុន​ឡេង និង​លោក ចៅក្រម ម៉ា​សែល ឡឺ​ម៉ុង បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​អតីត​មេ​ដឹក​នាំ​ទាំ ៤​រួប​នេះ គឺ​អំពើ​ប្រល័យ​ពូជ​សាសន៍​ជន​ជាតិ​ចាម និង​វៀតណាម និង​បទ​ល្មើស​ផ្សេងៗ ទៀត ដែល​ស្ថិត​នៅ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦ ដូច​ជា មនុស្ស​ឃាត ការ​ធ្វើ​ទារុណកម្ម និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​សាសនា។

ទីប្រឹក្សា​ច្បាប់​ព្រហ្មទណ្ឌ​អន្តរ​ជាតិ​នៃ​សាលា​ក្តី​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម និង​ជា​មេធាវី​ជន​រង​គ្រោះ​វៀតណាម អ្នក​ស្រី លីម៉ា ង្វៀន បាន​មាន​ប្រសាសន៍​ថា ការ​សម្លាប់​ជន​ជាតិ​វៀតណាម ជា​អំពើ​ឧក្រិដ្ឋកម្ម ហើយ​ជន​ជាតិ​វៀតណាម ក៏​ជា​ជន​រង​គ្រោះ​ដែរ ដូច្នេះ​អំពើ​ឧក្រិដ្ឋកម្ម​លើ​ជន​ជាតិ​វៀតណាម ត្រូវ​គិត​នៅ​ទូទាំង​ប្រទេស គេ​មិន​អាច​និយាយ​តែ​ក្នុង​តំបន់​ដែល​មាន​នៅ​ក្នុង​ខែត្រ​មួយ​ចំនួន​នោះ​ទេ ៖ «មូល​ហេតុ​ដែល​តុលាការ​ទទួល​ស្គាល់​ការ​សម្លាប់​ជន​ជាតិ​វៀតណាម មិន​មែន​ជា​ករណី​សម្លាប់​រង្គាល​ជន​ជាតិ​វៀតណាម​ដែល​កើត​មាន​នៅ​ក្នុង​ខែត្រ​កំពង់ឆ្នាំង​នោះ​ទេ ប៉ុន្តែ​តុលាការ​ទទួល​ស្គាល់​ជន​ជាតិ​វៀតណាម​ជា​ជន​រង​គ្រោះ ដោយ​សារ​ខ្មែរ​ក្រហម​បាន​បង្ខំ​ជន​ជាតិ​វៀតណាម​ឲ្យ​រៀប​ការ​ជា​មួយ​ជន​ជាតិ​ដទៃ​ទៀត ដូច​ជា​នៅ​ក្នុង​ខែត្រ​កំពង់ឆ្នាំង​ជា​ដើម»

លោក​ចៅក្រម យួ ប៊ុន​ឡេង បាន​មាន​ប្រសាសន៍​ថា ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ មាន​វិសាលភាព​ធំធេង គ្រប​ដណ្ដប់​ទូទាំង​ប្រទេស និង​មក​លើ​ប្រជា​ជន​កម្ពុជា​ទាំង​មូល ប៉ុន្តែ​ការ​ស៊ើប​អង្កេត​មិន​អាច​ទៅ​គ្រប​ដណ្ដប់​គ្រប់​ទី​កន្លែង និង​គ្រប់​សកម្មភាព​នៃ​ឧក្រិដ្ឋកម្ម​បាន​ទេ។ សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​ប្រតិបត្តិការ​ស៊ើប​អង្កេត​តែ​នៅ​ទីតាំង​ជាក់​លាក់​មួយ​ចំនួន​ទេ។

ប្រធាន​គម្រោង​តាម​រយៈ​ការ​ចុះ​សួរ​នាំ​នៃ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា កញ្ញា សូ ហ្វា​រីណា បាន​មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ទាំង​៤​រួប ពី​បទ​ប្រល័យ​ពូជ​សាសន៍​ជន​ជាតិ​ចាម និង​វៀតណាម គឺ​ជា​រឿង​ត្រឹម​ត្រូវ​តាម​ច្បាប់ និង​ប្រវត្តិសាស្ត្រ ពី​ព្រោះ​ថា​ខ្មែរ​ក្រហម​មាន​ការ​រើស​អើង​ជាតិ​សាសន៍​ទាំង​២​នេះ។

កញ្ញា សូ ហ្វារីណា បាន​អះអាង​ថា ជន​ជាតិ​ចាម​រង​គ្រោះ​ខ្លាំង​ជាង​គេ​នោះ ដោយ​សារ​តែ​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ជន​ជាតិ​ចាម​នៅ​ភូមិ​កោះ​ផល និង​អ្នក​ភូមិ​ស្វាយ​ឃ្លាំង ស្ថិត​នៅ​ស្រុក​ក្រូច​ឆ្មារ ខែត្រ​កំពង់​ចាម បាន​ប្រឆាំង​ត​ទល់​នឹង​គោល​នយោបាយ​ខ្មែរ​ក្រហម ហើយ​ខ្មែរ​ក្រហម​បាន​ជម្លៀស​ជន​ជាតិ​ចាម នៅ​ភូមិ​ដទៃ​ទៀត​មិន​ឲ្យ​ផ្តុំ​គ្នា​ទេ ហើយ​គេ​ក៏​បាន​ចាប់​ផ្ដើម​សម្លាប់​ជន​ជាតិ​ចាម​តាំង​ពី​ពេល​នោះ​មក។

លុះ​ដល់​ឆ្នាំ​១៩៧៧ ខ្មែរ​ក្រហម​បាន​សម្លាប់​រង្គាល​ជន​ជាតិ​ចាម​កាន់​តែ​ច្រើន​ឡើង ដូច​ជា​នៅ​តំបន់​អូរ​ត្រកួន ក្នុង​ស្រុក​កង​មាស ខ្មែរ​ក្រហម​បាន​យក​ជន​ជាតិ​ចាម​ទៅ​សម្លាប់​នៅ​ទី​នោះ​ច្រើន​ជាង​ប្រជា​ពល​រដ្ឋ​ទួទៅ។

ប្រធាន​ក្រុម​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​នៃ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា លោក ឡង់ ដានី បាន​លើក​ឡើង​ថា ជន​ជាតិ​វៀតណាម ដែល​ខ្មែរ​ក្រហម​បាន​សម្លាប់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ អស់​ប្រមាណ ៣​សែន​នាក់ ព្រោះ​ថា ខ្មែរ​ក្រហម​បាន​ចាត់​ទុក​ជន​ជាតិ​វៀតណាម​ជា​សត្រូវ។

ឯកសារ​ស្រាវជ្រាវ​របស់​លោក អ៊ីសា ឧស្មាន អ្នក​ស្រាវជ្រាវ​ឯករាជ​អំពី​ជន​ជាតិ​ចាម បាន​បង្ហាញ​ថា ជនជាតិ​ចាម​ដែល​ខ្មែរ​ក្រហម​បាន​សម្លាប់​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​ប្រហែល​ជា ៤​សែន ទៅ ៥​សែន​នាក់។ ឯកសារ​ដដែល​បាន​បញ្ជាក់​ថា ​ជន​ជាតិ​ចាម​ដែល​ធ្វើ​ការ​បះបោរ​នៅ​ភូមិ​ស្វាយ​ឃ្លាំង នៅ​កោះ​ផល នៅ​ភូមិ​ទ្រា គឺ​មិន​ទទួល​បាន​ជោគ​ជ័យ​ទេ ផ្ទុយ​ទៅ​វិញ​ខ្មែរ​ក្រហម​បាន​សម្លាប់​ជន​ជាតិ​ចាម​ចោល​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​ភូមិ​ដែល​បះបោរ​ទាំង​នោះ៕