ពលរដ្ឋ​ខ្មែរ​អ៊ិស្លាម​ទៅ​ចូល​រួម​ពិធី​បុណ្យ​ហាជ្ជ

2009-11-05

នៅ​ព្រឹក​ថ្ងៃ​៥ វិច្ឆិកា មាន​សាសនិក​អ៊ិស្លាម​ជា​ច្រើន​រយ​នាក់​មក​ពី​តាម​បណ្តា​ខែត្រ​នានា កក​កុញ​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ជូន​ដំណើរ​សាច់​ញាតិ​របស់​ខ្លួន​ទៅ​ធ្វើ​បុណ្យ​ហាជ្ជ​នៅ​ទីក្រុង​ម៉េក្កៈ ប្រទេស​អារ៉ាប់ប៊ីសាវអូឌីត។

AFP Photo

អ្នក​ធ្វើ​ដំណើរ​ជា​ខ្មែរ​អ៊ិស្លាម ដែល​រង់​ចាំ​ការ​ហោះហើរ​ទៅ​ទីក្រុង​បាងកក អង្គុយ​ក្បែរ​អីវ៉ាន់​របស់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០០៨។

យ៉ាង​ហោច​ណាស់​មាន​ប្រជាជាពលរដ្ឋ​ខ្មែរ​អ៊ិស្លាម​ជាង​៦០​នាក់ ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ហាជ្ជ​នៅ​ទី​ក្រុង​ម៉េក្កៈ នៃ​ប្រទេស​អារ៉ាប់ប៊ីសាបអូឌីត នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ក្នុង​ចំណោម​ខ្មែរ​អ៊ិស្លាម​រាប់រយ​នាក់ ដែល​នឹង​ចូល​រួម​បុណ្យ​នៅ​ក្នុង​ឆ្នាំ​នេះ ស្រប​ពេល​ដែល​សាសនិក​អ៊ិស្លាម​នៅ​លើ​សកលលោក គ្រប់​ជាតិ​សាសន៍​ជា​ច្រើន​លាន​នាក់​បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​នេះ។

អ្នក​ដឹក​នាំ​ទៅ​ធ្វើ​បុណ្យ​ហាជ្ជ ឈ្មោះ សារ៉ន ដែល​ដឹក​នាំ​មនុស្ស​ចេញ​លើក​នេះ​៦០​នាក់ ក្នុង​ចំណោម​១៧០​នាក់​បញ្ជាក់​ដូច្នេះ ៖ «ត្រូវ​បែង​ចែក​ជា​៣​ក្រុម មាន​ក្រុម​ថ្ងៃ​៥ ថ្ងៃ​១៦ និង​ថ្ងៃ​១៧ (វិច្ឆិកា)។ នៅ​ក្នុង​ថ្ងៃ​នេះ​ជា​លើក​ទី​១»

លោក សារ៉ន បាន​បញ្ជាក់​ទៀត​ថា អ្នក​ដែល​ទៅ​ធ្វើ​បុណ្យ​ហាជ្ជ​គឺ​ត្រូវ​បង់​លុយ​ក្នុង​ម្នាក់​៣.៨០០​ដុល្លារ ដែល​ទៅ​រយៈ​ពេល​៤០​ថ្ងៃ នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ បន្ទាប់​ពី​បាន​បំពេញ​កាតព្វកិច្ច​បុណ្យ​ហាជ្ជ​នេះ​រួច។ លោក​បាន​ឲ្យ​ដឹង​ថា បាន​ជា​សាសនិក​អ៊ិស្លាម​ចំណាយ​ថវិកា​ច្រើន​ក្នុង​ការ​ទៅ​ធ្វើ​បុណ្យ​ហាជ្ជ គឺ​ជា​កាតព្វកិច្ច​ទី​៥​នៅ​ក្នុង​សាសនា​អ៊ិស្លាម​ចំពោះ​អ្នក​ដែល​មាន​លទ្ធភា។

លោក សារ៉ន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «បើ​អ្នក​អត់​លទ្ធភាព​ក៏​អត់​មាន​បាប​កម្ម​អី​ដែរ អ៊ីចឹង​អ្នក​ដែល​មាន​បាប​កម្ម គឺ​លើ​អ្នក​ដែល​មាន​លទ្ធភាព​ហើយ​មិន​ទៅ»

តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា លោក ស្មាន ទៀត ដែល​បាន​ជូន​ដំណើរ​បង​ប្អូន​របស់​លោក​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដែរ​នោះ បាន​លើក​ឡើង​ថា ការ​ធ្វើ​បុណ្យ​ហាជ្ជ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន គឺ​ស្តេច​នៃ​ប្រទេស​អារ៉ាប់ប៊ីសាវអូឌីត បាន​ឧបត្ថម្ភ​ដល់​សាសនិក​អ៊ិស្លាម​នៅ​កម្ពុជា​ទៅ​ធ្វើ​បុណ្យ​ហាជ្ជ​ចំនួន​២០០​នាក់​ក្នុង​១​ឆ្នាំៗ ដូច​ជា​នៅ​ក្នុង​ឆ្នាំ​២០០១ និង​ឆ្នាំ​២០០២​ជាដើម។ ប៉ុន្តែ​ក្នុង​ឆ្នាំ​នេះ គឺ​មាន​សប្បុរសជន​នៅ​ប្រទេស​អារ៉ាប់ប៊ីសាវអូឌីត ជួយ​តែ​ប្រមាណ​២០​នាក់​ប៉ុណ្ណោះ។

លោក ស្មាន ទៀត មាន​ប្រសាសន៍​ថា ៖ «ការ​ជូន​ដំណើរ​នេះ​វា​អាច​បាត់​សណ្ដាប់ធ្នាប់​សង្គម​នៅ​ក្នុង​ទី​សាធារណៈ អ៊ីចឹង​សូម​ការ​យោគយល់​ពី​បង​ប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ទូទៅ»

អ្នក​ទៅ​ធ្វើ​បុណ្យ​ហាជ្ជ​មួយ​រូប​ក្នុង​ចំណោម​ជាង​៦០​នាក់​នោះ លោក យ៉ាក់ ហ្វើរ បាន​និយាយ​ថា លោក​មាន​ជីវភាព​ធូរធារ ដូច្នេះ​ជា​កាតព្វកិច្ច​របស់​លោក​ត្រូវ​តែ​ទៅ​ធ្វើ​បុណ្យ​ហាជ្ជ​ដើម្បី​បំពេញ​នូវ​ច្បាប់​ទី​៥ នៃ​សាសនា​អ៊ិស្លាម​ដែល​តម្រូវ​ឲ្យ​ធ្វើ​បុណ្យ​ហាជ្ជ​នោះ។

លោក យ៉ាក់ ហ្វើរ មាន​ប្រសាសន៍​ដូច្នេះ ៖ «ផ្ដាំ​ផ្ញើ​ឲ្យ​បង​ប្អូន​ទាំង​អស់​ដែល​មិន​ទាន់​បាន​ទៅ អ៊ិស្លាម​យើង​វា​ត្រូវ​តែ​ទៅ​ហើយ ទាំង​ស្រី​ទាំង​ប្រុស បើ​យើង​មាន​លទ្ធភាព​ត្រូវ​តែ​ទៅ»

កាល​ពី​ឆ្នាំ​២០០៨ ចំពោះ​អ្នក​ទៅ​ធ្វើ​បុណ្យ​ជា​លក្ខណៈ​ឯកជន​នេះ គឺ​មាន​ពីរ​វគ្គ។ វគ្គ​ទី​១​ចំនួន​២៥​ថ្ងៃ ត្រូវ​បង់​លុយ​ថ្លៃ​ធ្វើ​ដំណើរ ថ្លៃ​ស្នាក់​នៅ​និង​ហូប​ចុក​ចំនួន​២.៥០០​ដុល្លារ ហើយ​វគ្គ​ទី​ពីរ​មាន​រយៈ​ពេល​៤០​ថ្ងៃ គឺ​តម្លៃ​៣.០០០​ដុល្លារ​តែប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះ កាល​ពី​ឆ្នាំ​២០០៨​ដដែល គឺ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិស្លាម​ប្រមាណ​៣០០​នាក់​ផង​ដែរ ខក​ខាន​មិន​បាន​ទៅ​បំពេញ​កាតព្វកិច្ច​ធ្វើ​បុណ្យ​ហាជ្ជ ដោយសារ​ហ្វូង​បាតុករ​ថៃ​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ ដែល​ឡោម​ព័ទ្ឋ​ព្រលាន​យន្តហោះ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ បាន​ធ្វើ​ឲ្យ​ជើង​យន្តហោះ​នៃ​ការ​ហោះ​ហើរ​ពី​ភ្នំពេញ​និង​សៀមរាប-​បាងកក បាន​ផ្អាក​បណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០០៨​កន្លង​ទៅ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

បញ្ហា​ជម្លោះ​រវាង​មេ​ដឹកនាំ​ខ្មែរ​អ៊ិស្លាម​និង​ពលរដ្ឋ​នៅ​តាកែវ

បញ្ហា​ជម្លោះ​របស់​ខ្មែរ​អ៊ិស្លាម​នៅ​តាកែវ​មិន​ទាន់​មាន​ដំណោះស្រាយ

កម្ពុជា​គ្រោង​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​ចំណី​អាហារ​Halal

អត្ថន័យ​នៃ​ការ​សាង​ផ្នួស​ក្នុង​ខែ​រ៉ាម៉ាឌន (ភាគ២)

អត្ថន័យ​នៃ​ការ​សាង​ផ្នួស​ក្នុង​ខែ​រ៉ាម៉ាឌន (ភាគ១)

ខ្មែរ​អ៊ិស្លាម​ស្វាគមន៍​ការឈាន​មក​ដល់​នៃ​ខែ​បួស

ខ្មែរ​អ៊ិស្លាម​ធ្វើ​សិក្ខាសាលា​ស្ដីពី​យុវជន​នៅ​ខែត្រ​កំពង់ចាម

មតិ​ខ្មែរ​អ៊ិស្លាម​ជុំវិញ​សុន្ទរកថា​ប្រធានាធិបតី​អាមេរិក​អំពី​មូស្លីម

ម៉ាឡេស៊ី​គ្រោង​បង្កើត​សាកល​វិទ្យាល័យ​សម្រាប់​និស្សិត​អ៊ិស្លាម​នៅ​ស្រុក​ខ្មែរ