យុវជន​ចាម​ត្រូវការ​ជំនួយ​ខាង​វិស័យ​អប់រំ​បន្ថែម​ទៀត

ទោះ​បី​ជា​ជន​ជាតិ​ភាគ​តិច​ចាម ឬ​ខ្មែរ​ឥស្លាម​នៅ​កម្ពុជា មាន​អង្គការ​សមាគម​ជួយ​អភិវឌ្ឍ​ដល់​សហគមន៍​របស់​ពួក​គេ​បាន​មួយ​ចំនួន​ហើយ​ក្ដី ប៉ុន្តែ​ជំនួយ​នោះ​នៅ​មិន​ទាន់​បាន​គ្រប់គ្រាន់​នៅ​ឡើយ ពិសេស​គឺ​វិស័យ​អប់រំ។

0:00 / 0:00

ការ​ជំរុញ​ឲ្យ​យុវជន​ជន​ជាតិ​ចាម​នៅ​តាម​សហគមន៍​ឲ្យ​សិក្សា​ផ្នែក​ចំណេះ​ដឹង​ទូទៅ​នៅ​តាម​សាលា​សាធារណៈ និង​សិក្សា​ស្វែង​យល់​អំពី​សាសនា​របស់​ខ្លួន គឺ​ជា​តម្រូវ​ការ​ចាំបាច់​របស់​ក្រុម​យុវជន​ជន​ជាតិ​ចាម ដែល​ជា​អតីត​និស្សិត​បាន​បញ្ចប់​ការ​សិក្សា​កន្លង​មក។

ការ​លើក​ឡើង​ដូច្នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​រួម​គ្នា​លើក​ទី​២ របស់​ក្រុម​យុវជន​ជាតិ​ចាម ដែល​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃ​ទី​២៤ កក្កដា ដែល​មាន​អតីត​និស្សិត​ដែល​ទើប​បញ្ចប់​ការ​សិក្សា​មក​ពី​បរទេស​ចូល​រួម​សរុប​ទាំង​អស់​ជាង ៦០​នាក់។

អតីត​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ច្បាប់​ពី​ប្រទេស​បារាំង លោក នាគ សាគីរីន ដែល​បច្ចុប្បន្ន​ជា​មន្ត្រី​ផ្នែក​ច្បាប់​នៅ​ក្នុង​សាលាក្ដី​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម បាន​មាន​ប្រសាសន៍​ថា ការ​បណ្ដុះ​បណ្ដាល​ក្មេង​នៅ​សហគមន៍​ជន​បទ ជា​កត្តា​ស្នូល​ដែល​យុវជន​ត្រូវ​រក​មធ្យោបាយ​ជួយ​ពួក​គេ។

ប្រធាន​កម្មវិធី​វិទ្យុ​ផ្សាយ​ជា​ភាសា​ចាម និង​ជា​អតីត​និស្សិត ដែល​បាន​រៀបចំ​កម្មវិធី​ជួប​ជុំ​និស្សិត​នេះ​ឡើង បាន​មាន​ប្រសាសន៍​ថា អតីត​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា ដែល​បាន​បម្រើ​ការ​ងារ​មក​ពី​ស្ថាប័ន​ផ្សេងៗ គ្នា​នោះ ពួក​គេ បាន​កំណត់​ទិស​ដៅ​ជា​ច្រើន​ទាក់​ទង​នឹង​សហគមន៍​ជន​ជាតិ​ចាម ក្នុង​គោល​បំណង​ជំរុញ​លើក​ទឹក​ចិត្ត និង​ទិស​ដៅ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​សហគមន៍ និង​សង្គម​ជាតិ។

នៅ​ក្នុង​ការ​ពិភាក្សា​គ្នា និង​ការ​ចែក​រំលែក​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ក្រុម​យុវជន​ជាតិ​ចាម ពួក​គាត់​ក៏​លើក​នូវ​ចំណុច​ខ្វះ​ខាត​ជា​ច្រើន​របស់​មេ​ដឹក​នាំ​សហគមន៍​ជន​ជាតិ​ចាម​នា​ពេល​បច្ចុប្បន្ន ដូច​ជា​ករណី​ការ​ប្រើប្រាស់​ថវិកា​ជំនួយ​មិន​ចំ​គោល​ដៅ ក្រុម​យុវជន​ទទួល​បាន​ព័ត៌មាន​អំពី​ការ​អភិវឌ្ឍ​សហគមន៍​នៅ​មាន​កម្រិត ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​របស់​ថ្នាក់​ដឹក​នាំ​ជន​ជាតិ​ចាម ទៅ​លើ​ថវិកា​ជំនួយ​មួយ​ចំនួន និង​មាន​កត្តា​មួយ​ផ្សេងៗ​ទៀត។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​យុវជន​ទាំង​នោះ​មិន​បាន​បង្ហាញ​ថា តើ​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​នោះ​បាន​កើត​ឡើង​ចំពោះ​ថ្នាក់​ដឹក​នាំ​ណា​មួយ​នោះ​ឡើយ។ ហើយ​ក្រុម​យុវជន​ទាំង​នោះ​គ្រោង​នឹង​លើក​ចំណុច​ខ្វះ​ខាត​ទាំង​នេះ ឲ្យ​ថ្នាក់​ដឹក​នាំ​របស់​ពួក​គេ​ដឹង​នៅ​ពេល​ខាង​មុខ ដើម្បី​ជា​ប្រយោជន៍​របស់​សហគមន៍។

អតីត​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​មក​ពី​ប្រទេស​ជប៉ុន លោក អាប់ឌុល​រ៉សម៉ាន បាន​លើក​ឡើង​ថា ការ​ទទួល​ជោគ​ជ័យ​ទៅ​បាន​របស់​ក្រុម​យុវជន​ក្នុង​ការ​កំណត់​គោល​ដៅ​អភិវឌ្ឍ​សហគមន៍​ជន​ជាតិ​ចាម ពិសេស​លើ​វិស័យ​អប់រំ​នោះ លុះ​ត្រា​ណា​យុវជន​មាន​ទំនាក់​ទំនង​ល្អ និង​គិត​ពី​ប្រយោជន៍​រួម​ជា​រឿង​សំខាន់។

នៅ​ក្នុង​អង្គ​ប្រជុំ​នោះ ក្រុម​យុវជន​ក៏​បាន​កំណត់​រយៈ​ពេល ៦​ខែ ជួប​គ្នា​ម្ដង ដើម្បី​ស្វែង​រក​វិធី​ផ្សេងៗ ទៀត សម្រាប់​អភិវឌ្ឍ​សហគមន៍​របស់​ពួក​គាត់ និង​ចំណុច​ខ្វះ​ខាត​ដែល​កើត​មាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​យុវជន​ទាំង​នេះ បាន​សម្ដែង​សុទិដ្ឋិនិយម​ថា ពួក​គាត់​មិន​ចង់​ពឹង​ផ្អែក​លើ​ជំនួយ​ទាំង​ស្រុង​ដើម្បី​អភិវឌ្ឍ​សហគមន៍​ទេ ពួក​គាត់​ចង់​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង ដោយ​កើត​មក​ពី​ការ​សហ​ការ​គ្នា​ជា​កត្តា​ចម្បង។

អតីត​និស្សិត​ជន​ជាតិ​ចាម​ដែល​បញ្ចប់​ការ​សិក្សា​នៅ​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​មាន​ប្រមាណ​ជាង ៣០០​នាក់ ហើយ​និស្សិត​កំពុង​សិក្សា​បច្ចុប្បន្ន​មាន​ប្រមាណ ៦០០​នាក់ ប៉ុន្តែ​តួលេខ​នេះ​នៅ​មាន​កម្រិត​តិច​នៅ​ឡើយ​បើ​ប្រៀបធៀប​ប្រជា​ពល​រដ្ឋ​ជន​ជាតិ​ចាម​នៅ​កម្ពុជា​មាន​ចំនួន​ប្រមាណ ៧​សែន​នាក់៕