លោក ចាន់ សុវ៉េត បន្ត​ទៅ​ស៊ុយអែត ខណៈ​ជាប់​ចោទ​ពី​បទ​ផ្ដល់​ជំនួយ​ចារី

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ នៃ​សមាគម​អាដហុក (Adhoc) លោក ចាន់ សុវ៉េត បាន​បន្ត​បេសកកម្ម​ពី​ប្រទេស​ថៃ ទៅ​កាន់​ប្រទេស​ទី​បី​ទៀត គឺ​ប្រទេស​ស៊ុយអែត ដើម្បី​ចូល​រួម​ប្រជុំ​ស្ដីពី​ការ​គោរព​សិទ្ធិ​មនុស្ស ខណៈ​ដែល​លោក​ជាប់​បណ្ដឹង​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពី​បទ​ផ្ដល់​ជំនួយ​ចារី កាល​ពី​ខែ​សីហា កន្លង​ទៅ។

0:00 / 0:00

ដោយ​ឡែក ករណី​លោក ម៉ម សូណង់ដូ ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​នោះ តុលាការ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ នៅ​ថ្ងៃ​ទី​១១ កញ្ញា ខាង​មុខ ដែល​ជា​សំណុំ​រឿង​ទាក់​ទង​នឹង​លោក ចាន់ សុវ៉េត ដែរ​នោះ។ ប៉ុន្តែ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ព្រួយ​បារម្ភ​ថា តុលាការ​បាន​កោះ​ហៅ​សាក្សី​រាប់​សិប​នាក់ ដើម្បី​មក​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ជំនុំ​ជម្រះ​លោក ម៉ម សូណង់ដូ នោះ​ជា​រឿង​ដាក់​បន្ទុក​លើ​រូប​លោក ម៉ម សំណង់ដូ។

មេធាវី​នៃ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៅ​កម្ពុជា លោក សំ សុខគង់ មាន​ប្រសាសន៍​ថា កូន​ក្ដី​របស់​លោក គឺ​លោក ចាន់ សុវ៉េត មិន​ទាន់​វិល​ត្រលប់​មក​កម្ពុជា​វិញ​ទេ​នៅ​ថ្ងៃ​ទី​៦ កញ្ញា ដោយ​សារ​តែ​បន្ត​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។ លោក សំ សុខគង់ អះអាង​ថា កូន​ក្ដី​របស់​លោក​នឹង​វិល​មក​កម្ពុជា​វិញ នៅ​ក្រោយ​ពេល​លោក ចាន់ សុវ៉េត បញ្ចប់​បេសកកម្ម​នៅ​ឯ​បរទេស។ ចំណែក​ឯ​តុលាការ​មិន​ទាន់​ចេញ​ដីកា​កោះ​ហៅ​លោក ចាន់ សុវ៉េត ជា​ថ្មី​នៅ​ឡើយ​ដែរ។

ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​សមាគម​អាដហុក លោក ធន សារ៉ាយ បាន​ឲ្យ​ដឹង​ថា លោក ចាន់ សុវ៉េត មិន​ទាន់​វិល​ត្រលប់​មក​កម្ពុជា​វិញ​នេះ ដោយ​សារ​តែ​លោក​បន្ត​បេសកកម្ម​មួយ​ទៀត​នៅ​ប្រទេស​ស៊ុយអែត ដើម្បី​ចូល​រួម​ក្នុង​សិក្ខាសាលា​ស្ដី​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស។

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ឆែ វីរៈ បាន​ចេញ​ដីកា​កោះ​ហៅ​លោក ចាន់ សុវ៉េត ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​សុក្រ ទី​២៤ សីហា ទាក់ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ផ្ដល់​ជំនួយ​ដល់​ចារី ឬ​ផ្ដល់​ជំនួយ​ដល់​អ្នក​ប្រព្រឹត្ត​បទល្មើស តាម​មាត្រា​៥៤៤ នៃ​ក្រម​ព្រហ្មទណ្ឌ។

ការ​ចោទ​ប្រកាន់​នោះ គឺ​ពាក់ព័ន្ធ​នឹង​ចលនា​ទាមទារ​ដីធ្លី​របស់​ពលរដ្ឋ ដែល​ត្រូវ​រដ្ឋាភិបាល​ចោទ​ថា ជា​ចលនា​បង្កើត​អបគមន៍ ដើម្បី​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ លើ​ទីតាំង​ដី​សម្បទាន​ទំហំ​១៥០០​ហិកតារ។ ប៉ុន្តែ លោក ចាន់ សុវ៉េត ខកខាន​មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ទៅ​តាម​ការ​កោះ​ហៅ​នេះ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​លើក​ឡើង​ថា តុលាការ​ចោទ​ប្រកាន់​លោក ចាន់ សុវ៉េត នេះ មិន​សម​ហេតុផល​នោះ​ឡើយ ពីព្រោះ​ថា ការិយាល័យ​សិទ្ធិ​មនុស្ស​បើក​ទ្វារ​ចំហ​ទទួល​ប្រជាពលរដ្ឋ​ទូទៅ ដែល​រងគ្រោះ​ដោយ​ប្រការ​ណា​មួយ។ លោក អំ សំអាត អះអាង​ថា ករណី​លោក ចាន់ សុវ៉េត នេះ ក៏​ដូច្នោះ​ដែរ លោក​មិន​បាន​ដឹង​ថា តើ​ប្រជាជន​ណា​ជា​ជន​ជាប់​ចោទ ឬ​ប្រជាជន​ណា​ជា​អ្នក​រងគ្រោះ​នោះ​ទេ នៅ​ពេល​លោក​ផ្ដល់​ប្រឹក្សា​យោបល់​តាម​ផ្លូវ​ច្បាប់​នោះ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​លោក ចាន់ សុវ៉េត គឺ​ជាប់​ទាក់​ទង​ទៅ​នឹង​ករណី​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ប្រម៉ា ខេត្ត​ក្រចេះ ដែល​រដ្ឋាភិបាល​ប្រកាស​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មាន​គោល​បំណង​ចង់​ធ្វើ​អបគមន៍ ដែល​ដឹកនាំ​ដោយ​លោក ប៊ុន រដ្ឋា។

ក្រោយ​ពី​រដ្ឋាភិបាល​តាម​រក​ចាប់​ខ្លួន​លោក ប៊ុន រដ្ឋា មិន​បាន​សម្រេច ដោយ​សារ​តែ​លោក ប៊ុន រដ្ឋា បាន​រត់​គេច​ខ្លួន​ទៅ​បរទេស​នោះ នៅ​ថ្ងៃ​ទី​១៥ កក្កដា តុលាការ​ក៏​ចេញ​ដីកា​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ បន្ទាប់​មក​នៅ​ខែ​សីហា តុលាការ​ក៏​ចេញ​ដីកា​ចោទ​ប្រកាន់​លោក ចាន់ សុវ៉េត និង​ឲ្យ​លោក​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ពី​បទ​ផ្ដល់​ជំនួយ​ចារី។

ដោយ​ឡែក ចំពោះ​លោក ម៉ម សូណង់ដូ វិញ តុលាការ​ចោទ​ប្រកាន់​ចំនួន​៤​បទ​ចោទ រួម​មាន​ចូល​រួម​ក្នុង​ចលនា​បះបោរ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ប្រឆាំង​អាជ្ញាធរ​ខុស​ច្បាប់ បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ និង​បទ​ជ្រៀតជ្រែក​ដោយ​ខុស​ច្បាប់​ទៅ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ។ សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​លោក ម៉ម សូណង់ដូ នៅ​ថ្ងៃ​ទី​១១ កញ្ញា។

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​ប្រជាពលរដ្ឋ​ប្រមាណ​៤០​នាក់ មក​ពី​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ឲ្យ​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​លោក ម៉ម សូណង់ដូ។ តុលាការ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​បើក​សវនាការ​ជំនុំ​ជម្រះ​លោក ម៉ម សូណង់ដូ នៅ​ថ្ងៃ​ទី​១១ កញ្ញា ខាង​មុខ​នេះ។

មេធាវី​ការពារ​ក្ដី​លោក ម៉ម សូណង់ដូ លោក​បណ្ឌិត សុខ សំអឿន មាន​ប្រសាសន៍​ថា តុលាការ​កោះ​ហៅ​អ្នក​ភូមិ​មក​ធ្វើ​ជា​សាក្សី​នេះ លោក​មិន​បាន​ដឹង​នោះ​ទេ ថា​តើ​សាក្សី​ទាំង​នោះ​ជា​សាក្សី​របស់​ដើម​បណ្ដឹង ឬ​សាក្សី​របស់​រដ្ឋាភិបាល ដើម្បី​មក​ឆ្លើយ​ដាក់​បន្ទុក​លើ​រូប​លោក ម៉ម សូណង់ដូ ឬ​យ៉ាង​ណា?

ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី ដឹង​កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា ថា តុលាការ​បាន​កោះ​ហៅ​អ្នក​ភូមិ​ទាំង​នោះ មាន​ខ្លះ​ជា​សាក្សី និង​អ្នក​ខ្លះ​ទៀត ជា​ជន​ជាប់​ចោទ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ព្រះរាជ​អាជ្ញា​រង លោក មាស ចន្ទពិសិដ្ឋ មិន​ប្រាប់​លំអិត​ថា ការ​កោះ​ហៅ​សាក្សី​ទាំង​នោះ​ជា​សាក្សី​របស់​ភាគី​ណា​នោះ​ទេ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ទាំង​មេធាវី​ការពារ​ក្ដី​លោក ម៉ម សូណង់ដូ ទាំង​មន្រ្តី​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា លោក​ខ្លាច​សាក្សី​ដែល​នឹង​មក​ចូល​ខ្លួន​នៅ​តុលាការ​នោះ មិន​ឯករាជ្យ ពីព្រោះ​ថា រាល់​ការ​ចំណាយ​លើ​ថ្លៃ​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ក្រចេះ មក​កាន់​តុលាការ​នៅ​ភ្នំពេញ​នោះ គឺ​ថ្លៃ​ស្នាក់​នៅ អាជ្ញាធរ​ប៉ុស្តិ៍​នគរបាល​ឃុំ​កំពង់ដំរី ជា​អ្នក​ទទួល​ខុស​ត្រូវ។

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​ពន្យល់​ថា ករណី​លោក ម៉ម សូណង់ដូ នេះ ជា​រឿង​ចម្លែក​មួយ ពីព្រោះ​ថា​កន្លង​មក​សំណុំ​រឿង​ឧក្រិដ្ឋ តុលាការ​បាន​បើក​ការ​ស៊ើប​អង្កេត​រយៈពេល​យូរ។ តែ​ចំពោះ​សំណុំ​រឿង​លោក ម៉ម សូណង់ដូ បែរ​ជា​តុលាការ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​ក្នុង​រយៈពេល​ឆាប់ ហើយ​តុលាការ​កោះ​ហៅ​សាក្សី​ច្រើន។

រឿងរ៉ាវ​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នោះ តុលាការ​ខេត្ត​ក្រចេះ បាន​ចាប់​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​៣​នាក់ និង​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មនុស្ស​៥​នាក់​ទៀត ដែល​គេ​ចាត់​ទុក​ថា ជា​មេ​ដឹកនាំ​ចលនា​បំបែក​រដ្ឋ​ក្នុង​រដ្ឋ តែ​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ពួក​គេ​ទាំង​នោះ​ចូល​សារភាព ដោយ​សន្យា​ថា គ្មាន​ការ​យក​ទោសពៃរ៍​នោះ​ទេ។

ភ្ជាប់​ទៅ​នឹង​ករណី​លោក ម៉ម សូណង់ដូ នេះ​ដែរ អនុប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ជា បំរុង បាន​ឲ្យ​ដឹង​ថា លោក​បាន​ប្រមូល​ស្នាម​មេដៃ​គាំទ្រ​លោក ម៉ម សូណង់ដូ បាន​ជិត​១២ម៉ឺន​នាក់​ហើយ។ លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៧ កញ្ញា លោក​នឹង​យក​ញត្តិ​គាំទ្រ និង​ស្នាម​មេដៃ​ទាំង​នោះ ដាក់​ជូន​ស្ថានទូត​ធំៗ​ចំនួន​៨ នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​អន្តរាគមន៍​ដោះ​លែង​លោក ម៉ម សូណង់ដូ ក្នុង​នោះ​មាន​ស្ថានទូត​បារាំង អាមេរិក អង់គ្លេស អាឡឺម៉ង់ និង​ស្ថានទូត​មួយ​ចំនួន​ទៀត។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាច្រើន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជាច្រើន​លើក រិះគន់​រដ្ឋាភិបាល​ថា តុលាការ​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ នេះ ជា​ការ​ទម្លាក់​កំហុស​លើ​លោក ម៉ម សូណង់ដូ ដើម្បី​រក​អ្នក​ទទួល​ទោស​ជំនួស​ឲ្យ​សកម្មភាព​ចុះ​បង្ក្រាប​របស់​រដ្ឋាភិបាល​លើ​ពលរដ្ឋ នៅ​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​បាន​បណ្ដាល​ឲ្យ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ស្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។