កាលពីខែធ្នូ ឆ្នាំ២០១១ លោក ចាន់ ចេង បានចាកចេញពីកម្ពុជា ដោយព្រួយបារម្ភពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចរដ្ឋាភិបាលក្រុងភ្នំពេញ ក្រោយពីតុលាការខេត្តកណ្ដាល បានចោទប្រកាន់លោកថា បានរំដោះជនសង្ស័យម្នាក់ចេញពីពន្ធនាគារ។ លោកត្រូវបាន សភាជាតិ ដកហូតអភ័យឯកសិទ្ធិតំណាងរាស្រ្ត កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១១ តាមសំណើរបស់ក្រសួងយុត្តិធម៌ ដើម្បីឲ្យតុលាការ ចោទប្រកាន់ និងចាប់ខ្លួន។
សេចក្ដីថ្លែងការណ៍របស់គណបក្ស សម រង្ស៊ី ផ្សាយនៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឲ្យដឹងថា តំណាងរាស្ត្រលោក ចាន់ ចេង បានមកដល់កម្ពុជាវិញហើយ ប៉ុន្តែមិនបានបញ្ជាក់មូលហេតុនៃការវិលត្រឡប់នេះទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ចាន់ ចេង បានទេនៅថ្ងៃពុធ នេះ។ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយពីមូលហេតុនៃការវិលត្រឡប់មកកម្ពុជារបស់លោក ចាន់ ចេង និងមិនបញ្ជាក់ពីទីកន្លែងស្នាក់នៅរបស់លោកនោះទេ។
បច្ចុប្បន្ននេះ សភាសហភាពអឺរ៉ុបកំពុងតាមដានករណី លោក ចាន់ ចេង។ តំណាងរាស្ត្រសភាសហភាពអឺរ៉ុប ចាត់ទុកថា ករណីចោទប្រកាន់លោក ចាន់ ចែង ជាករណីនយោបាយមុនការបោះឆ្នោតព្រឹទ្ធសភា៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
