វៀតណាម​សម្រេច​ឃុំ​ខ្លួន​ខ្មែរ​ក្រោម​១​រូប​រយៈ​ពេល​៣​ខែ

ស្ត្រី​ជា​ភរិយា​របស់​បុរស​ខ្មែរ​កម្ពុជា​ក្រោម​មួយ​រូប ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៧ ធ្នូ ឆ្នាំ​២០១០ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វៀតណាម និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជួយ​អន្តរាគមន៍​ដោះ​លែង​ស្វាមី​គាត់​ ត្រឡប់​មក​វិញ។
ដោយ ខែ សុណង
2010.12.27
ចៅហេន៣០៥ លោក ចៅ ហេន ត្រូវ​បាន​វៀតណាម​ចោទ​ថា​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើបាតុកម្ម​ទាមទារ​រំដោះ​ទឹក​ដី​កម្ពុជា​ក្រោម កាល​ពី​ឆ្នាំ​២០០៨
Photo courtesy of http://preynokornews.blogspot.com

អ្នក​ស្រី នាង ធួន រស់​នៅ​ឃុំ​ចូវ​ឡាំង ស្រុក​ស្វាយ​ទង ខេត្ត​មាត់​ជ្រូក ដែល​វៀតណាម​ហៅ​ថា ខេត្ត​អាន​យ៉ាង បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​២៧ ធ្នូ ថា ស្វាមី​របស់​អ្នក​ស្រី​ឈ្មោះ ចៅ ហេន អាយុ​៥៦​ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៧ ធ្នូ ឆ្នាំ​២០១០ ដោយ​គ្មាន​លិខិត​ស្នាម​អ្វី​ទាំង​អស់។

អ្នក​ស្រី​បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែ​ឆ្នាំ​ដដែល ទើប​អាជ្ញាធរ​វៀតណាម​ស្រុក​ស្វាយ​ទង ចេញ​លិខិត​ចំនួន​២ លិខិត​ទី​១ គឺ​សម្រេច​ឃុំ​ខ្លួន​ស្វាមី​គាត់ ពី​ថ្ងៃ​ទី​១៧ ធ្នូ ដល់​ថ្ងៃ​ទី​២០ ធ្នូ និង​លិខិត​ទី​២ សម្រេច​បន្ថែម​ការ​ឃុំ​ខ្លួន​រយៈ​ពេល ៨៧​ថ្ងៃ​បន្ថែម​ទៀត ពី​បទ​បំផ្លិច​បំផ្លាញ ឬ​មាន​ចេតនា​បំផ្លាញ​ទ្រព្យ ដោយ​យោង​តាម​មាត្រា​១៤៣ និង​មាត្រា​២៤៥ ពី​បទ​បង្ក​អសន្តិសុខ​ក្នុង​ទី​សាធារណៈ នៃ​ច្បាប់​ព្រហ្មទណ្ឌ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ៖ "គេ​ចាប់​គាត់​ទៅ ឥឡូវ​គេ​មិន​ទាន់​កាត់​ទោស​ទេ គេ​ដាក់​គុក​ងងឹត​ទៅ គេ​មិន​ឲ្យ​ជួយ ខ្ញុំ​យក​មុង​ទៅ​ឲ្យ គេ​គ្រាន់​តែ​ទទួល​ពី​ឃ្លោង​ទ្វារ​យើង​ទេ គេ​មិន​ឲ្យ​យើង​ជួប"

គួរ​បញ្ជាក់​ថា លោក ចៅ ហេន អាយុ​៥៦​ឆ្នាំ ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំ​ខ្លួន​នេះ ធ្លាប់​បាន​ដឹក​នាំ​ប្រជា​ពល​រដ្ឋ​ចំនួន​ប្រមាណ ៦០០​នាក់ ធ្វើ​បាតុកម្ម​តវ៉ា​យក​ដីធ្លី​កសិកម្ម​មក​វិញ កាល​ពី​ឆ្នាំ​២០០៧ រហូត​ដល់​ឆ្នាំ​២០០៨។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០០៨ វេលា​ម៉ោង​៣​ភ្លឺ ក៏​មាន​ករណី​បោក​គ្រាប់​បែក​ផ្សែង​ចូល​ផ្ទះ​លោក បង្ក​ឲ្យ​ប្រពន្ធ​របស់​គាត់​រង​របួស ហើយ​លោក ចៅ ហេន និង​ប្រពន្ធ​គាត់ ក៏​បាន​រត់​ទៅ​ប្រទេស​ថៃ ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​ពី​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ក៏​ប៉ុន្តែ​ត្រូវ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ប្រចាំ​ក្រុង​បាងកក បាន​បដិសេធន៍​ដោយ​អះអាង​ថា ពួក​គាត់​អាច​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ដោយ​អាជ្ញាធរ​វៀតណាម​នឹង​មិន​ចាប់​ឃុំ​ខ្លួន​ពួក​គាត់​នោះ​ទេ។

ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១០ ក្រោយ​ពេល​ដែល​ពួក​គាត់​ទៅ​ដល់​ផ្ទះ​រយៈ​ពេល ១​ម៉ោង ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​មាន​គ្នា​ប្រមាណ ១០​នាក់​ទៅ​ចាប់​ខ្លួន៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Dec 27, 2010 12:11 AM

Politic