សាលា​ឧទ្ធរណ៍​បង្គាប់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​ជុំ​វិញ​ករណី ប៊ន សំណាង និង​សុខ សំអឿន

តុលាការ​សាលា​ឧទ្ធរណ៍ នៅ​ថៃ្ង​ច័ន្ទ ទី​១៧ ខែ​សីហា បាន​ប្រកាស​សាល​ដីកា បង្គាប់​ឲ្យ​សមត្ថ​កិច្ច​នគរបាល​រាជ​ធានី​ភ្នំពេញ បើក​ការ​ស៊ើប​អង្កេត​ជា​ថ្មី​បន្ថែម​ទៀត ជុំវិញ​សំណុំ​រឿង​របស់​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ដែល​កន្លង​មក ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ផ្ដន្ទា​ទោស​ឲ្យ​ជាប់​គុក​ម្នាក់ៗ ២០​ឆ្នាំ​ក្រោម​បទ​ចោទ​ថា បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា កាល​ពី​ដើម​ឆ្នាំ​២០០៤​នោះ។

0:00 / 0:00

លោក ជុំ សុវណ្ណលី ជា​មេធាវី​របស់​លោក ប៊ន សំណាង បាន​មាន​ប្រសាសន៍​ថា ៖ «បើ​យើង​និយាយ​ពី​ផ្លូវ​ច្បាប់ កាល​ណា​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់​គ្រាន់​អ៊ីចឹង វា​ស្ថិត​នៅ​ក្នុង​ការ​សង្ស័យ វា​ត្រូវ​តែ​ឲ្យ​អ្នក​ហ្នឹង​រួច​ខ្លួន​ពី​បទ​ចោទ»

ចំណែក​ឯ​លោក ហុង គឹមសួន មេធាវី​របស់​លោក សុខ សំអឿន បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ៖ «បើ​ថា​ឲ្យ​ពេញ​ចិត្ត ខ្ញុំ​មិន​សូវ​ជា​ពេញ​ចិត្ត​ទេ ព្រោះ​ខ្ញុំ​មើល​ឃើញ​ភស្តុតាង នីតិ​វិធី​គួរ​តែ​លើក​លែង​ចោទ​ប្រកាន់»

សវនាការ​ក្នុង​រយៈពេល​ជាង ៣​ម៉ោង បាន​ធ្វើ​ទ្បើង​ក្រោម​អធិបតី​ភាព​របស់​ចៅក្រម​ប្រឹក្សា ចំនួន ៣​នាក់ និង​មាន​វត្តមាន​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ជា​ចុង​ចោទ លោក ជា មុនី ជា​ដើម​ចោទ លោក​ព្រះ​រាជ​អាជ្ញា​មួយ​រូប មេធាវី​ភាគី​ទាំង​សង​ខាង​និង​តំណាង​ស្ថានទូត​អាមេរិក អង់គ្លេស កាណាដា ព្រមទាំង​តំណាង​សង្គម​ស៊ីវិល​នានា បាន​មក​ចូលរួម​តាម​ដាន​ក្នុង​សវនាការ​នោះ​យ៉ាង​កុះករ។

លោក ជួន ស៊ុន​ទ្បេង ជា​អនុប្រធាន​តុលាការ​សាលា​ឧទ្ធរណ៍ និង​ជា​ចៅក្រម​ជម្រះ​ក្តី​នេះ បាន​អាន​សាល​ដីកា​ចំពោះ​មុខ ប៊ន សំណាង និង សុខ សំអឿន ថា សំណុំ​រឿង​ក្តី​នេះ នៅ​មាន​ភាព​ចន្លោះ​ប្រហោង​ច្រើន ដូច្នេះ​តុលាការ​សាលា​ឧទ្ធរណ៍​ទាមទារ​ឲ្យ​សមត្ថ​កិច្ច​នគរបាល​បើក​ការ​ស៊ើប​អង្កេត​ជា​ថ្មី​បន្ថែម​ទៀត។

លោក​បាន​បញ្ជាក់​ថា លោក ប៊ន សំណាង និង​លោក សុខ សំអឿង មិន​មាន​ទោស​ទេ ហើយ​មាន​សេរីភាព​ជា​ធម្មតា។

ក្រោយ​ពី​ការ​ប្រកាស​នេះ​ភ្លាម ក្រុម​អ្នក​តាមដាន​សវនាការ​នោះ បាន​ទះ​ដៃ​សម្ដែង​ការ​សាទរ​ចំពោះ​ការ​សម្រេច​នេះ។

លោក​ឧត្តមសេនីយ៍​ឯក ខៀវ សុភ័គ ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​មហាផៃ្ទ បាន​មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ចំពោះ​សាល​ដីកា​នេះ ហើយ​សមត្ថកិច្ច​នឹង​បើក​ការ​ស៊ើប​អង្កេត​បន្ថែម​ចំពោះ​ការ​ចន្លោះ​ប្រហោង​នោះ។

លោក ប៊ន សំណាង បាន​ថែ្លង​ថា ៖ «សូម​អរគុណ​ដល់​អង្គ​សម្ដេច​តា សម្ដេច​យាយ ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី ដែល​តែង​តែ​គាំទ្រ​ដល់​កូន​ចៅ ថ្វី​ត្បិត​តែ​កូន​ចៅ​មិន​ទាន់​ចប់​សព្វ​គ្រប់​ទេ»

រីឯ​លោក សុខ សំអឿន បាន​ថែ្លង​ថា ៖ «ខ្ញុំ​ចង់​បាន​សាលក្រម​មួយ​ដែល​សរសេរ​ឡើង​ជា​លាយ​លក្ខណ៍​អក្សរ ដើម្បី​ងាយ​ស្រួល​ខ្ញុំ​ស្វែង​រក​ការងារ​ធ្វើ​ចិញ្ចឹម​ជីវិត​របស់​ខ្ញុំ»

លោក អំ សំអាត ជា​ប្រធាន​ផែ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ ហៅ​កាត់​ថា លីកាដូ បាន​មាន​ប្រសាសន៍​ថា ៖ «គ្មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់​គ្រាន់ ឬ​ក៏​គ្មាន​ពិរុទ្ធ​គ្រប់​គ្រាន់​សម្រាប់​ការ​ចោទ​ប្រកាន់​ទេ លើក​លែង​ចោទ​ឲ្យ​ជន​ទាំង​ពីរ​នាក់​ដូច​ដើម​វិញ»

លោក ប៊ន សំណាង និង​លោក សុខ សំអឿន ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​គុក​ម្នាក់ៗ ២០​ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា កាល​ពី​ថៃ្ង​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ កន្លង​ទៅ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

ក្រោយ​មក តុលាការ​កំពូល កាល​ពី​ថៃ្ង​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០០៨ កន្លង​ទៅ បាន​បង្គាប់​ឲ្យ​ដោះ​លែង ប៊ន សំណាង និង សុខ សំអឿន នោះ ឲ្យ​មាន​សេរី​ភាព​បណ្តោះ​អាសន្ន ហើយ​បាន​បង្គាប់​ឲ្យ​តុលាការ​សាលា​ឧទ្ធរណ៍​នេះ ចាត់​របៀប​ជា​ថ្មី​ក្នុង​ការ​ស៊ើប​អង្កេត​បន្ថែម ដោយសារ​មាន​ការ​ចន្លោះ​ប្រហោង​ច្រើន​ក្នុង​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​ក្តី​នេះ​កន្លង​មក៕