លោក ជុំ សុវណ្ណលី ជាមេធាវីរបស់លោក ប៊ន សំណាង បានមានប្រសាសន៍ថា ៖ «បើយើងនិយាយពីផ្លូវច្បាប់ កាលណាគ្មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់អ៊ីចឹង វាស្ថិតនៅក្នុងការសង្ស័យ វាត្រូវតែឲ្យអ្នកហ្នឹងរួចខ្លួនពីបទចោទ»។
ចំណែកឯលោក ហុង គឹមសួន មេធាវីរបស់លោក សុខ សំអឿន បានមានប្រសាសន៍ផងដែរថា ៖ «បើថាឲ្យពេញចិត្ត ខ្ញុំមិនសូវជាពេញចិត្តទេ ព្រោះខ្ញុំមើលឃើញភស្តុតាង នីតិវិធីគួរតែលើកលែងចោទប្រកាន់»។
សវនាការក្នុងរយៈពេលជាង ៣ម៉ោង បានធ្វើទ្បើងក្រោមអធិបតីភាពរបស់ចៅក្រមប្រឹក្សា ចំនួន ៣នាក់ និងមានវត្តមានលោក ប៊ន សំណាង និងលោក សុខ សំអឿន ជាចុងចោទ លោក ជា មុនី ជាដើមចោទ លោកព្រះរាជអាជ្ញាមួយរូប មេធាវីភាគីទាំងសងខាងនិងតំណាងស្ថានទូតអាមេរិក អង់គ្លេស កាណាដា ព្រមទាំងតំណាងសង្គមស៊ីវិលនានា បានមកចូលរួមតាមដានក្នុងសវនាការនោះយ៉ាងកុះករ។
លោក ជួន ស៊ុនទ្បេង ជាអនុប្រធានតុលាការសាលាឧទ្ធរណ៍ និងជាចៅក្រមជម្រះក្តីនេះ បានអានសាលដីកាចំពោះមុខ ប៊ន សំណាង និង សុខ សំអឿន ថា សំណុំរឿងក្តីនេះ នៅមានភាពចន្លោះប្រហោងច្រើន ដូច្នេះតុលាការសាលាឧទ្ធរណ៍ទាមទារឲ្យសមត្ថកិច្ចនគរបាលបើកការស៊ើបអង្កេតជាថ្មីបន្ថែមទៀត។
លោកបានបញ្ជាក់ថា លោក ប៊ន សំណាង និងលោក សុខ សំអឿង មិនមានទោសទេ ហើយមានសេរីភាពជាធម្មតា។
ក្រោយពីការប្រកាសនេះភ្លាម ក្រុមអ្នកតាមដានសវនាការនោះ បានទះដៃសម្ដែងការសាទរចំពោះការសម្រេចនេះ។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ ជាមន្រ្តីអ្នកនាំពាក្យនៃក្រសួងមហាផៃ្ទ បានមានប្រសាសន៍ថា លោកស្វាគមន៍ចំពោះសាលដីកានេះ ហើយសមត្ថកិច្ចនឹងបើកការស៊ើបអង្កេតបន្ថែមចំពោះការចន្លោះប្រហោងនោះ។
លោក ប៊ន សំណាង បានថែ្លងថា ៖ «សូមអរគុណដល់អង្គសម្ដេចតា សម្ដេចយាយ ព្រះមហាក្សត្រ នរោត្ដម សីហមុនី ដែលតែងតែគាំទ្រដល់កូនចៅ ថ្វីត្បិតតែកូនចៅមិនទាន់ចប់សព្វគ្រប់ទេ»។
រីឯលោក សុខ សំអឿន បានថែ្លងថា ៖ «ខ្ញុំចង់បានសាលក្រមមួយដែលសរសេរឡើងជាលាយលក្ខណ៍អក្សរ ដើម្បីងាយស្រួលខ្ញុំស្វែងរកការងារធ្វើចិញ្ចឹមជីវិតរបស់ខ្ញុំ»។
លោក អំ សំអាត ជាប្រធានផែ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលមួយ ហៅកាត់ថា លីកាដូ បានមានប្រសាសន៍ថា ៖ «គ្មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ ឬក៏គ្មានពិរុទ្ធគ្រប់គ្រាន់សម្រាប់ការចោទប្រកាន់ទេ លើកលែងចោទឲ្យជនទាំងពីរនាក់ដូចដើមវិញ»។
លោក ប៊ន សំណាង និងលោក សុខ សំអឿន ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសឲ្យជាប់គុកម្នាក់ៗ ២០ឆ្នាំ ក្រោមបទចោទប្រកាន់ថា បានបាញ់សម្លាប់លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករកម្ពុជា កាលពីថៃ្ងទី២២ ខែមករា ឆ្នាំ២០០៤ កន្លងទៅ នៅក្នុងទីក្រុងភ្នំពេញ។
ក្រោយមក តុលាការកំពូល កាលពីថៃ្ងទី៣១ ខែធ្នូ ឆ្នាំ២០០៨ កន្លងទៅ បានបង្គាប់ឲ្យដោះលែង ប៊ន សំណាង និង សុខ សំអឿន នោះ ឲ្យមានសេរីភាពបណ្តោះអាសន្ន ហើយបានបង្គាប់ឲ្យតុលាការសាលាឧទ្ធរណ៍នេះ ចាត់របៀបជាថ្មីក្នុងការស៊ើបអង្កេតបន្ថែម ដោយសារមានការចន្លោះប្រហោងច្រើនក្នុងស៊ើបអង្កេតលើសំណុំរឿងក្តីនេះកន្លងមក៕
