លោក ជា មុនី ប្រកាស​ដក​ពាក្យ​បណ្ដឹង​សំណុំ​រឿង​ឃាតកម្ម​លោក ជា វិជ្ជា

មេដឹកនាំ​សហជីព​សេរី​កម្មករ​កម្ពុជា ប្រកាស​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ​លើ​សំណុំ​រឿង​ឃាតកម្ម​អតីត​មេដឹកនាំ​របស់​ខ្លួន គឺ​លោក ជា វិជ្ជា ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​២០០៤។ ការ​ដក​ពាក្យ​បណ្ដឹង​នេះ ត្រូវ​មន្ត្រី​សហជីព​អះអាង​ថា ព្រោះ​ពួកគេ​គ្មាន​ជំនឿ​លើ​​​ប្រព័ន្ធ​តុលាការ​កម្ពុជា។

0:00 / 0:00

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​​រិះគន់​ធ្ងន់ៗ និង​ចោទ​​ប្រព័ន្ធ​តុលាការ​កម្ពុជា ថា​មិន​មាន​ឯករាជ្យ បក្ស​ពួក​និយម និង​គ្មាន​វិជ្ជាជីវៈ។

ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​គម្រប់​ខួប ៩​ឆ្នាំ នៃ​ឃាតកម្ម​លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ កាល​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែ​មករា លោក ជា មុនី បាន​ប្រកាស​ដក​ពាក្យ​បណ្ដឹង​លើ​សំណុំ​រឿង​បាញ់​សម្លាប់​បង​ប្រុស​ពី​តុលាការ។ បន្ថែម​លើ​នេះ លោក ជា មុនី បាន​ស្នើ​ឲ្យ​ ​តុលាការ​ដោះលែង​លោក ប៊ន សំណាង និង​​​លោក សុខ សំអឿន ឲ្យ​មាន​សេរីភាព​វិញ ដែល​អ្នក​ទាំង​២ ត្រូវ​គេ​ចាត់​ទុក​ថា ជា​ឃាតក​សិប្បនិម្មិត ហើយ​ត្រូវ​តុលាការ​ផ្តន្ទាទោស​​ឲ្យ​ជាប់​​ពន្ធនាគារ ២០​ឆ្នាំ។

លោក ជា មុនី បន្ថែម៖ «យើង​អត់​មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​បន្តិច​ណា​សោះ។ លោក ម៉ម សូណង់ដូ មិន​មាន​ភស្តុតាង​ដើម្បី​ដាក់​បន្ទុក​លើ​គាត់​ទេ ចាប់​គាត់​ដាក់​គុក ២០​ឆ្នាំ នេះ​ប្រព័ន្ធ​តុលាការ​ស្រុក​ខ្មែរ។ បើ សម រង្ស៊ី ដក​បង្គោល​តម្រុយ​ព្រំដែន​ហ្នឹង​ខុស ចុះ​ហេតុ​អី​មិន​ទៅ​ធ្វើ​បង្គោល​ឡាក់​ត្រង់​កន្លែង​ដក​ហ្នឹង​ទៅ? អា​ហ្នឹង​យើង​មើល​ឃើញ​ទាំង​អស់​គ្នា កាត់ សម រង្ស៊ី ជាប់​គុក។ រឿង​អ្នកស្រី យ៉ោម បុប្ផា ផ្ទះសម្បែង​ដេញ​អស់​រលីង គ្រាន់តែ​តវ៉ា​ដើម្បី​រក​ជម្រក​ចាប់​ដាក់​គុក។ លោក មឿង សុន គ្រាន់​តែ​ជម្រាប​ប្រាប់​គេ​ថា កុំ​ដាក់​ភ្លើង​នៅ​អង្គរ ធ្វើ​ឲ្យ​ប៉ះពាល់ ចាប់​ដាក់​គុក ចាប់​ប្រផាប់​ប្រភីង។ ប៉ុន្តែ​ក្រោយ​មក​អត់​មាន​ធ្វើ​អី គឺ​ដោះ​ភ្លើង​ពី​អង្គរ​ដែរ។ យើង​សម្លឹង​មើល​ទៀត លោក ឈូក បណ្ឌិត អភិបាល​ក្រុង​បាវិត បាញ់​កម្មករ​ធ្លាយ​ទ្រូង ធ្លាយ​សាច់ តុលាការ​អត់​ចាប់។ អ៊ីចឹង​បាន​ថា តុលាការ​ស្រុក​ខ្មែរ បុគ្គល​តំណាង​ឲ្យ​តុលាការ​ស្រុក​ខ្មែរ ក្រុម​ថោក​ទាប ដែល​គេ​រង​ទុក​ដោយសារ​ពួក​តុលាការ​ហ្នឹង​ឯង»

លោក ជា វិជ្ជា ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ នៅ​ពេល​កំពុង​អាន​កាសែត ក្បែរ​វត្ត​លង្កា ក្នុង​រាជធានី​ភ្នំពេញ។ គិត​មក​ដល់​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៣ ជា​គម្រប់​ខួប ៩​ឆ្នាំ​នៃ​ឃាតកម្ម​នេះ។

សាច់ញាតិ​ជន​រង​គ្រោះ​បាន​អះអាង​ថា សមត្ថកិច្ច ឬ​តុលាការ មិន​ទាន់​បាន​ស្វែង​រក​មុខ​ឃាតក​ពិត​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​​ជន​រង​គ្រោះ​នៅ​ឡើយ​ទេ។

សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី លោក ហូរ វ៉ាន់ ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ជា វិជ្ជា បាន​ទទូច​ឲ្យ​សមត្ថកិច្ច និង​តុលាការ​​ស្វែង​រក​ឃាតក​ពិត​យក​មក​ផ្ដន្ទាទោស​ជា​ជាង​ចាប់​មនុស្ស​មិន​បាន​ប្រព្រឹត្ត​កំហុស​ឲ្យ​មក​ទទួល​ទោស៖ «ឲ្យ​រដ្ឋាភិបាល​ជួយ​រៀបចំ​សង់​ស្តូប​ឲ្យ​លោក ជា វិជ្ជា ឲ្យ​បាន​ឆាប់ ហើយ​សុំ​ឲ្យ​ឧទ្ទេសនាម​ឈ្មោះ​របស់​គាត់​លោក ជា វិជ្ជា ជា​វីរបុរស​កម្មករ»

ទាក់ទិន​បញ្ហា​នេះ លោក រ៉ុង ឈុន ក្នុង​នាម​ប្រធាន​សហភាព​សហជីព​កម្ពុជា ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​​រំលឹក​ពី​វីរភាព​ក្លាហាន​របស់​លោក ជា វិជ្ជា កាល​នៅ​មាន​ជីវិត​ក្នុង​ការ​ទាមទារ​សិទ្ធិ​​សេរីភាព និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ជូន​កម្មករ​ ព្រម​ទាំង​ចូល​រួម​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​​នៅ​កម្ពុជា។

ក្នុង​សំណុំ​រឿង​ឃាតកម្ម​សព​លោក ជា វិជ្ជា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​បុរស ២​នាក់ មាន​ឈ្មោះ លោក ប៊ន សំណាង និង​លោក សុខ សំអឿន បញ្ជូន​ឲ្យ​តុលាការ​ផ្ដន្ទាទោស។ បុរស​ទាំង​២ ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​​ក្នុង​ម្នាក់ៗ ចំនួន ២០​ឆ្នាំ។ ប៉ុន្តែ​សាលក្រម​នេះ​ត្រូវ​សាច់ញាតិ​ជន​រង​គ្រោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ ចាត់​ទុក​ថា ​ជា​ឃាតក​​​សប្បនិម្មិត​ និង​ស្នើ​ឲ្យ​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​វិញ។

ទាក់ទិន​សំណុំ​រឿង​នេះ ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ​ខ្មែរ កាល​ព្រះអង្គ​នៅ​មាន​ព្រះ​ជន្ម ព្រះអង្គ​ធ្លាប់​មាន​ព្រះ​រាជតម្រិះ​តាម​ព្រះរាជសារ​ចុះ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០០៥ ថា លោក ប៊ុន សំណាង និង​លោក សុខ សំអឿន មិន​មែន​ជា​ឃាតក​ពិត​ប្រាកដ​ដែល​សម្លាប់​លោក ជា វិជ្ជា នោះ​ទេ ប៉ុន្តែ​ព្រះអង្គ​មិន​មាន​សិទ្ធិ​អំណាច​អ្វី​ដើម្បី​ធ្វើ​អន្តរាគមន៍​ជួយ​អ្នក​ទាំង​ពីរ​ទេ។ ប៉ុន្តែ​ព្រះអង្គ​សង្ឃឹម​ថា នៅ​ថ្ងៃ​ណា​មួយ​តុលាការ​នឹង​ទទួល​ស្គាល់​ការ​ប្រព្រឹត្ត​ខុស​របស់​ខ្លួន ហើយ​ដោះ​លែង​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ឲ្យ​មាន​សេរីភាព​វិញ។

ពិធី​ដង្ហែ​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​​គម្រប់​ខួប ៩​ឆ្នាំ នៃ​អំពើ​ឃាតកម្ម​លើ​សព​លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​សេរី​​កម្មករ​កម្ពុជា នៅ​ឆ្នាំ​នេះ មិន​​សូវ​មាន​វត្តមាន​មេដឹកនាំ​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ ឬ​កម្មករ-​កម្មការិនី និង​ឥស្សរជន​នយោបាយ គណបក្ស​ប្រឆាំង ចូល​រួម​ឲ្យ​បាន​ច្រើន​កុះករ​ដូច​បណ្ដា​ឆ្នាំ​មុនៗ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។