លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងជាប្អូនប្រុសរបស់លោក ជា វិជ្ជា បានមានប្រសាសន៍ថា ពិធីបុណ្យខួបនេះនឹងធ្វើនៅកន្លែងដែលលោក ជា វិជ្ជា ត្រូវគេបាញ់សម្លាប់ ជិតវត្តលង្កា ជាធម្មតា ប៉ុន្តែអាចនឹងមានភ្ញៀវច្រើនជាងពេលមុនៗ។
លោក ជា មុនី មានប្រសាសន៍ដូច្នេះថា ៖ «សម្រាប់គម្រប់ខួប ៥ឆ្នាំ របស់លោក ជា វិជ្ជា ខាងសហជីពយើងនឹងដាក់កម្រងផ្កាដូចរាល់ឆ្នាំអ៊ីចឹង ប៉ុន្តែឆ្នាំនេះ យើងនឹងមានអញ្ជើញ លោក សុខ សំអឿន និង លោក ប៊ន សំណាង ដើម្បីចូលរួមជាមួយនឹងមន្ត្រីសហជីពដែលយើងនឹងគ្រោងសម្លៀកបំពាក់ជាអាវលោក ជា វិជ្ជា តែម្ដង»។
លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករកម្ពុជា ត្រូវឃាតករបាញ់សម្លាប់ ខណៈកំពុងអានកាសែតនៅមុខតូបលក់កាសែតមួយជាប់នឹងរបងវត្តលង្កាក្នុងក្រុងភ្នំពេញ កាលពីថ្ងៃ២២ ខែមករា ឆ្នាំ២០០៤។
ក្រោយពីការបាញ់សម្លាប់នោះ អាជ្ញាធរបានចាប់ខ្លួនមនុស្សពីរនាក់ គឺលោក ប៊ន សំណាង និង សុខ សំអឿន ហើយត្រូវបានតុលាការសាលាដំបូងក្រុងភ្នំពេញកាត់ឲ្យជាប់គុកចាប់តាំងពីខែសីហា ឆ្នាំ២០០៥ កន្លងមក ហើយរឿងក្តីរបស់អ្នកទាំងពីរ រហូតដល់ថ្ងៃទី៣១ ធ្នូ កន្លងទៅនេះ ទើបតុលាការកំពូលសម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។
ការចាប់ខ្លួន ប៊ន សំណាង និង សុខ សំអឿន ក៏ត្រូវបានតំណាងសហជីព អង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិនានា រួមទាំងអ្នកនយោបាយជាច្រើនផងដែរ បានចោទជាការចាប់ខ្លួនឃាតករសិប្បនិម្មិតតែប៉ុណ្ណោះ។
លោក ជា មុនី បានមានប្រសាសន៍ថា នឹងមានការអំពាវនាវជាថ្មីទៀតឲ្យមានការចាប់ខ្លួនឃាតករពិតប្រាកដនៅក្នុងពិធីបុណ្យសពលោក ជា វិជ្ជា នាពេលខាងមុខនេះទៀត ៖ «ជាទូទៅ យើងអត់ចាំអ្វីដូចការលើកឡើងរបស់តុលាការកំពូលថា ទុកឲ្យតុលាការសាលាឧទ្ធរណ៍ធ្វើការស្រាវជ្រាវទេ យើងនឹងលើកពីបញ្ហាហ្នឹងនៅពេលថ្ងៃដាក់កម្រងផ្កាតែម្ដង គឺយើងអំពាវនាវឲ្យមានការតាមស្វែងរកឃាតករនិងអ្នកនៅពីក្រោយខ្នងយកមកផ្ដន្ទាទោស»៕
