នៅក្នុងលិខិតចុះថ្ងៃទី១៦ ខែសីហា ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ជា មុនី បានលើកឡើងអំពីករណីកម្មករ-កម្មការិនីចំនួនជាច្រើននាក់ មានជំងឺរហូតដល់ដួលសន្លប់ក្នុងពេលកំពុងធ្វើការក្នុងរោងចក្រ មេនហាធេន (Manhattan) ដែលស្ថិតនៅក្នុងភូមិអម្ពិល ឃុំអម្ពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីចុងសប្ដាហ៍មុននេះ។
លិខិតរបស់សហជីពសេរីកម្មករក៏បានបង្ហាញផងដែរថា រហូតមកដល់ថ្ងៃនេះមានកម្មករ-កម្មការិនីប្រមាណ ៩០នាក់បានឈឺ និងដួលសន្លប់ មិនអាចធ្វើការបាន ក្នុងនោះជាង ៣០នាក់ មានសភាពធ្ងន់ធ្ងរ។
លោក ជា មុនី នៅក្នុងលិខិតនោះបានស្នើសុំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយអន្តរាគមន៍ឲ្យនាយករោងចក្រធ្វើការកែលម្អបច្ចេកទេសអគារ និងបរិស្ថានទូទៅក្នុងរោងចក្រ ដូចជាត្រួតពិនិត្យកម្រិតសារធាតុគីមី និងខ្យល់អុកស៊ីហ្សែន ជាដើម។
ទន្ទឹមគ្នានោះក៏សុំឲ្យកម្មករនិយោជិតបានឈប់សម្រាកពីការងារចំនួន ៣ថ្ងៃ ដើម្បីបានថែទាំសុខភាព ដោយរក្សានូវការផ្ដល់ប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភបន្ទាប់បន្សំផ្សេងៗ ជូនដល់កម្មករទាំងអស់។
ពុំទាន់មានការឆ្លើយតបពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំពោះលិខិតស្នើសុំរបស់សហជីពសេរីកម្មករនៅឡើយទេ៕