ការធ្វើកូដកម្មអហិង្សានេះ អាចកើតឡើង ប្រសិនបើសំណើរបស់សហជីពដែលស្នើសុំប្រាក់ធ្វើដំណើរ ឬថ្លៃឈ្នួលផ្ទះចំនួន ១០ដុល្លារ និងប្រាក់រង្វាន់ការងារទៀងទាត់ចំនួន ១០ដុល្លារ ក្នុងមួយខែដល់កម្មករ ត្រូវបដិសេធក្នុងកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ។
លោក ជា មុនី បានព្រមានថា កម្មករជាង ៤៧ម៉ឺននាក់ ដែលមានខ្លះជាសមាជិកសហជីពសេរីកម្មករ និងខ្លះទៀតមិនមានសមាជិកសហជីព នឹងធ្វើកូដកម្មព្រមៗគ្នា ដោយអង្គុយនៅស្ងៀមនៅក្នុងរោងចក្រ មិនធ្វើការងារដើម្បីទាមទារឲ្យថៅកែរោងចក្រ ទទួលយកសំណើរបស់កម្មករ។
លោក ជា មុនី៖ «គឺសុំឲ្យមានបង្កើតតុលាការការងារ សុំឲ្យមានដំឡើងប្រាក់បៀវត្ស ជាពិសេសគឺប្រាក់អត្ថប្រយោជន៍ក្រៅពីប្រាក់ខែគោល។ មានន័យថា ដូចជាប្រាក់រង្វាន់ ប្រាក់ធ្វើដំណើរ ឬប្រាក់ស្នាក់នៅ ហើយនិងប្រាក់បាយផ្សេងៗទៀតជូនកម្មករ កម្មការិនី។ សម្រាប់លិខិតរបស់យើង ក្រសួងការងារបានចេញ ស.ជ.ណ. (សេចក្ដីជូនដំណឹង) មួយ ជូនដំណឹងកុំឲ្យកម្មករ កម្មការិនី មានកូដកម្ម បាតុកម្ម ព្រោះរង់ចំាការសម្រេច និងប្រជុំគណៈកម្មការនៅថ្ងៃទី១១ ខែ៧ ឆ្នាំ២០១២ ពាក់ព័ន្ធនឹងសំណើហ្នឹង»។
លោក ជា មុនី មិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ ចំពោះមហាកូដកម្មនោះ។ តែគាត់បានប្រាប់ទៅកម្មករឲ្យរក្សាភាពអត់ធ្មត់រង់ចាំលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារជាមុនសិន ប្រសិនបើសំណើកម្មករត្រូវបានច្រានចោល នោះមហាកូដកម្មរបស់កម្មករនឹងកើតមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
