តុលាការ​កាត់​ទោស​ជា​រដ្ឋា​ឲ្យ​ជាប់​គុក​១៨​ឆ្នាំ​ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន

តុលាការ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ផ្ដន្ទា​ទោស​លោក​ស្រី ជា រដ្ឋា អតីត​ឧត្តមសេនីយ៍​ត្រី​នៃ​កង​រាជ​អាវុធហត្ថ ឲ្យ​ជាប់​គុក​១៨​ឆ្នាំ​ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​និង​រំលោភ​សិទ្ធិ​បុគ្គល​ជុំវិញ​សំណុំរឿង​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​លើ​ម្ដាយ​មីង​របស់​អតីត​បវរកញ្ញា​ទេសចរណ៍ អ៊ិន សូលីដា។

0:00 / 0:00

តុលាការ​សាលា​ឧទ្ធរណ៍​នៅ​ថៃ្ង​២៧ វិច្ឆិកា​នេះ បាន​ផ្តន្ទា​ទោស​កំបាំង​មុខ លោកស្រី ជា រដ្ឋា ឧត្តមសេនីយ៍​ត្រី​នៃ​កង​រាជ​អាវុធ​ហត្ថ ឲ្យ​ជាប់​គុក​១៨​ឆ្នាំ និង​គូកន​ចំនួន​៦​នាក់​ទៀត​ឲ្យ​ជាប់​គុក​រវាង​ពី​១៥​ឆ្នាំ​ទៅ​១៨​ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់​ថា មាន​ការ​ពាក់ព័ន្ធ​ក្នុង​រឿង​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​លើ​ម្តាយ​មីង​របស់​អតីត​បវរកញ្ញា​ទេសចរណ៍ នាង អ៊ិន សូលីដា ដែល​មាន​ទំនាក់​ទំនង​ស្នេហា​ភេទ​ដូច​គ្នា​ជាមួយ​លោកស្រី ជា រដ្ឋា នោះ កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០០៨​កន្លង​ទៅ។

លោក សេង ស៊ីវុត្ថា ជា​ប្រធាន​នៃ​ចៅក្រម​ប្រឹក្សា​ចំនួន​បី​នាក់​នៃ​តុលាការ​សាលា​ឧទ្ធរណ៍​នោះ បាន​អាន​សាល​ដីកា​នៅ​ថៃ្ង​សុក្រ​នេះ​ថា តុលាការ​សម្រេច​ផ្តន្ទា​ទោស​លោកស្រី ជា រដ្ឋា កំបាំង​មុខ​ឲ្យ​ជាប់​គុក​១៨​ឆ្នាំ និង​គូកន​ចំនួន​៦​នាក់​ទៀត​ឲ្យ​ជាប់​គុក​រវាង​១៥​ឆ្នាំ​ទៅ​១៨​ឆ្នាំ ក្រោម​បទ​ចោទ​អំពី​មនុស្ស​ឃាត​គិត​ទុក​ជា​មុន និង​បទ​រំលោភ​លើ​សិទ្ធិ​បុគ្គល។

អ៊ិន​សូលីដា305
អ្នកស្រី យ៉ា សុខនីម (ខាង​ឆ្វេង) ជន​រង​គ្រោះ​ដោយសារ​ការ​ជះ​ទឹក​អាស៊ីត និង​កញ្ញា អ៊ិន សុខលីដា ជា​ក្មួយ​ស្រី ធ្វើ​សន្និសីទ​កាសែត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ កញ្ញា ២០០៩។ (RFA/Kim Peou)

តុលាការ​សាលា​ឧទ្ធរណ៍​បាន​បង្គាប់​ឲ្យ​អ្នក​ទាំង​នោះ​រួម​គ្នា​បង់​ប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក​ចំពោះ​ការ​ព្យាបាល​នានា​របស់​ជន​រង​គ្រោះ ហើយ​តុលាការ​ដដែល​បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​អ្នក​ទាំង​នោះ​ដើម្បី​ឃុំ​ខ្លួន​ក្នុង​គុក។

លោក ណាច គ្រី ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោកស្រី ជា រដ្ឋា បាន​មាន​ប្រសាសន៍​នៅ​ខាង​ក្រៅ​តុលាការ​ថា វា​ជា​ការ​សម្រេច​ដោយ​អយុត្តិធម៌ ៖ «បើ​និយាយ​តាម​ផ្លូវ​ច្បាប់​វា​អយុត្តិធម៌ ព្រោះ​វា​អត់​មាន​ភស្តុតាង​តាំង​ពី​ដំណាក់កាល​ដំបូង​រហូត​មក​ដល់​សាលា​ឧទ្ធរណ៍​នេះ គ្មាន​ភស្តុតាង​ថ្មី​ណា​ដែល​បញ្ជាក់​ថា កូន​ក្ដី​ខ្ញុំ​ជា​ជនល្មើស​ផង ព្រោះ​ឥឡូវ​នៅ​ចំពោះ​មុខ​សវនាការ​គឺ​គ្មាន​ភស្តុតាង​ណា​ដាក់​ថ្មី។ ខ្ញុំ​បាន​សំណូមពរ​ទៅ​ក្រុមប្រឹក្សា​ហើយ​ថា ទី​១ សុំ​ឲ្យ​គេ​ដាក់​ភស្តុតាង ទី​២ សុំ​ឲ្យ​ជន​រង​គ្រោះ​ហ្នឹង​មក​បំភ្លឺ​ថា គាត់​មិន​សុខ​ចិត្ត​ត្រង់​ចំណុច​ណា ហើយ​ចំណុច​ណា​ដែល​គាត់​ទទួល​យក​មិន​បាន​ហ្នឹង។ និយាយ​បាន​ន័យ​ថា គាត់​ឆ្លើយ​ទាំង​អស់​ផ្ទុយ​នឹង​ឆន្ទៈ​របស់​គាត់»

សុខ សេរី ៖ បន្ត​រឿង​នេះ​ទៅ​តុលាការ​កំពូល​ទៀត? ណាច គ្រី ៖ រឿង​បន្ត​ឬ​មិន​បន្ត​វា​អាស្រ័យ​ទៅ​លើ​កូន​ក្ដី​ទេ។ កូន​ក្ដី​ពឹងពាក់​ខ្ញុំ ខ្ញុំ​នឹង​ចាត់ការ​បន្ត។

លោក អំ សំអាត ជា​ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ហៅ​កាត់​ថា លីកាដូ ដែល​បាន​តាមដាន​សំណុំរឿង​នេះ​កន្លង​មក បាន​មាន​ប្រសាសន៍​ស្វាគមន៍​ថា ៖ «អ៊ីចឹង​យើង​ឃើញ​ពេល​នេះ គឺ​សាលា​ឧទ្ធរណ៍​បាន​ផ្ដល់​នូវ​យុត្តិធម៌​ទៅ​ដល់​ជន​រង​គ្រោះ​ដ៏​ពិត​ប្រាកដ»

ការ​សម្រេច​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ចំនួន​៧​នាក់​ខាង​លើ​នេះ គឺ​ផ្ទុយ​ពី​អ្វី​ដែល​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថៃ្ង​៥ ខែ​សីហា​កន្លង​ទៅ បាន​សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់ និង​ដោះលែង​ជន​សង្ស័យ​ចំនួន​៧​នាក់​ឲ្យ​មាន​សេរីភាព ហើយ​បាន​ញ៉ាំង​ឲ្យ​ក្រុម​គ្រួសារ​របស់​នាង អ៊ិន សូលីដា មាន​ការ​ភ័យ​ព្រួយ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​រស់​នៅ​ក្នុង​ការ​លាក់​ខ្លួន។

លោកស្រី យ៉ា សុខនីម ជា​ម្តាយ​មីង​របស់​នាង អ៊ិន សូលីដា បាន​រង​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​កាល​ពី​ថៃ្ង​ទី​៨ ខែ​ឧសភា ឆ្នាំ​២០០៨​កន្លង​ទៅ នៅ​ក្នុង​សង្កាត់​ផ្សារទួលទំពូង១ ក្រុង​ភ្នំពេញ ដោយ​មនុស្ស​ដៃដល់​ចំនួន​២​នាក់​និង​អ្នក​សម​គំនិត​មួយចំនួន​ទៀត​សរុប​ទាំង​អស់​៧​នាក់ រាប់​ទាំង​លោកស្រី ជា រដ្ឋា ផង ដែល​ជា​ឧត្តមសេនីយ៍​ត្រី​នៃ​កង​រាជ​អាវុធ​ហត្ថ។

ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​នោះ​បាន​កើត​មាន​ទ្បើង​ក្រោយ​ពី​នាង អ៊ិន សូលីដា អតីត​បវរ​កញ្ញា​ទេសចរណ៍ កាល​ពី​ឆ្នាំ​២០០៦​កន្លង​ទៅ បាន​បែក​ចិត្ត​ឬ​គេច​ខ្លួន​ពី​ទំនាក់​ទំនង​ស្នេហា​ភេទ​ដូច​គ្នា រវាង​ឆ្នាំ​២០០៥​និង​ឆ្នាំ​២០០៨​កន្លង​ទៅ៕