ក្រៅពីនេះ តុលាការបានផ្តន្ទាទោសអតីតទីប្រឹក្សារបស់លោក ជា ស៊ីម ចំនួន ៣រូបទៀត។ ទី១ ឈ្មោះ លោក ខៀវ បូរ៉ា ឲ្យជាប់គុក ៣ឆ្នាំ និងផាកពិន័យ ៩.០០០រៀល ក្រោមបទឆបោក។ ទី២ លោក ចាន់ កុសល្យ ឲ្យជាប់គុក ៤ឆ្នាំ និងផាកពិន័យចំនួន ៩.០០០រៀល ក្រោមបទឆបោក និងទី៣ លោក ពន្លក ហូរ ឲ្យជាប់គុក ៤ឆ្នាំ និងផាកពិន័យចំនួន ២លានរៀល ក្រោមបទឆបោក និងក្លែងបន្លំឯកសណ្ឋានមន្រ្តីនគរបាលជាតិ។ តុលាការបានប្រកាសផ្តន្ទាទោសកំបាំងមុខពាណិជ្ជករជនជាតិម៉ាឡេស៊ី ម្នាក់ ឈ្មោះ ឌីណូ (Dyno) ឲ្យជាប់គុក ៤ឆ្នាំ ក្រោមបទឆបោក។
អ្នកទាំង ៥នាក់នេះ ត្រូវបានតុលាការផ្តន្ទាទោសតាមមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ ក្រោមបទឆបោក ប្តឹងដោយលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា។
ចៅក្រមជម្រះក្តី លោក តែ សំអាង បានអានសាលក្រមថា តុលាការបើកផ្លូវឲ្យប្តឹងទាស់ក្នុងរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃប្រកាសសាលក្រមនេះ។
អតីតទីប្រឹក្សាផ្ទាល់ និងជាប្រធានពិធីការបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា គឺលោកស្រី ផេង គន្ធាបូរី អាយុ ៥៦ឆ្នាំ បានមានប្រសាសន៍ប្រាក់អ្នកកាសែតនៅក្រៅតុលាការដោយសម្រក់ទឹកភ្នែកថា លោកស្រីមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ៖ «ខ្ញុំសូមបដិសេធទាំងស្រុង ពីព្រោះខ្ញុំអត់មានអ្វីពាក់ព័ន្ធរឿងឯកសារនោះ ហើយក៏សូមផ្តាំផ្ញើថា ជំហនាងខ្ញុំចំពោះគណបក្សប្រជាជន គឺនៅដដែល»។
មេធាវីការពារក្តីឲ្យលោកស្រី ផេង គន្ធាបូរី គឺលោក មួង សុគន្ធ បានមានប្រសាសន៍នៅក្រៅតុលាការថា លោកព្យាយាមការពារក្តីនេះនៅសាលាឧទ្ធរណ៍ទៀត៖ «ពិភាក្សាជាមួយកូនក្តីខ្ញុំមើលសិនថា តើគាត់ទទួលយកបានដែរ ឬក៏អត់ នៅក្នុងរឿងហ្នឹង។ ប្រសិនបើទទួលយកមិនបាន ខ្ញុំនឹងដាក់ពាក្យប្តឹងទៅឧទ្ធរណ៍ ទៅតាមសំណើរបស់កូនក្តីតទៅទៀតបាទ!»។
មេធាវីការពារក្តីឲ្យលោក ជា ស៊ីម គឺលោក ណាច ទ្រី ជាដើមបណ្តឹង បានមានប្រសាសន៍ថា លោករង់ចាំទទួលសាលក្រមនេះពីតុលាការនាពេលខាងមុខ៖ «ខ្ញុំអត់ដឹងថា ម៉េចៗទេ ប៉ុន្តែខ្ញុំអត់បានចូលស្តាប់។ ចាំមើលខ្ញុំបានសាលក្រមសិន បាននិយាយបាន»។
នគរបាលបានចាប់ខ្លួនលោកស្រី ផេង គន្ធាបូរី នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១១ កន្លងទៅនេះ នៅច្រកចាំយាម ខេត្តកោះកុង ជាប់ព្រំដែនកម្ពុជា និងថៃ ក្រោមបទឆបោក។ នគរបាលបានចាប់ខ្លួនជនសង្ស័យ ៣នាក់ទៀត ក្រោមបទឆបោកដែរ។ ការចាប់ខ្លួននោះ គឺក្រោយអាជ្ញាធរបានរកឃើញថា អ្នកទាំង ៤នាក់នោះ បានជាប់ពាក់ព័ន្ធនឹងគំរោងអភិវឌ្ឍន៍ក្លែងបន្លំចំនួន ៥គំរោង ដែលមានតំលៃជាទឹកប្រាក់ចំនួនជិត ៦០០លានដុល្លារអាមេរិក ដើម្បីទាក់ទាញអ្នកវិនិយោគទុនពីប្រទេសចិន និងប្រទេសម៉ាឡេស៊ី ដើម្បីសាងសង់សាលារៀន មន្ទីរពេទ្យ ផ្លូវលំ និងរោងចក្រផលិតគ្រឿងយន្ត តាមរយៈអង្គការមូលនិធិខ្មែរអភិវឌ្ឍន៍ របស់លោកស្រី ផេង គន្ធាបូរី និងក្រុមហ៊ុនសាងសង់របស់លោក ចាន់ កុសល្យ។
គំរោងអភិវឌ្ឍន៍មួយដែលបានបែកធ្លាយរឿងអាស្រូវនោះ គឺគំរោងអភិវឌ្ឍន៍រោងច្រកផលិតគ្រឿងយន្តតំលៃ ១២០លានដុល្លារអាមេរិក ដែលជនជាប់ចោទបានកុហកលោក ជា ស៊ីម ថា ជាគំរោងជំនួយពីអ្នកវិនិយោគទុននៅប្រទេសម៉ាឡេស៊ី ឈ្មោះ ឌីណូ ឈ្មោះ ម៉ី និងឈ្មោះ សែម៉ា។ លោក ជា ស៊ីម បានចុះហត្ថលេខាលើគំរោងនោះ។ ប៉ុន្តែក្រោយមកបានដឹងថា គំរោងនោះគឺជាការជួលជនជាតិម៉ាឡេស៊ី មកសិក្សាគំរោងអភិវឌ្ឍន៍។ តំលៃនៃការសិក្សានោះ គឺចំនួន ១២លានដុល្លារអាមេរិក។ ជនជាតិម៉ាឡេស៊ីនោះ បានសុំឲ្យលោក ជា ស៊ីម សងប្រាក់ចំពោះការសិក្សាគំរោងនោះ៕
